មុន​ជួប​លោក ត្រាំ នៅ​ចុងខែ​មិថុនា​, លោក មូ​ន សង្ឃឹម​បាន​ជួប​លោក គីម សិន​
អន្តរជាតិ
មុន​ជួប​លោក ត្រាំ នៅ​ចុងខែ​មិថុនា​, លោក មូ​ន សង្ឃឹម​បាន​ជួប​លោក គីម សិន​
13, Jun 2019 , 3:54 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​១២ ខែមិថុនា បង្ហាញ​ក្ដីសង្ឃឹម​ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ឲ្យ​បាន​មុន​ដំណើរ​ទស្សនកិច្ច​ប្រធានាធិបតី​អាមេរិក​នៅ​កូរ៉េខាងត្បូង សំដៅ​រក្សា​បរិយាកាស​នៅ​ឧបទ្វីប​ឲ្យ​ល្អប្រសើរ ខណៈ​ការខ្វែងគំនិត​គ្នា​រវាង​អាមេរិក និង​កូរ៉េខាងជើង ធ្វើ​ឲ្យ​មាន​ភាព​តានតឹង​ខ្លះៗ​វិញ​។ ពី​ទឹកដី​ន័​រ​វ៉េ​ស លោក មូ​ន ក៏​លើកឡើង​ភាពចាំបាច់​ដែល​អាមេរិក និង​កូរ៉េខាងជើង​ត្រូវ​ចាប់ផ្ដើម​ការចរចា​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​ដែល​រាំងស្ទះ​។​

 
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នឹងធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​កូរ៉េខាងត្បូង​នៅ​ចុងខែ​មិថុនា​មុខ​អំឡុងពេល​ធ្វើដំណើរ​មក​កាន់​តំបន់​អាស៊ី​ដើម្បី​ចូលរួម​មេដឹកនាំ​ប្រទេស​រីកចម្រើន​ទាំង​២០ (G20) នៅ​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន​។ តាម​គម្រោង លោក ត្រាំ ចូលរួម​កិច្ចប្រជុំ​ជប៉ុន​ពីរ​ថ្ងៃ​២៨ ខែមិថុនា​។ ប៉ុន្តែ​គម្រោង​ទស្សនកិច្ច​នៅ​កូរ៉េខាងត្បូង នៅ​មិនទាន់​ច្បាស់​ថា ធ្វើឡើង​មុន​ទៅ​ជប៉ុន ឬ​ឆ្លៀត​ចូល​ពេល​ត្រឡប់​ទៅ​អាមេរិក​ឡើយ​។​
 
​ទោះជា​យ៉ាងណា ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ចង់​ជួប​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន សិន សឹម​ជួប​លោក ត្រាំ តាម​ក្រោយ​។ ក្នុង​វេទិកា​មួយ​ក្នុង​ទីក្រុង​អូ​ស្លូ ប្រទេស​ន័​រ​វ៉េ​ស លោក មូ​ន និយាយថា លោក​ចង់​ជួប​លោក គីម ហើយ​បើ​អាមេរិក ជំនួប​លើក​ទី​បួន​នេះ អាចធ្វើ​មុន​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​អាមេរិក​នៅ​សេ​អ៊ូ​ល​។ 
 
​សម្រាប់​ជំនួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង លោក មូ​ន បញ្ជាក់ថា លោក​ត្រៀម​ជួប​លោក គីម គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​តាម​ការចង់បាន​របស់​លោក គីម ផ្ទាល់​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។​
 
​ក្នុង​វេទិកា​ដដែល ប្រធានាធិបតី​កូរ៉េខាងត្បូង បាន​បង្ហើប​ពី​ការផ្លាស់ប្ដូរ​សំបុត្រ​រវាង​លោក ត្រាំ និង​លោក គីម នាពេល​ថ្មីៗ​នេះ​។ ការដោះដូរ​សំបុត្រ​រវាង​មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​តាមរយៈ​កូរ៉េខាងត្បូង ឬ​មធ្យោបាយ​ដទៃទៀត ក្លាយជា​ច្រក​ទំនាក់ទំនង​រវាង​ប្រទេស​ដែល​គ្មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​នឹង​គ្នា​ទាំងពីរ​។ លោក មូ​ន ចាត់ទុក​សកម្មភាព​បែ​ប​នេះ ជាការ​រក្សា​បរិយាកាស​សន្ទនា​ឲ្យ​នៅតែ​ល្អប្រសើរ​ដូច​ឆ្នាំមុន​។​
 
​យ៉ាងណាមិញ ប្រមុខរដ្ឋ​កូរ៉េខាងត្បូង ក៏​ព្រមាន​ដែរ​ថា បរិយាកាស​នេះ អាច​បាត់បង់​ទៅវិញ ប្រសិន​ភាពទ័លច្រក​ក្នុងការ​ជជែក​ពី​ការរំសាយ​នុយក្លេអ៊ែរ និង​ការបង្កើត​សន្តិភាព ចេះតែ​អូសបន្លាយ​ទៀត​នោះ​។ លោក មូ​ន បាន​អំពាវនាវ​ឲ្យ​មាន​ជំនួប​រវាង​លោក គីម និង​លោក ត្រាំ ឲ្យ​បាន​ឆាប់​កាន់តែ​អាច​ធ្វើបាន​ដើម្បី​ដោះស្រាយ​បញ្ហា​។ បើ​ជំនួប​លើក​ទី​បួន​ជាមួយ​លោក គីម កើតឡើង​រយៈពេល​ខ្លី​ខាងមុខ ជំនួប​មេដឹកនាំ​អាមេរិក​-​កូរ៉េខាងជើង​លើក​ទី​បី ក៏​អាច​កើតឡើង​បាន​លឿន​ដែរ​៕  
 

Tag:
 កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
  អាមេរិក​
  មូ​ន ចេ​អ៊ី​ន​
  គីម ជុង​អ៊ុន​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com