កីឡាអន្តរជាតិ
អន្តរជាតិ
Real Madrid ចាយ​អស់​៣៨០​លាន​ដុល្លារ​លើ​កីឡាករ​៤​រូប​រួចហើយ សម្រាប់​រដូវ​កាល​ថ្មី​
13, Jun 2019 , 9:39 pm        
រូបភាព
​គិត​ត្រឹម​ថ្ងៃទី​១៣ ខែមិថុនា​នេះ Real Madrid បាន​ចំណាយ​ប្រាក់ ៣០០​លាន​ផោន (៣៨០​លាន​ដុល្លារ​អាមេរិក​) រួចហើយ​ក្នុងការ​នាំចូល​កីឡាករ​ទៅកាន់​ទឹកដី Santiago  Bernabeu ចាប់ពី​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវ​កាល​ថ្មី​ផ្តើម​បើកទ្វារ​នា​ពាក់កណ្តាល​ខែឧសភា​មក​។ ខ្សែការពារ​ឆ្វេង Ferland Mendy ដែល​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ទិញ​ពី Lyon ជា​កីឡា​ករទី​៤ បន្ទាប់ពី​ទិញ​បាន Eder Militao, Luka Jovic និង Eden Hazard​។​


 
Mendy ខ្សែការពារ​សញ្ជាតិ​បារាំង បាន​យល់ព្រម​ចុះកិច្ចសន្យា​រយៈពេល​៦​ឆ្នាំ​ជាមួយ Real Madrid ក្នុងតម្លៃ​ផ្ទេរ ៤៧,១​លាន​ផោន (៦០​លាន​ដុល្លារ​)​។ អតីត​កីឡាករ​យុវជន Paris St-Germain រូបនេះ​បាន​ចាក​ចេញពី Le Havre ទៅ​ចូលរួម​ជាមួយ Lyon កាលពី​ឆ្នាំ ២០១៧ ដោយ​បង្ហាញខ្លួន​៧៩​ប្រកួត​ក្នុង​រយៈពេល​ពីរ​រដូវ​កាល​។ 
 
​ខ្សែការពារ​វ័យ​២៤​ឆ្នាំ​រូបនេះ ទើប​ជាប់​ជម្រើសជាតិ​បារាំង​បាន​៣​ប្រកួត​ប៉ុណ្ណោះ ក្នុងនោះ​បង្ហាញខ្លួន​លើកចុងក្រោយ​ពី​ក្រុម​មាន់គក​ឈ្នះ Andorra ៤-០ ក្នុងការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០២០​។​
 
​មុន​ការមកដល់​របស់ Mendy ក្រុម​ដែល​ដឹកនាំ​ដោយ​អ្នកចាត់ការ​ទូទៅ​លោក Zinedine Zidane បាន​ចំណាយ​ប្រាក់​ជា​កំណត់ត្រា​ក្លិប ១៩០​លាន​ដុល្លារ​ដើម្បី​នាំយក​ខ្សែបម្រើ Eden Hazard ពី Chelsea និង​រួមទាំង​ខ្សែប្រយុទ្ធ Luka Jovic ពី Eintracht Frankfurt ក្នុងតម្លៃ ៦៧​លាន​ដុល្លារ​។​
 
​កាលពី​ខែមីនា​កន្លងទៅ ក្រុម​រហស្សនាម​ស្តេច​សបាន​ទិញ​ខ្សែការពារ​សញ្ជាតិ​ប្រេ​ស៊ី​ល Eder Militao ពី Porto ផងដែរ​ក្នុងតម្លៃ ៥៤​លាន​ដុល្លារ​។ ដូច្នេះ​ម្ចាស់​ជើងឯក​លី​គ​កំពូល​អេ​ស្ប៉ា​ញ ៣៣​សម័យ បាន​ចំណាយ​ជិត​៤០០​លាន​ដុល្លារ​រួចហើយ​សម្រាប់​រដូវ​កាល ២០១៩-២០ នេះ​។​
 
Real ក៏​នឹងត្រូវ​ស្វាគមន៍​ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Rodrygo វ័យ​១៨​ឆ្នាំ ដែល​ពួកគេ​បាន​ទិញ​ពី Santos ក្នុងតម្លៃ​៥០​លាន​ដុល្លារ តាំងពី​ខែមិថុនា ឆ្នាំ​២០១៨ មក​នោះ​៕

Tag:
 ​បាល់ទាត់​
  Real Madrid
  Ferland Mendy
  Eden Hazard
© រក្សាសិទ្ធិដោយ thmeythmey.com