ជាតិ
សង្គមជាតិ
អាជ្ញាធរ​កំពុង​តាម​ចាប់​អាជីវករ​លក់​សាច់សត្វ​ព្រៃ​ខុសច្បាប់ នៅ​ផ្សារ​ស្ទឹងត្រែង​
14, Jun 2019 , 7:59 am        
រូបភាព
រូបពី​លោក នេត្រ ភក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​
រូបពី​លោក នេត្រ ភក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​
ដោយ:
​ភ្នំពេញ​៖ សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​បរិស្ថាន កំពុង​តាម​ចាប់​ក្រុមអាជីវករ​លក់​សត្វព្រៃ​ខុសច្បាប់ នៅ​ខេត្តស្ទឹងត្រែង យកមក​ដាក់ទោស​តាមច្បាប់​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​។​


 

​លោក នេត្រ ភក្ត្រា បាន​បញ្ជាក់ថា ក្រុមអាជីវករ​ដែល​លក់​សត្វព្រៃ​ខុសច្បាប់​ទាំងនោះ បាន​រត់​គេចខ្លួនបាត់ នៅ​គ្រា​ដែល​មន្ត្រី​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​ដើរល្បាត​នៅតាម​ទីកន្លែង​លក់ដូរ​។ ហើយ​នៅពេលនេះ​សមត្ថកិច្ច​កំពុងតែ​ញាប់ដៃ​ញាប់ជើង​តាម​ចាប់​ជនល្មើស​ដើម្បី​មក​ផ្តន្ទាទោស​ទៅតាម​ច្បាប់ និង​កំពុង​ស៊ើបអង្កេត​រកមុខ​សញ្ញា​ប​ន្ថែ​ម​ទៀត​។​


រូបពី​លោក នេត្រ ភក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​
 
​បើតាម​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​រូបនេះ ប្រតិបត្តិ​ការបង្ក្រាប​ប​ទ​ល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ រឹបអូស​បាន​សត្វ​អា​ញី​ចំនួន ៣​ក្បាល ក្រពះ​កាំប្រមា​ចំនួន​២ សត្វ​ត្រកួត​ចំនួន​៩​គីឡូក្រាម ងៀត​ប្រើស​ចំនួន​៤៧​គីឡូក្រាម សាច់ជ្រូក​ព្រៃ​ចំនួន​៦០​គីឡូក្រាម សត្វ​សំពោច​ចំនួន​១​ក្បាល និង​សាច់​កាំប្រមា​ជិត​៣​គីឡូក្រាម​។ រដ្ឋលេខាធិការ​នៃ​ក្រសួងបរិស្ថាន បានបញ្ជាក់​នៅក្នុង​បណ្ដាញ​សង្គម​តេ​ឡូ​ក្រាម​មកកាន់​ខាង​សារព័ត៌មាន​Thmey Thmey​ថា​៖«​សាច់សត្វ​ព្រៃ​ជា​វត្ថុតាង​នៃ​បទល្មើស​ដែល​ត្រូវបាន​ដុត​កម្ទេចចោល​ហើយ​»​។​
 
​លោក អេង ភា​រ៉ុង ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង បាន​និយាយថា សត្វព្រៃ​ដែល​ជនល្មើស​តែងតែ​យកមក​លក់​ជា​អនាធិបតេយ្យ​នោះ​គឺ​សត្វ​ជ្រូកព្រៃ ដែល​ភាគច្រើន​ដាក់លក់​នៅតាម​ផ្សារ​។ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តស្ទឹងត្រែង​រូបនេះ​បញ្ជាក់ថា​៖«​រដ្ឋបាល​ព្រៃឈើ និង​ក្រសួងបរិស្ថាន កំពុងតែ​ខ្នះខ្នែង​បង្ក្រាប​បទល្មើស​នេះ​»​។​


រូបពី​លោក នេត្រ ភក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​
 
​ជុំវិញ​បញ្ហា​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ លោក នេត្រ ភក្ត្រា ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​ឃើញ​ករណី​ជួញដូរ​បែបនេះ សូម​រាយការណ៍​ជាបន្ទាន់​មកកាន់​មន្ត្រី​បរិស្ថាន ដើម្បី​ទប់ស្កាត់​បទល្មើស​លក់​សាច់​សត្វព្រៃ​យ៉ាង​អនាធិបតេយ្យ និង​ទប់ស្កាត់​ការបំផ្លាញ​ធនធានធម្មជាតិ​សត្វព្រៃ​។ ជាមួយគ្នានេះ​លោក ភក្ត្រា ក៏បាន​ក្រើនរម្លឹក​ជាថ្មី​ដល់​ប្រជាពលរដ្ឋ មិនគួរ​បរិភោគ​សាច់សត្វ​ព្រៃ​ឡើយ ព្រោះ​វា​អាច​បង្ក​ផលប៉ះពាល់​ដល់​សុខភាព​ដោយសារ​មេរោគ​កាច​សាហាវ​នៅក្នុង​ខ្លួន​សត្វ​ទាំងនោះ ដែល​អាច​សម្លាប់​អ្នក​បរិភោគ​ភ្លាមៗ​ផងដែរ​។​
 
​បើតាម​លោក នេត្រ ភក្ត្រា  បច្ចុប្បន្ន​បទល្មើស​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​នេះ មានការ​ថយចុះ​ដោយសារតែ​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ប្រឆាំងនឹង​ក្រុម ជនល្មើស តាមរយៈ​ការចុះ​ផ្សព្វផ្សាយ​អប់រំ ណែនាំ ការចុះ​បិទ​ខិត្តប័ណ្ណ​រាយការណ៍​ពីបទ​ល្មើស​សត្វព្រៃ​ផ្សេងៗ​។ ជាមួយគ្នានេះ សត្វ​កម្រ​មួយចំនួន​ដូចជា ប្រើស ខ្លាឃ្មុំ  ជ្រូកព្រៃ ត្រូវបាន​ក្រុមមន្ត្រី​បរិស្ថាន​អភិរក្ស​ការពារ​យ៉ាង​តឹងរឹង​៕


រូបពី​លោក នេត្រ ភក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​


រូបពី​លោក នេត្រ ភក្រ្តា ​រដ្ឋលេខាធិការក្រសួងបរិស្ថាន​


Tag:
 បរិស្ថាន​
 ​សត្វ​
© រក្សាសិទ្ធិដោយ thmeythmey.com