កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង សន្យាស្នើសុំក្របខណ្ឌប៉ូលិសឲ្យកីឡាករទូកកានូ បើឈ្នះមេដាយមាសស៊ីហ្គេមឆ្នាំនេះ
× ក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងនឹងទទួលបានក្របខណ្ឌប៉ូលិស បើអាចដណ្តើមបានមេដាយមាសពីការប្រកួតកីឡាស៊ីហ្គេមនៅហ្វីលីពីនឆ្នាំនេះ។ នេះជាការសន្យារបស់លោក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃ ពេលយកថវិកាលើកទឹកចិត្តប្រគល់ជូនក្រុមកីឡាករទូកកានូ ដែលដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធនៅប្រទេសចិន កាលពីពេលថ្មីៗ។
លោកឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិនៃក្រសួងមហាផ្ទៃនឹងដាក់សំណើរទៅកាន់សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដើម្បីស្នើសុំក្របខណ្ឌប៉ូលិសឲ្យក្រុមកីឡាករទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ សំណើរនេះអាចប្រព្រឹត្តទៅបានក្រោមលក្ខខណ្ឌ លុះត្រាពួកគេដណ្តើមបានមេដាយមាសពីកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំ២០១៩នេះ។
ការសន្យារបស់អគ្គលេខាធិការនៃសហព័ន្ធកីឡាទូកកានូនិងរ៉ូអ៊ីងរូបនេះ ធ្វើឡើងក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត២០លានរៀលដល់ក្រុមកីឡាករទូកកានូ ដណ្តើមបានមេដាយប្រាក់ និងសំរឹទ្ធកម្រិតអាស៊ីនៅប្រទេសចិន កាលពីព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០១៩ នៅទីលានវាយកូនបាល់និងសូហ្វតិន្និសក្នុងពហុកីឡដ្ឋានជាតិ។ ថវិកាលើកទឹកចិត្តទាំងនេះ ជារង្វាន់លើកទឹកចិត្តរបស់សម្តេចឧបនាយរដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ជាមួយការសន្យា លោកជំរុញឲ្យកីឡាករបន្តបង្កើតការហ្វឹកហាត់ក្នុងការពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមការប្រកួតអន្តរជាតិនានា ពិសេសការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ហើយលោកជឿជាក់ថា ក្រុមកីឡាករទូកកានូកម្ពុជា នឹងដណ្តើមបានមេដាយពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣០នៅប្រទេសហ្វីលីពីនឆ្នាំនេះ។
តែយ៉ាងណា លោកគ្មានគម្រោងបញ្ជូនកីឡាករឲ្យទៅហ្វឹកហាត់នៅក្រៅប្រទេស ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមនេះឡើយ។ សម្រាប់លោក ជា ប៊ុនហេង ការហ្វឹកហាត់ក្នុងស្រុកអាចមានសមត្ថភាពល្អជាងការហ្វឹកហាត់នៅក្រៅប្រទេស សម្រាប់វិស័យកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។ ការយល់ឃើញបែបនេះហើយ ទើបលោកគ្មានគម្រោងបញ្ជូនកីឡាករទៅហាត់នៅក្រៅប្រទេស។
សម្រាប់ការប្រកួតទូកនាគខ្នាតអន្តរជាតិលើកទី១៥ The 15th China-ASEAN International Dragon Boat ដែលរៀបចំនៅទីក្រុងណាននីងប្រទេសចិន កម្ពុជាដណ្តើមបានមេដាយប្រាក់១លើវិញ្ញាសា៥០០ម៉ែត្រ និងមេដាយសំរឹទ្ធ១លើវិញ្ញាសា២០០ម៉ែត្រ។ ការប្រកួតកាលពីថ្ងៃទី៧ ខែមិថុនា នោះដែរ កម្ពុជាបានកីឡាករនិងប្រតិភូចំនួន១៦រូប ឲ្យចូលរួម៕
Tag:
ទូកកានូ និងរ៉ូអ៊ីង
ជា ប៊ុនហេង
SEA Games 2019
© រក្សាសិទ្ធិដោយ thmeythmey.com