កីឡាជាតិ
ជាតិ
រ៉ឹង ប៊ុន​ហៀ​ង​៖ ដំបូន្មាន​ទាំង​បច្ចេកទេស និង​ផ្លូវចិត្ត របស់លោក Honda ពង្រឹងស្មារតី​ជា​ក្រុម​
13, Jun 2019 , 4:33 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង ដែល​រកបាន​១​គ្រាប់​ក្នុង​ជ័យជម្នះ ២-១ នា​ជំនួប​ជើង​ទី​២​វគ្គ​ជម្រុះ​បឋម World Cup នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ដែល​ប៉ា​គី​ស្ថាន​ប្រើ​ជា​ទឹកដី​នោះ បាន​ឲ្យ​តម្លៃ​ខ្ពស់​លើ​ដំបូន្មាន​របស់លោក Keisuke Honda និង​ក្រុមគ្រូបង្វឹក​ក្នុងការ​រួមចំណែក​នៃ​ជ័យជម្នះ​កម្ពុជា​។ ការលេង​សហការគ្នា​បានល្អ​ក្នុង​ក្រុម ក៏​ជា​កត្តារួម​ចំណែក​មួយ​ផងដែរ​។

 
​ក្រោយ​រួមចំណែក​ជួយ​ឲ្យ​ក្រុម​ជម្រើសជាតិ​កម្ពុជា ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​ទី​២ World Cup និង AFC Asian Cup ជាមួយ​ជ័យជម្នះ​ទាំងពីរ​ជើង ៤-១ លើ​ប៉ា​គី​ស្ថាន ខ្សែប្រយុទ្ធ រ៉ឹង ប៊ុន​ហៀ​ង បាន​លើក​ពី​គុណបំណាច់​របស់លោក Keisuke Honda អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ប៊ុន​ហៀ​ង បាន​និយាយថា លោក Honda បានផ្តល់​ដំបូន្មាន​ល្អជា​ច្រើន​ពាក់ព័ន្ធ​បញ្ហា​បច្ចេកទេស និង​ផ្លូវចិត្ត​ដល់​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ 


 
​ខ្សែប្រយុទ្ធ​ក្រសួងការពារជាតិ​រូបនេះ បានចាត់ទុក​ដំបូន្មាន​របស់លោក Honda បានរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ ដែល​អាច​យកឈ្នះ​ប៉ា​គី​ស្ថាន​ទាំងពីរ​ជើង​។ នេះ​ជា​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ថ្មី​សម្រាប់​វិស័យ​កីឡា​បាល់​កម្ពុជា ព្រោះ​តាំងពី​ចូល​រួច​ព្រឹត្តិការណ៍ World Cup តាំងពី​ឆ្នាំ​១៩៩៧ កម្ពុជា​មិន​ធ្លាប់​យកឈ្នះ​គូប្រកួត​ទាំងពីរ​នោះឡើយ​។ 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​អ្នកសារព័ត៌មាន​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ រ៉ឹង ប៊ុន​ហៀ​ង ដែល​រកបាន​គ្រាប់​បាល់​លើកដំបូង​ក្នុង​ព្រឹត្តិការណ៍​ជម្រុះ World Cup បាន​លើក​ពី​គុណសម្បត្តិ​របស់លោក Honda យ៉ាង​ដូច្នេះ​ថា​៖«​កត្តា​ដែល​ធ្វើ​ឲ្យ​យើង​ទទួលបាន​ជ័យជម្នះ​ដោយសារ​យើង​លេង​សហការគ្នា​បានល្អ ហើយ​លោកគ្រូ Honda បាន​ប្រាប់​យើង​ពី​បច្ចេកទេស​ល្អៗ ឲ្យ​យើង​ចេះ​ស្រលាញ់គ្នា សាមគ្គី​គ្នា ដើម្បី​ជោគជ័យ​ទៅ​ថ្ងៃ​ខាងមុខ​ទៀត​»​។​

 
 
​ដ្បិត​ទទួលបាន​ជោគជ័យ ប៉ុន្តែ​ការប្រកួត​ក្រៅ​ទឹកដី​នេះ ក្រុម​ជម្រើសជាតិ​កម្ពុជា ក៏​មានផលវិបាក​ក្នុង​ការលេង​ខ្លះ​ដែរ​។ ត្រង់ចំណុច​នេះ រ៉ឹង ប៊ុន​ហៀ​ង បាន​រៀបរាប់ថា កត្តា​អាកាសធាតុ​ក្តៅ អម​ជាមួយ​ពេលវេលា​ខុសគ្នា​និង​ទីលាន​ប្រកួត​មាន​ស្ថានភាព​រអិល​ដោយសារ​ប្រើ​ស្មៅ​ធម្មជាតិ​នោះ ជា​បញ្ហា​ប្រឈម​សម្រាប់​រូបគេ ក៏ដូចជា​មិត្ត​រួម​ក្រុម​ដទៃទៀត ក្នុងការ​ប្រកួត​ជើង​ទី​២​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា ដែល​ក្រុម​ប៉ា​គី​ស្ថាន​ប្រើ​ជា​ទឹកដី​របស់ខ្លួន​។ «​ការលេង​ដូចជា​មិនសូវមាន​សម្ពាធ​ខ្លាំង​នោះទេ តែ​អ្វី​ដែលជា​បញ្ហា គឺ​កត្តា​ទីលាន​និង​អាកាសធាតុ​។ ស្មៅ​នៅលើ​ទីលាន​មាន​ស្ថានភាព​រអិលខ្លាំង ដោយសារ​វា​ជា​ស្មៅ​ធម្មជាតិ ហើយ​អាកាសធាតុ​ក្តៅ​ហប់ៗ មិន​ដូច​នៅ​កម្ពុ​ជាមាន​ខ្យល់​ត្រជាក់​តិចៗ​»​។ នេះ​ជាការ​រៀបរាប់​របស់​កីឡា រ៉ឹង ប៊ុន​ហៀ​ង​។    


