Microsoft លើកទឹកចិត្ត​ឲ្យ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា បង្កើត​កន្លែង​ការងារ​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អនាគត
អត្ថបទពាណិជ្ជកម្ម
Microsoft លើកទឹកចិត្ត​ឲ្យ​អាជីវកម្ម​ខ្នាតតូច និង​មធ្យម​នៅ​កម្ពុជា បង្កើត​កន្លែង​ការងារ​ដ៏​មាន​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អនាគត
13, Jun 2019 , 11:55 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ៖ ក្រុមហ៊ុន Microsoft បានរៀបចំ​សិក្ខាសាលា​មួយ ស្តីពី​កន្លែង​ការងារ​ដែលមាន​ការការពា​រ​ទៅ​ថ្ងៃ​អនាគត ដោយ​ផ្តោត​ជាពិសេស​ទៅលើ​សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ព្រឹត្តិការណ៍​នេះ មាន​ឈ្មោះថា «​តើ​អ្នកមាន​សុវត្ថិភាព និង​ត្រៀម​សម្រាប់​អនាគត​ហើយ ឬ​នៅ​?» ត្រូវបាន​រៀបចំឡើង​នៅឯ​សណ្ឋាគារ​សូ​ហ្វី​តែ​ល ភូ​កេ​ត្រា ភ្នំពេញ កាលពី​ថ្ងៃ​ពុធ​ទី​១២ មិថុនា​។ ក្នុងនោះ​អតិថិជន​ច្រើនជាង​១០០​នាក់ បាន​ចូលរួម​ក្នុង​សិក្ខាសាលា​នេះ ដើម្បី​យល់ដឹង​ពី​វិធីសាស្ត្រ​បែប​ច្នៃប្រឌិត​ថ្មី និង​ប្រើប្រាស់​សេវា​ផ្ទុក​ទិន្នន័យ (Cloud) ក្នុងការ​បង្កើត​ការជឿជាក់ ,​ការច្នៃប្រឌិត​ថ្មី រួមទាំង​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ និង​សន្តិសុខ នៅ​កន្លែងធ្វើការ​របស់​អាជីវ​កម្ម​ខ្នាតតូច និង​មធ្យម​។ 
 
​អំឡុងពេល​នៃ​សិក្ខាសាលា​នេះ អ្នកចូលរួម​ទាំងអស់​មានឱកាស​ស្តាប់​ការធ្វើ​បទ​បង្ហាញ​លើ​ប្រធានបទ​ផ្សេងៗ​គ្នា​ជាច្រើន ដូចជា សារសំខាន់​នៃ​បច្ចេកវិទ្យា​ឌីជីថល​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យម ,​សុវត្ថិភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber) និង​សារសំខាន់​នៃ​ការប្រើប្រាស់​សេវា​ផ្ទុក​ទិន្នន័យ​ដ៏​គួរ​ឲ្យ​ទុកចិត្ត​, កម្មវិធី​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រព័ន្ធ​សូ​ហ្វ​វ៉ែ (Software Assets Management) និង​ការវិភាគ​ទៅលើ​សន្តិសុខ​ប្រព័ន្ធ​អ៊ីនធឺណិត (Cyber Security Assessment)​។ 


 
​អាជីវកម្ម​ខ្នាតតូច និង​មធ្យម នៅ​ប្រទេស​កម្ពុជា គឺជា​ឆ្អឹងខ្នង​របស់​សេដ្ឋកិច្ច​ក្នុងស្រុក និង​បង្កើត​ឲ្យ​មានការ​អភិវឌ្ឍ​ប្រទេស​ឆ្ពោះទៅមុខ​។ ជាមួយនឹង​បច្ចេកវិទ្យា​ជឿនលឿន​ឥតឈប់ឈរ​នេះ អាជីវកម្ម​ជាច្រើន​នៅ​កម្ពុជា កំពុងតែ​ត្រូវការ​ចាំបាច់​ទៅលើ​ដំណោះស្រាយ​លើ​ប្រព័ន្ធ​ឌីជីថល ប្រកបដោយ​សុវត្ថិភាព និង​ឆ្លាត​វៃ​។ គោលបំណង​នៃ​សិក្ខាសាលា​នេះ គឺ​ចែករំលែក​នូវ​ចំណេះដឹង​ព័ត៌មាន និង​ភាពជោគជ័យ​ពី​ក្នុង​តំបន់ និង​ពិភពលោក ទៅកាន់​ម្ចាស់​អាជីវកម្ម​នៅ​កម្ពុជា ដែល​វា​ជា​ជំនួយ​ដ៏​ធំ​សម្រាប់ធ្វើ​ផែនការ និង​ប្រតិបត្តិ​យុទ្ធសាស្ត្រ​នៃ​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​។ 


