អន្តរជាតិ
អុីរ៉ង់​ប្រាប់​ជប៉ុន​ថា ភាព​តានតឹង​កើតឡើង​ដោយសារ​ទណ្ឌកម្ម​អាមេរិក​
13, Jun 2019 , 9:34 am        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតី ហាសាន់ រូហានី ក្នុងរដ្ឋធានីតេហេរ៉ង់។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ ក្នុងសន្និសីទសារព័ត៌មានជាមួយប្រធានាធិបតី ហាសាន់ រូហានី ក្នុងរដ្ឋធានីតេហេរ៉ង់។ រូបភាព AFP
​ប្រធានាធិបតី​អុីរ៉ង់ ហាសាន រូ​ហា​នី បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ដែល​កំពុង​ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​អុីរ៉ង់​ក្នុង​គោលដៅ​បន្ធូរបន្ថយ​ភាព​តានតឹង​នៅ​តំបន់​ឈូង​សមុទ្រ​។ លោក រូ​ហា​នី លើកឡើង​ពី​មូលហេតុ​នៃ​ភាព​តានតឹង​ក្នុង​តំបន់​ដែល​ដែល​លោក​អះអាងថា មានទណ្ឌ​កម្ម​អាមេរិក​លើ​អុីរ៉ង់​ជាដើម​ចម​។ លោក អា​បេ ដែល​ចង់​ដើរតួ​ជា​អន្តរការី​នោះ បាន​ប្រាប់​ឲ្យ​អុីរ៉ង់​ធ្វើ​សកម្មភាព​ដែល​នាំ​ប្រយោជន៍​ដល់​ស្ថិរភាព​តំបន់​។​

 
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ បាន​ទៅដល់​រដ្ឋធានី​តេ​ហេ​រ៉ង់​នៅ​ថ្ងៃទី​១២ ខែមិថុនា​ក្នុង​ដំណើរ​ទស្សនកិច្ច​បី​ថ្ងៃ​។ លោក អា​បេ ត្រូវបាន​ស្វាគមន៍​ដោយ​លោក ហាសាន់ រូ​ហា​នី ប្រធានាធិបតី​អុីរ៉ង់​ដែល​កំពុង​ប្រឈមមុខ​ជាមួយ​អាមេរិក​។ គោលដៅ​នៃ​ដំណើរ​ទស្ស​កិច្ច​របស់លោក អា​បេ ដែលជា​នាយករដ្ឋមន្ត្រី​ទីមួយ​ធ្វើ​ទស្សនកិច្ច​នៅ​អុីរ៉ង់​ក្នុងពេល​៤១​ឆ្នាំ គឺ​ការសម្របសម្រួល​បញ្ហា​តានតឹង​រវាង​អាមេរិក និង​អុីរ៉ង់ ដែល​ធ្វើ​ឲ្យ​មាន​គេឯង​បារម្ភ​យ៉ាងខ្លាំង​នោះ​។​
 
​ក្នុង​ស​ន្និសិទ​សារព័ត៌មាន​រួមគ្នា លោក អា​បេ និយាយថា ជប៉ុន​មានបំណង​ដើរតួនាទី​ឲ្យ​បានល្អ​បំផុត​តាម​សមត្ថភាព​របស់ខ្លួន​ក្នុងការ​បន្ធូរបន្ថយ​ភាព​តានតឹង ដែល​នេះ​ក៏​ជា​គោលដៅ​មួយគត់​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ផងដែរ​។ លោក អា​បេ បានបង្ហាញ​ក្ដីបារម្ភ​ចំពោះ​សភាពការណ៍​ដែល​កើតឡើង​នៅ​តំបន់​ឈូង​សមុទ្រ និង​ថា ភាព​តានតឹង​កើនឡើង​រាល់ថ្ងៃ ហើយ​ជម្លោះ​ទ្រង់ទ្រាយ​ធំ​ងាយស្រួល​កើតឡើង​ណាស់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
«​ជម្លោះ​ប្រដាប់អាវុធ​ទាំងអស់ ត្រូវតែ​បញ្ចៀស​ឲ្យ​បាន​ដាច់ខាត ទោះ​ប្រើ​គ្រប់​មធ្យោបាយ​ក្ដី​។​» នេះ​ជាការ​បញ្ជាក់​របស់​មេដឹកនាំ​ជប៉ុន​ទៅកាន់​ប្រធានាធិបតី​អុីរ៉ង់ ហើយ​បន្តថា អុីរ៉ង់​ផ្ទាល់​ក៏មាន​តួនាទី​សំខាន់​ក្នុងការ​បង្កើត​សន្តិភាព និង​ស្ថិរ​ភាពរឹងមាំ​នៅក្នុង​តំបន់​មជ្ឈិមបូព៌ា​ផងដែរ​។​
 
​លោក រូ​ហា​នី វិញ បាន​ប្រា​ប់លោក អា​បេ ថា ការផ្លាស់ប្ដូរ​ជា​វិជ្ជមាន​នៅ​មជ្ឈិមបូព៌ា និង​ពិភពលោក នឹង​កើតឡើង ប្រសិនបើ​អាមេរិក​បញ្ឈប់​សម្ពាធ​សេដ្ឋកិច្ច​តាមរយៈ​ទណ្ឌកម្ម​របស់ខ្លួន​លើ​អុីរ៉ង់​នោះ​។ ប្រធានាធិបតី​អុីរ៉ង់ បាន​ទម្លាក់កំហុស​នៃ​ការកើតឡើង​ការប្រឈមមុខ​ដូច​សព្វថ្ងៃ​ទៅលើ​ទីក្រុង​វ៉ាស៊ីនតោន ដោយ​ថា ប្រសិនបើ​ភាព​តានតឹង ឬ​សគ​ល់វា​កើតឡើង​ដោយសារ​ទណ្ឌកម្ម​អាមេរិក​មួយ​មុខ​គត់ ហើយ​អាមេរិក​បញ្ឈប់​សកម្មភាព​ខ្លួន រឿង​ល្អ​នឹង​កើត​តាម​ក្រោយ​ដែរ​។​
 
​ជប៉ុន​ដែលជា​សម្ព័ន្ធ​ចាក់ទឹកមិនលិច​របស់​អាមេរិក មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ល្អប្រសើរ​ជាមួយ​អ៊ីរ៉ង់​ដែលជា​សត្រូវ​សួ​ពូជ​របស់​អាមេរិក​។ ប៉ុន្តែ​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ បាន​ប្រែប្រួល​ខ្លាំង​តាំងពី​ខែឧសភា​មក ពេលដែល​ក្រុង​តូ​ក្យូ​ឈប់​នាំចូល​ប្រេង​ពី​អុីរ៉ង់​ដើម្បី​គេច​ពី​ទណ្ឌកម្ម​អាមេរិក​។ មហាអំណាច​អាសុីមួយ​នេះ នៅតែ​សម្លឹង​ឃើញ​ការរកស៊ី​វិស័យ​ថាមពល​ជាមួយ​អុីរ៉ង់​ដើម្បី​ធានា​ការផ្គត់ផ្គង់​ថាមពល​សម្រាប់​សេដ្ឋកិច្ច​របស់ខ្លួន​៕   

Tag:
 អុីរ៉ង់​
  ជប៉ុន​
  អាមេរិក​
  ហាសាន់ រូ​ហា​នី​
  ស៊ិន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com