អន្តរជាតិ
លោក ឌូ​ទើ​តេ សោកស្តាយ​ចំពោះ​ការចូល​ប្រជែង​តំណែង​ប្រធានាធិបតី​
13, Jun 2019 , 8:39 pm        
រូបភាព
លោក រ៉ូឌ្រីហ្កោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន (ប្រភពរូប៖​ AFP)
លោក រ៉ូឌ្រីហ្កោ ឌូទើតេ ប្រធានាធិបតីហ្វីលីពីន (ប្រភពរូប៖​ AFP)
ដោយ:
៣​ឆ្នាំក្រោយ​ចូលកាន់​តំណែង​ជា​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូ​ឌ្រី​ហ្កោ ឌូ​ទើ​តេ នៅ​ថ្ងៃទី​១២ មិថុនា បាន​សារភាពថា លោក​សោកស្តាយ​ជាខ្លាំង​ចំពោះ​ការសម្រេចចិត្ត​របស់លោកក្នុង​ការចូល​ប្រកួតប្រជែង​សម្រាប់​តំណែង​កំពូល​នេះ ។ លើសពីនេះ មេដឹកនាំ​រូបនេះ ក៏បាន​ព្រមាន​កូនស្រី​របស់លោក គឺ​លោកស្រី Sara Duterte-Carpio ដែលជា​អភិបាលក្រុង Davao ពី​ការចូលរួម​ក្នុងការ​ប្រណាំងប្រជែង​យក​តំណែង​ប្រធានាធិបតី​ថែម​ទៀតផង​។

 
 
​ថ្លែង​នៅមុខ​មន្ត្រី​រដ្ឋាភិបាល​ជាច្រើន ក្នុង​កម្មវិធី​មួយនា​ទីក្រុង Cagayan De Oro នៃ​ប្រទេស​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូ​ទើ​តេ លើកឡើងថា លោក​បាត់បង់​ចំណាប់អារម្មណ៍​លើ​ការងារ​របស់លោក ហើយ​លោក​ក៏បាន​ប្រាប់​កូនស្រី​របស់លោក​កុំ​ឲ្យ​ចូល​ប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​នេះ​។ ត្រង់ចំណុច​នេះ មេដឹកនាំ​រូបនេះ ព្រមាន​ថា រូបនាង នឹងមិន​ទទួល​ការគោរព​ពី​ក្រុម​អ្នក​រិះគន់​។​
 
«​ខ្ញុំ​បាត់បង់​កម្លាំងចិត្ត​ក្នុងការ​ធ្វើការ​។ ខ្ញុំ​ពិតជា​ស្តាយក្រោយ​ខ្លាំង​បំផុត​។ ខ្ញុំ សោកស្តាយ​ចំពោះ​ការសម្រេចចិត្ត​របស់ខ្ញុំ ក្នុង​ការចូល​ប្រកួតប្រជែង​សម្រាប់​តំណែង​ប្រធានាធិបតី​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឌូ​ទើ​តេ ដោយ​បន្ថែមថា នេះ​គឺជា​ហេតុផល​ដែល​មនុស្ស​ជាច្រើន​ស្ទាក់​ស្ទើរនឹង​ចូល​ប្រជែង​សម្រាប់​តំណែង​កំពូល​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Philippine Star លោក​ប្រធានាធិបតី​វ័យ ៧៤​ឆ្នាំ​រូបនេះ លើកឡើងថា អំពើពុករលួយ​ជា​ប្រព័ន្ធ​ក្នុង​ក្របខណ្ឌ​រដ្ឋាភិបាល ធ្វើ​ឲ្យ​លោក​មិន​សប្បាយចិត្ត​។ 
 
​ការលើកឡើង​របស់លោក ឌូ​ទើ​តេ បែបនេះ ធ្វើឡើង​ក្រោយពី លោក បាន​បណ្តេញ​សមាជិក​ជាន់ខ្ពស់​ទាំងអស់​នៃ​អង្គការក្រៅរដ្ឋាភិបាល​មួយ​ឈ្មោះថា Nayong Pilipino Foundation ដែល​ពាក់ព័ន្ធ​នឹង​រឿងអាស្រូវ​ពុករលួយ កាលពី​សីហា ឆ្នាំ​២០១៨​។ កាលនោះ អាជ្ញាធរ​ហ្វីលីពីន បាន​រកឃើញថា អង្គ​ការដែល​សហការ​ជាមួយ​រដ្ឋាភិបាល​ហ្វីលីពីន​នេះ បាន​បង្កើត​កិច្ចព្រមព្រៀង​មិន​ប្រក្រតី​មួយ​ជាមួយ ក្រុមហ៊ុន​ល្បែងស៊ីសង​មួយ​ឈ្មោះថា Landing Resorts Philippines Development Corporation ដែល​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ហ្វីលីពីន​ខាតបង់​ប្រាក់​អស់​ប្រមាណ​ជាង ៤៨១​លាន​ដុល្លារ​៕

Tag:
 ហ្វីលីពីន​
  ឌូ​ទើ​តេ
© រក្សាសិទ្ធិដោយ thmeythmey.com