 
​លោក ភា សុ​ភ័​ក្ត្រា គ្រូ​ជំនួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាត់ទុក​ការ​ដណ្តើមបាន​កៅអី​ឡើងទៅ​វគ្គ​ជម្រុះ​ជុំ​បន្ត​របស់​ក្រុម​ជម្រើសជាតិ ជា​ជោគជ័យ​ដ៏​ធំធេង​សម្រាប់​កម្ពុជា ក៏ដូចជា​វិស័យ​កីឡាបាល់ទាត់​។ ប៉ុន្តែ​លោក​អះអាងថា ជ័យជម្នះ​នេះ​មានការ​រួមចំណែក​តិចតួច​បំផុត​ពី​លោក ដែល​បានធ្វើការ​ជាមួយ​លោក Keisuke Honda និង​លោក Felix Dalmas រួមទាំង​ក្រុមការងារ​នៃ​ក្រុម​ជម្រើសជាតិ​កម្ពុជា តាមរយៈ​ការផ្ដល់​ឱកាស​ពី​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជា​លើកដំបូង​នេះ​។ 
 
​គ្រូបង្វឹក​ដឹកនាំ​ក្រុម Cambodia All Stars យកឈ្នះ​ក្រុម Muangthong United ២-១ នា​ជំនួប​មិត្តភាព​អន្តរជាតិ​កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ​២០១៩​រូបនេះ​បាន​បញ្ជាក់ថា «​អត់​នឹកស្មាន​សោះ​ថា ខ្លួនឯង​អាចមក​ធ្វើការ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។ ដូច្នេះ​ពេល​យើង​បាន​ឱកាស​ហើយ យើង​ត្រូវ​ដាក់ចិត្ត​ធ្វើការ​ឲ្យ​បានល្អ ដើម្បី​ជំរុញ​ក្រុម​ឲ្យ​មានការ​អភិវឌ្ឍ​ល្អប្រសើរ​ឡើង ពិសេស​ផ្នែក​បច្ចេកទេស​តែម្តង​»​។ 


 
​លោក​បាន​បន្ថែមថា​៖«​បើ​យើង​មើល​ការរៀបចំ​ដំបូង សូម្បី​មជ្ឈដ្ឋាន​ទូទៅ​ដែល​គាត់​តាមដាន​បាល់ទាត់ ក៏​គាត់​គិតថា យើង​រៀបចំ​មិនបាន​ល្អ​ដែរ ដោយសារ​យើង​មាន​រយៈពេល​ខ្លី​ក្នុងការ​ប្រមូលផ្តុំ​។ ប៉ុន្តែ​យើង​បាន​ព្យាយាម​ធ្វើតាម​គ្រូ​បង្គោល ដែល​បានជ្រើសរើស​កីឡាករ​មានបទពិសោធន៍​ស្រាប់ មានការ​យល់ដឹង​ពី​តាក់​តិច និង​ការរៀបចំ​របស់​ក្រុម​ក្នុង​ការលេង​»​។ 
 
​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា​បាន​មកដល់​មាតុភូមិ កាលពី​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ទទួលបាន​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​អ្នកគាំទ្រ​យ៉ាងច្រើន​កុះករ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​។ សម្រាប់​ការស្វាគមន៍​នេះដែរ គឺមាន​ក្រុម​ភ្លេង​ឆៃយ៉ាំ​រួមជាមួយ​ក្បួន​ឈរ​ជា​ពីរ​ជួរ ដោយមាន​កាន់​ទង់ជាតិ និង​ស្លាក​អក្សរ​«​អបអរសាទរ​ក្រុម​គោព្រៃ​កម្ពុជា​» ដែល​រៀបចំ​ដោយ​សហព័ន្ធ និង​ដៃគូ​សហការ​ឧបត្ថម្ភ​៕ 

Tag:
 ​រ៉ឹង ប៊ុន​ហៀ​ង​
  ភា សុ​ភ័​ក្ត្រា​
  Keisuke Honda
  World Cup
  Asian Cup
© រក្សាសិទ្ធិដោយ thmeythmey.com