 
​អ្នកស្រី Shalini Ratwatte ប្រធាន​ផ្នែក​សាជីវកម្ម​ការងារ​ខាងក្រៅ និង​ការងារ​ផ្នែក​ច្បាប់​លើ​ទីផ្សារ​ថ្មី​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​របស់ Microsoft មានប្រសាសន៍ថា​៖ «​ទិន្នន័យ​គឺជា​មាសប្រាក់​។ ការលើកឡើង​បែបនេះ បង្ហាញ​ពី​សារសំខាន់​នៃ​សុវត្ថិភាព​ប្រព័ន្ធ​អ៊ីនធឺណិត និង​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ (Cloud) ដែល​ជឿ​ទុកចិត្តបាន​។ Microsoft បាន​បង្កើត​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់ខ្លួន ដោយ​ឈរលើ​គោលការណ៍​ជា​មូលដ្ឋានចំនួន​៤ រួមមាន សុវត្ថិភាព ឯកជន​ភាព អនុលោមភាព និង​តម្លាភាព​។ ជា​រៀងរាល់ថ្ងៃ អ្នក​អាជីព​ផ្នែក​សុវត្ថិភាព​របស់​ក្រុមហ៊ុន Microsoft ចំនួន ៣ ,៥០០​នាក់ កំពុង​ការពារ​ទិន្នន័យ​របស់​អតិថិជន​យើង​។ យើង​បាន​ប្រើប្រាស់​កម្មវិធី​សិប្បនិម្មិត​ឆ្លាត​វៃ (Artifical Intelligence) ដើម្បី​វិភាគ​លើ​សញ្ញា​ទូទាំង​ពិភពលោក​ចំនួន​៦,៥០០​លាន​សញ្ញា ដើម្បី​ការពារ និង​ឆ្លើយតប​ទៅនឹង​ការ​គំរាម ឬ​មេរោគ​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ យើង​បន្តធ្វើ​ការវិនិយោគ​ក្នុង​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​ប្រព័ន្ធ​សុវត្ថិភាព ការស្រាវជ្រាវ និង​ការអភិវឌ្ឍ ដើម្បី​ជួយ​ឲ្យ​អតិថិជន​របស់​យើង​មាន​ហេដ្ឋារចនាសម្ព័ន្ធ ផ្លាត​ហ្វ​ម (platform) និង​សេវា​ផ្ទុក​ទិន្នន័យ ដ៏​មាន​សុវត្ថិភាព​បំផុត ដោយ​គ្មាន​ភាពរអាក់រអួល និង​ការ​កាត់ផ្តាច់​ណាមួយ​។ នេះ​គឺជា​ការប្តេជ្ញាចិត្ត​របស់​យើង​ចំពោះ​អតិថិជន​របស់​យើង​។ (https://www.microsoft.com/en-us/security/),  


 
​ក្នុងការ​ធ្វើ​បទ​បង្ហាញ​របស់​អ្នកស្រី Ratwatte បាន​ពន្យល់ និង​បាន​បកស្រាយ​ឲ្យ​កាន់តែច្បាស់​បន្ថែមទៀត​ទៅ​លើ​កង្វល់​ផ្សេងៗ ជុំវិញ​គោលនយោបាយ​នៃ​ប្រព័ន្ធ​កុំព្យូទ័រ​ផ្ទុក​ទិន្នន័យ ទិន្នន័យ​ឯកជន សន្តិសុខ និង​អធិបតេយ្យភាព ការអនុលោម និង​បញ្ហា​ផ្សេងៗ​ជាច្រើន​ទៀត​។
 
​លោក Chinthaka Dunuwille អ្នកគ្រប់គ្រង​ផ្នែក​ទ្រព្យសម្បត្តិ​សូ​ហ្វ​វ៉ែ សម្រាប់​ទីផ្សារ​ថ្មី​នៅ​អាស៊ីអាគ្នេយ៍​របស់​ក្រុមហ៊ុន Microsoft បាន​ឲ្យ​ដឹងថា​៖ «​ប្រសិនបើ​គ្មាន​គោលនយោបាយ​សមរម្យ​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (IT) នៅ​កន្លែង​ការងារ​ទេនោះ និយោជិត អាច​នឹង​ទាញយក​កម្មវិធី​សូ​ហ្វ​វ៉ែ​មិនមាន​អាជ្ញា​បណ្ណដោយ​មិនដឹងថា មានភ្ជាប់​ជាមួយនឹង​សូ​ហ្វ​វ៉ែ​មេរោគ​ផ្សេងៗ​ជាច្រើន ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សុវត្ថិភាព​ក្រុមហ៊ុន​ទាំងមូល​»​។ 


