អន្តរជាតិ
លោក ត្រាំ ថា អាច​ទទួល​ព័ត៌មាន​ពី​បរទេស​ទាក់ទង​គូប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០
13, Jun 2019 , 7:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​១២ ខែមិថុនា និយាយថា លោក​អាច​ទទួលយក​ព័ត៌មាន​ទាក់ទង​គូប្រជែង​ក្នុងការ​បោះឆ្នោត​ឆ្នាំ​២០២០ ពី​ប្រទេស​ផ្សេង ប្រសិនបើ​មាន​។ លោក ត្រាំ ថា ការទទួល​ព័ត៌មាន​មិនល្អ​របស់​គូភាគី​ម្ខាង​ទៀត​នេះ មិន​ដល់​ថ្នាក់​ក្លាយទៅជា​ការជ្រៀតជ្រែក​ការបោះឆ្នោត​អ្វី​ឡើយ​។ លោក ត្រាំ និយាយ​បែបនេះ ស្រប​ពេលដែល​សំណុំរឿង​រុស្ស៊ី​លូកលាន់​ការបោះឆ្នោត​ឆ្នាំ​២០១៦ ហើយ​ជួយ​លោក​ឲ្យ​ក្លាយជា​ប្រធានាធិបតី មិនទាន់​ចប់​ផង​នោះ​។   

 
​លោក ដូ​ណា​ល់ ត្រាំ ហាក់​មិន​ញឹន​នឹង​ការស៊ើបអង្កេត​ករណី​រុស្ស៊ី​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​សោះ​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក ABC News លោក​ប្រធានាធិបតី ត្រាំ បង្ហាញ​ជំហរ​ទទួលយក​ព័ត៌មាន​ទាំងឡាយ​របស់​គូបដិបក្ខ​សម្រាប់​ការបោះឆ្នោត​ឆ្នាំ​២០២០ ប្រសិនបើ​មាន​ប្រទេស​ណា​ឲ្យ​លោក​។ 
 
«​ខ្ញុំ​គិតថា អ្នក​ចង់​ស្ដាប់​។ វា​មិន​ទាស់ខុស​ឡើយ​បើ​គ្រាន់តែ​ស្ដាប់​នោះ​។​» នេះ​ជា​ចម្លើយ​របស់លោក ត្រាំ ទៅនឹង​សំណួរ​ថា លោក​នឹងធ្វើ​បែបណា បើ​ប្រទេស​ណាខ្លះ​ដូចជា​រុស្ស៊ី ឬ​ចិន​ប្រគល់​ព័ត៌មាន​ពី​គូប្រជែង​ឲ្យ​លោក​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ត្រាំ និយាយ​ការពារ​ខ្លួន​ថា ការធ្វើ​បែប​នោះ មិនអាច​ក្លាយទៅជា​ការ​កកូរកកាយ​កិច្ចការ​បោះឆ្នោត​អាមេរិក ដ្បិត​ប្រទេស​ទាំងនោះ​មាន​ព័ត៌មាន ហើយ​លោក​អាច​ទទួលបាន​ផងដែរ​។ 
 
​ទោះជា​យ៉ាងណា លោក ត្រាំ មិនមែន​ទទួលយក​រាល់​ព័ត៌មាន​ទាំងអស់​ឡើយ​។ លោក ប្រាប់ ABC News ថា ប្រសិនបើ​លោក​គិតថា មាន​បញ្ហា​អ្វី​នោះ លោក​អាច​ទៅរក​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ (FBI) ឲ្យ​ជួយ​រក​វាយតម្លៃ​។​
 
​បើសិន​សម្ដី​ក្លាយជា​ការពិត រឿងរ៉ាវ​ស្មុគស្មាញ​នឹង​ចោមរោម​លោក ត្រាំ ទៀត​មិន​ខាន​។ ទំនាក់ទំនង​រវាង​ក្រុម​យុទ្ធនាការ​របសលោក​ជាមួយ​ភ្នាក់ងារ​រុស្ស៊ី​ក្នុង​ឆ្នាំ​២០១៦ នាំ​ឲ្យ​មានការ​ស៊ើបអង្កេត​រប​ស់ FBI លើ​ទំនាក់ទំនង​នេះ​។ បញ្ហា​នេះ ប្រៀបបាន​ស្រមោល​អន្ទោលតាមប្រាណ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​នៃ​អាណត្តិ​ប្រធានាធិបតី​របស់លោក ត្រាំ ។ តាមរយៈ​សម្ដី​ខាងលើនេះ មេដឹកនាំ​អាមេរិក​រូបនេះ​ទំនង​បានន័យថា ការទទួល​ជំនួយ​ពី​បរទេស មិនមែនជា​រឿង​ខុសឆ្គង​អ្វី​ទេ​។​
 
​ភ្លាម​ក្រោយ​ការលើកឡើង​របស់លោក ត្រាំ ការទាមទារ​ឲ្យ​មានការ​ដកតំណែង​ប្រធានាធិបតី ក៏​លាន់​សូរ​ម្ដងទៀត​។ បេក្ខជន​ប្រធានាធិបតី​មកពី​ប្រជាធិបតេយ្យ Elizabeth Warren ដែល​មិនត្រូវ​គ្នា​ជាមួយ​លោក ត្រាំ តាំងពីដើម​មក បានទាមទារ​ជាថ្មី​ឲ្យ​ចាប់ផ្ដើម​នីតិវិធី​ដកតំណែង​នេះ​។ លោកស្រី​សរសេរ​លើ Twitter ថា របាយការណ៍​រដ្ឋអាជ្ញា​ពិសេស Robert Mueller បង្ហាញ​ច្បាស់​ពី​ការជ្រៀតជ្រែក​របស់​បរ​ទេស​ចូល​ការបោះឆ្នោត​អាមេរិក ហើយ​ជួយ​លោក ត្រាំ ឲ្យ​ឈ្នះ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ៕
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com