កីឡាជាតិ
ជាតិ
លោក ជា ប៊ុនហេង សន្យា​ស្នើសុំ​ក្របខណ្ឌ​ប៉ូលិស​ឲ្យ​កីឡាករ​ទូក​កា​នូ បើ​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេម​ឆ្នាំនេះ​
12, Jun 2019 , 10:10 pm        
រូបភាព
ដោយ:
​ក្រុម​កីឡាករ​ទូក​កា​នូ និង​រ៉ូ​អ៊ីង​នឹង​ទទួលបាន​ក្របខណ្ឌ​ប៉ូលិស បើ​អាច​ដណ្តើមបាន​មេដាយមាស​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន​ឆ្នាំនេះ​។ នេះ​ជាការ​សន្យា​របស់លោក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ ពេល​យក​ថវិកា​លើកទឹកចិត្ត​ប្រគល់ជូន​ក្រុម​កីឡាករ​ទូក​កា​នូ ដែល​ដណ្តើមបាន​មេដាយប្រាក់ និង​សំរឹទ្ធ​នៅ​ប្រទេស​ចិន កាលពីពេល​ថ្មីៗ​។​

 
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ជា ប៊ុនហេង ប្រធាន​អង្គភាព​កីឡា​នគរបាលជាតិ​នៃ​ក្រសួងមហាផ្ទៃ​នឹងដាក់​សំណើរ​ទៅកាន់​សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​ស្នើសុំ​ក្របខណ្ឌ​ប៉ូលិស​ឲ្យ​ក្រុម​កីឡាករ​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​។ សំណើរ​នេះ​អាច​ប្រព្រឹត្តទៅបាន​ក្រោម​លក្ខខណ្ឌ លុះត្រា​ពួកគេ​ដណ្តើមបាន​មេដាយមាស​ពី​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំ​២០១៩​នេះ​។​
 
​ការសន្យា​របស់​អគ្គលេខា​ធិ​ការ​នៃ​សហព័ន្ធ​កីឡា​ទូក​កា​នូ​និង​រ៉ូ​អ៊ីង​រូបនេះ ធ្វើឡើង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​២០​លាន​រៀល​ដល់​ក្រុម​កីឡាករ​ទូក​កា​នូ ដណ្តើមបាន​មេដាយប្រាក់ និង​សំរឹទ្ធ​កម្រិត​អាស៊ី​នៅ​ប្រទេស​ចិន កាលពី​ព្រឹក​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១៩ នៅ​ទីលាន​វាយ​កូន​បាល់​និង​សូ​ហ្វ​តិ​ន្និ​ស​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ថវិកា​លើកទឹកចិត្ត​ទាំងនេះ ជា​រង្វាន់​លើកទឹកចិត្ត​របស់​សម្តេច​ឧ​ប​នាយ​រដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។ 


 
​ជាមួយ​ការសន្យា លោក​ជំរុញ​ឲ្យ​កីឡាករ​បន្ត​បង្កើត​ការហ្វឹកហាត់​ក្នុងការ​ពង្រឹង និង​អភិវឌ្ឍន៍​សមត្ថភាព​បន្ថែមទៀត ដើម្បី​ត្រៀម​ការប្រកួត​អន្តរជាតិ​នានា ពិសេស​ការប្រកួត​កីឡា​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ហើយ​លោក​ជឿជាក់ថា ក្រុម​កីឡាករ​ទូក​កា​នូ​កម្ពុជា នឹង​ដណ្តើមបាន​មេដាយ​ពី​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​ឆ្នាំនេះ​។​
 
​តែ​យ៉ាងណា លោក​គ្មាន​គម្រោង​បញ្ជូន​កីឡាករ​ឲ្យ​ទៅ​ហ្វឹកហាត់​នៅក្រៅ​ប្រទេស ដើម្បី​ត្រៀម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នេះឡើយ​។ សម្រាប់​លោក ជា ប៊ុនហេង ការហ្វឹកហាត់​ក្នុងស្រុក​អាចមាន​សមត្ថភាព​ល្អជា​ង​ការហ្វឹកហាត់​នៅក្រៅ​ប្រទេស សម្រាប់​វិស័យ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​។ ការយល់ឃើញ​បែបនេះហើយ ទើប​លោក​គ្មាន​គម្រោង​បញ្ជូន​កីឡាករ​ទៅ​ហាត់​នៅក្រៅ​ប្រទេស​។  
 
​សម្រាប់​ការប្រកួត​ទូក​នាគ​ខ្នាត​អន្តរជាតិ​លើក​ទី​១៥ The 15th China-ASEAN International Dragon Boat ដែល​រៀបចំ​នៅ​ទីក្រុង​ណាន​នី​ង​ប្រទេស​ចិន កម្ពុជា​ដណ្តើមបាន​មេដាយប្រាក់​១​លើ​វិញ្ញាសា​៥០០​ម៉ែត្រ និង​មេដាយ​សំរឹទ្ធ​១​លើ​វិញ្ញាសា​២០០​ម៉ែត្រ​។ ការប្រកួត​កាលពី​ថ្ងៃទី​៧ ខែមិថុនា នោះដែរ កម្ពុជា​បាន​កីឡាករ​និង​ប្រតិភូ​ចំនួន​១៦​រូប ឲ្យ​ចូលរួម​៕  






 

Tag:
 ទូក​កា​នូ និង​រ៉ូ​អ៊ីង​
  ជា ប៊ុនហេង​
  SEA Games 2019
© រក្សាសិទ្ធិដោយ thmeythmey.com