ខ្សែប្រយុទ្ធឆ្នើម Lionel Messi បានឡើងទៅជំនួសកៅអីស្តេចប្រដាល់អាមេរិក Floyd Mayweather ក្នុងនាមអត្តពលិករកចំណូលបានច្រើនជាងគេលើលោកក្នុងចំនួន១២៧លានដុល្លារអាមេរិក គិតត្រឹមរយៈពេល១២ខែចុងក្រោយ ដែលតាមពីក្រោយដោយគូប្រជែង Cristiano Ronaldo និង Neymar។ នេះបើតាមការចុះផ្សាយរបស់ទស្សនាវដ្តីសេដ្ឋកិច្ចដ៏ល្បីល្បាញរបស់អាមេរិក Forbes ដែលបង្ហាញបញ្ជីឈ្មោះអត្តពលិកដែលរកចំណូលបានច្រើនជាងគេបំផុតលើពិភពលោកចំនួន១០០នាក់សម្រាប់ឆ្នាំ២០១៩។
Ronaldo ខ្សែប្រយុទ្ធឆ្នើមរបស់ Juventus ដែលឈរចំណាត់ថ្នាក់ទី២រកចំណូលបាន ១០៩លានដុល្លារអាមេរិក ខណៈលេខ៣ Neymar សមាជិកក្រុម Paris St-Germain រកបាន១០៥លានដុល្លារអាមេរិក។
ដោយឡែកកំពូលអ្នកប្រដាល់មិនស្គាល់ចាញ់ Floyd ដែលរកចំណូលច្រើនលើសគេកាលពីឆ្នាំមុន (២៨៥លានដុល្លារ) មិនស្ថិតក្នុងបញ្ជីសម្រាប់ឆ្នាំនេះឡើយ។ ផ្ទុយទៅវិញអ្នកប្រដាល់ម៉ិកស៊ី Canelo Alvarez ឡើងទៅកាន់លំដាប់លេខ៤ក្នុងតារាងដោយរកចំណូលបាន៩៤លានដុល្លារ ហើយអ្នកប្រដាល់ទម្ងន់ធ្ងន់អង់គ្លេស Anthony Joshua រកចំណូលបាន៥៥លានដុល្លារឈរនៅលេខរៀងទី១៣។
កីឡាករវាយកូនបាល់ Roger Federer ឈរលេខរៀងទី៥ រកចំណូលបាន៩៣.៤លានដុល្លារ ខណៈ Russell Wilson (កីឡាករបាល់ទាត់អាមេរិក), Aaron Rodgers (កីឡាករបាល់ទាត់អាមេរិក), LeBron James (បាល់បោះ), Stephen Curry (បាល់បោះ) និង Kevin Durant (បាល់បោះ) ឈរនៅលំដាប់ Top 10។
កីឡាការិនីវាយកូនបាល់ Serena Williams ជាអត្តពលិកស្ត្រីតែមួយរូបប៉ុណ្ណោះដែលមានឈ្មោះក្នុងចំណោម១០០នាក់ ក្នុងនោះនាងស្ថិតនៅចំណាត់ថ្នាក់ទី៦៣ ដែលរកចំណូលបាន២៩.២លានដុល្លារ។
អត្តពលិកទាំង១០០នាក់ ដែលមកពី២៥ប្រទេសផ្សេងគ្នា មានចំណូលសរុបចំនួន៤ពាន់លានដុល្លារអាមេរិក កើន៥ភាគរយកាលពីឆ្នាំ២០១៨។ អត្តពលិកអាមេរិកមានចំនួនច្រើនជាងគេរហូតដល់៦២នាក់ រីឯបារាំងនិងអេស្ប៉ាញ៥នាក់ ហើយប្រេស៊ីល កាណាដា អាល្លឺម៉ង់ ស៊ែប៊ី វេណេស៊ុយអេឡា និងសាធារណរដ្ឋដូមីនីកមានចំនួន២រូបដូចគ្នា។
សម្រាប់ឆ្នាំ២០១៩នេះ ក្នុងចំណោមអត្តពលិកទាំង១០០ កីឡាករបាល់ទាត់បានបង្ហាញភាពលេចធ្លោខ្លាំងដោយឈរកំពូលតារាងទាំង៣រូបតែម្តងក្នុងនាមអត្តពលិករកចំណូលខ្ពស់បំផុត (Messi, Ronaldo និង Neymar) ខណៈកីឡាបាល់បោះមានចំនួនច្រើនជាងគេដល់ទៅ៣៥រូប កីឡាបាល់ទាត់អាមេរិកចំនួន១៩រូប កីឡាបេស្បល១៥នាក់ និងកីឡាបាល់ទាត់ ១២រូប។
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករ២០នាក់
ក្នុងចំណោម១០០ ដែលមានចំណូលច្រើនជាងគេ៖
១. Lionel Messi (បាល់ទាត់)៖ ១២៧ លានដុល្លារអាមេរិក
២. Cristiano Ronaldo (បាល់ទាត់)៖ ១០៩ លានដុល្លារអាមេរិក
៣. Neymar (បាល់ទាត់)៖ ១០៥ លានដុល្លារអាមេរិក
៤. Canelo Alvarez (ប្រដាល់)៖ ៩៤ លានដុល្លារអាមេរិក
៥. Roger Federer (វាយកូនបាល់)៖ ៩៣.៤ លានដុល្លារអាមេរិក
៦. Russell Wilson (បាល់ទាត់អាមេរិក)៖ ៨៩,៥ លានដុល្លារអាមេរិក
៧. Aaron Rodgers (បាល់ទាត់អាមេរិក)៖ ៧៩,៣ លានដុល្លារអាមេរិក
៨. LeBron James (បាល់បោះ)៖ ៨៩ លានដុល្លារអាមេរិក
៩. Stephen Curry (បាល់បោះ)៖ ៧៩,៨ លានដុល្លារអាមេរិក
១០. Kevin Durant (បាល់បោះ)៖ ៦៥,៤ លានដុល្លារអាមេរិក
១១. Tiger Woods (វាយកូនគោល)៖ ៦៣,៩ លានដុល្លារអាមេរិក
១២. Ben Roethlisberger (បាល់ទាត់អាមេរិក)៖ ៥៥.៥ លានដុល្លារអាមេរិក
១៣. Lewis Hamilton (ប្រណាំងរថយន្ត F1)៖ ៥៥ លានដុល្លារអាមេរិក
១៣. Anthony Joshua (ប្រដាល់)៖ ៥៥ លានដុល្លារអាមេរិក
១៥. Khalil Mack (បាល់ទាត់អាមេរិក)៖ ៥៥ លានដុល្លារអាមេរិក
១៦. Russell Westbrook (បាល់បោះ)៖ ៥៣,៧ លានដុល្លារអាមេរិក
១៧. Novak Djokovic (វាយកូនបាល់)៖ ៥០,៦ លានដុល្លារអាមេរិក
១៧. Mike Trout (បេស្បល)៖ ៥០,៦ លានដុល្លារអាមេរិក
១៩. Phil Mickelson (វាយកូនគោល)៖ ៤៨,៤ លានដុល្លារអាមេរិក
២០. James Harden (បាល់បោះ)៖ ៤៧,៧ លានដុល្លារអាមេរិក៕