 
​លោក​ក៏បាន​លើកឡើង​ពី​បញ្ហា​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត (Cybercrime) និង​វិធីសាស្ត្រ​ដែល​ក្រុមហ៊ុន Microsoft អាចជួយ​ឲ្យ​ក្រុមហ៊ុន​នានា មាន​សុវត្ថិភាព​និង​គេច​ផុតពី​បញ្ហា​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​អ៊ីនធឺណិត​ផងដែរ​។ 
 
​វាគ្មិន​ទាំង​២​របស់​ក្រុមហ៊ុន Microsoft ក៏បានផ្តល់​ចំណេះដឹង​ដល់​សិក្ខាកាម​ទាំងអស់ ទាក់ទង​នឹង​អន្តរ​កម្ម​របស់​ប្រព័ន្ធ​សុវត្ថិភាព​នៃ​កម្មវិធី​ផ្ទុក​ទិន្នន័យ​របស់ Microsoft (Microsoft Cloud App Security) ផងដែរ​។ ការផ្តល់​ដំណោះស្រាយ​តាមរយៈ​កម្មវិធី​ដំណើរការ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដោយ​សុវត្ថិភាព (Cloud Access Security Broker ឬ CASB) នឹង​ជួយ​ឲ្យ​អ្នកប្រើប្រាស់​មើលឃើញ​ច្បាស់​ពី​សេវា និង​កម្មវិធី​ផ្សេងៗ​លើ​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​របស់ខ្លួន ក៏ដូចជា​ផ្តល់នូវ​ការវិភាគ​លើ​បញ្ហា​ផ្សេងៗ ដើម្បី​កំណត់ និង​ប្រឆាំង​មេរោគ​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ អ្នកចូលរួម​ក្នុង​សិក្ខាសាលា​ទាំងអស់ ក៏បាន​រៀន​អំពី​កម្មវិធី​សុវត្ថិភាព Microsoft 365 Security និង​សមត្ថភាព​ដែល​កម្មវិធី​នេះ អាច​ពង្រីក​ការពារ​ទៅលើ​ឯកសារ​ផ្សេងៗ ដោយមាន​មូលដ្ឋាន​ផ្តោតលើ​សុវត្ថិ​ជាពិសេស ដែល​ត្រូវបាន​បញ្ចូល​ក្នុង​ឯកសារ​នោះ​។ 


 
​ជាមួយនឹង​លទ្ធភាព​គ្មាន​ដែន​កំណត់ ដែល​ការផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល អាច​ផ្តល់​ឲ្យ​កម្ពុជា​នោះ ក្រុមហ៊ុន Microsoft មានការ​ប្តេជ្ញាចិត្ត​ជួយ​ដល់​សហគ្រាស​នានា បង្កើនល្បឿន​លើ​ដំណើរ​ផ្លាស់ប្តូរ​ប្រព័ន្ធ​ឌីជីថល​របស់ខ្លួន​។ ក្រុមហ៊ុន​នេះ កំពុង​លើកទឹកចិត្ត​ឲ្យ​សហគ្រាស​នានា​នៅ​កម្ពុជា បង្កើនល្បឿន​លើ​ការពង្រីក​វិសាលភាព​ដល់​អតិថិជនរ​បស់​ខ្លួន ជាមួយនឹង​បញ្ចុះតម្លៃ​៥០% លើ​កម្មវិធី​ផ្ទុក​ទិន្នន័យ Office 365 Business Essentials និង​២០% លើ​កម្មវិធី Office 365 Business Premium​។ ដើម្បី​ស្វែងរក​ព័ត៌មាន​បន្ថែម​អំពី​សេវា​ផ្ទុក​ទិន្នន័យ ឧបករណ៍​ផ្សេងៗ និង​កញ្ចប់​កម្មវិធី​អភិវឌ្ឍ​ប្រព័ន្ធ​សូ​ហ្វ​វ៉ែ ក្នុង​ប្រព័ន្ធ Azure សូម​ចូលទៅ​កាន់ https://microsoft.com/learn


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម