ជាតិ
យន្តការ​សហប្រតិបត្តិ​ការ​ផ្សេងគ្នា​ក្នុង​តំបន់​មេគង្គ​បង្កើត​ការ​ប្រជែង​ឥទ្ធិពល តែ​អាមេរិក​ថា​ខ្លួន​មិន​ប្រជែង​អ្នកណា​ឡើយ
13, Jun 2019 , 9:57 pm        
រូបភាព
លោក Walter Douglas និងលោក ពូ សុធីរៈ ថ្លែងទៅកាន់អ្នកព័ត៌មានក្រោយការបើកសន្និសីទថ្ងៃព្រហស្បតិ៍ទី ១៣ ខែមិថុនា
លោក Walter Douglas និងលោក ពូ សុធីរៈ ថ្លែងទៅកាន់អ្នកព័ត៌មានក្រោយការបើកសន្និសីទថ្ងៃព្រហស្បតិ៍ទី ១៣ ខែមិថុនា
ដោយ: ថ្មីៗ
 ​ការរីកចម្រើន​រហ័ស និង​សក្តានុពល​នៃ​តំបន់​មេគង្គ​កំពុង​ប្រែក្លាយ​តំបន់​មួយ​នេះ​ទៅជា​ទីតាំង​នៃ​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​មហាអំណាច​ក្នុង​តំបន់​តាមរយៈ​ការផ្តួចផ្តើម​បង្កើត​យន្តការ​សហប្រតិបត្តិ​ការ​ផ្សេងៗ​គ្នា​ជា​បន្តបន្ទាប់​។ អ្នកជំនាញ​យល់ថា ការជំរុញ​ឲ្យ​យន្តការ​កិច្ចសហប្រតិបត្តិការ​ទាំ​ង​នោះ​បំពេញបន្ថែម​និង​មាន​ដំណើរការ​ប្រដំប្រសង​គ្នា​ជា​រឿង​ចាំបាច់​បំផុត​សម្រាប់​តំបន់​មេគង្គ​នាពេល​បច្ចុប្បន្ន​។   

​អ្នកជំនាញ​ថ្នាក់​តំបន់​នៅ​ប្រមូលផ្តុំ​គ្នា​នាសន្និសីទ​ថ្នាក់​តំបន់​ស្តីពី «​ទស្សនវិស័យ​នៃ​អនាគត​តំបន់​មេគង្គ​» ថ្ងៃ​ព្រហស្បតិ៍​ទី ១៣ ខែមិថុនា ដើម្បីពិភាក្សា និង​ស្វែងរក​ដំណោះស្រាយ​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម​នៅ​តំបន់​មេគង្គ​ដែលជា​ភូមិសាស្ត្រ​ដែលមាន​សក្តានុពល ជាពិសេស​ស្ថិតក្រោម​ឥទ្ធិពល​នៃ​ការប្រកួតប្រជែង​ឥទ្ធិពល​របស់​ប្រទេស​មហាអំណាច​តំបន់​ផង​។ 
 
​អ្នកជំនាញ​ភាគច្រើន​យល់ស្រប​ថា ស្រប​ពេលដែល​ដែល​យន្តការ​ថ្នាក់​តំបន់​មេគង្គ​ផ្តល់ឱកាស​និង​ជួយ​ដល់​ការអភិវឌ្ឍ​ក៏ពិតមែន តែ​ស្របពេល​ជាមួយគ្នា​នោះ​គំនិត​ផ្តួចផ្តើម​នេះ​ក៏​អាច​ត្រឡប់​ជា​បញ្ហា​ប្រឈម​ដោយសារ​វា​ក្លាយជា​កន្លែង​ប្រកួតប្រជែង​គ្នា​ផ្នែក​យុទ្ធសាស្ត្រ​រវាង​ភាគី​ពាក់ព័ន្ធ​។ 
 
«​បញ្ហា​ប្រឈម​បច្ចុប្បន្ន​សម្រាប់​តំបន់​មេគង្គ គឺ ធ្វើយ៉ាងណា​ធ្វើ​ឲ្យ​គំនិត​ផ្តួចផ្តើម​ស្នើឡើង​ពី​ដៃគូ​អភិវឌ្ឍ​មាន​ច្រើន​ដូច​ឃើញស្រាប់​ដូចជា​អាមេរិក និង​ចិន​ជាដើម អាច​ច្របាច់​បញ្ចូល​គ្នាបាន​។ យើង​ឃើញស្រាប់​ភាគី​នីមួយៗ​មាន​វេទិកា និង​ធ្វើ​ការងារ​តាមរបៀប​រៀងៗ​ខ្លួន​។ ពេលខ្លះ​វា​ដូចជា​ជាការ​ប្រកួតប្រជែង​ច្រើនជាង​សហការ​»​។  លោក ពូ សុធីរៈ នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ និង​សន្តិភាព​ថ្លែង​បែបនេះ​នា​ពិធី​បើក​វេទិកា​សន្និសីទ​តំបន់​ដែល​រៀបចំ​វិទ្យាស្ថាន​ខ្មែរ​សំរាប់​សហប្រតិបត្តិការ និង​សន្តិភាព (CICP) និង​គាំទ្រ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​។​
 
​យ៉ាងណាមិញ អ្នកជំនាញ​រូប​មាន​សុទិដ្ឋិនិយម​ថា វេទិកា​សន្និសីទ​តំបន់​នេះ​នឹង​ផ្តល់ឱកាស​សម្រាប់​ការពិភាក្សា ត្រួសត្រាយ​ផ្លូវ​សម្រាប់​ជំរុញ​ការសហការ និង​ជួយ​ឲ្យ​យន្តការ​ទាំងនោះ​បំពេញបន្ថែម​ឲ្យ​គ្នា​ទៅវិញទៅមក​ដែល​អាចរួមចំណែក​កាត់បន្ថយ​គម្លាត​អភិវឌ្ឍ និង​លើកស្ទួយ​ការអភិវឌ្ឍ​ប្រកបដោយ​និរន្តរភាព និង​បរិ​យា​ប័ន្នដែរ​។​
 
​រហូតមកដល់​បច្ចុប្បន្ន យន្តការ​កិច្ចសហប្រតិបត្តិការ​ផ្សេងគ្នា​ជាច្រើន​ក្នុង​តំបន់​មេគង្គ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលដៅ​កសាង​ទំនាក់ទំនង​ក្នុងនោះ​មាន​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​, គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​របស់​អាមេរិក (LMI), មេគង្គ​-​គង្គារ​របស់​ឥណ្ឌា (MGC), មេគង្គ ឡាន​ឆាង​ផ្តួចផ្តើម​ដោយ​ចិន (LMC), គណៈកម្មការ​ទន្លេមេគង្គ (MRC) និង​គំនិត​ផ្តួចផ្តើម​ដ៏ទៃទៀត​ដូចជា​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច អា​យ៉ា​វ៉ា​ឌី ចៅ​ប្រា​យ៉ា ទន្លេមេគង្គ (ACMECS) ជាដើម​។​
 
​នាពី​ធី​បើក​សន្និសីទ​តំបន់​នេះដែរ ទីប្រឹក្សា​ក្រសួងការបរទេស​និង​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​អន្តរជាតិ លោក ស៊ីម វីរៈ បានកត់សម្គាល់​ពីសារ​សំខាន់ និង​សមិទ្ធផល​ដែល​បង្កើតឡើង​ក្រោម​កិច្ចសហប្រតិបត្តិការ​មេគង្គ​នេះ​ចំពោះ​កម្ពុជា​ផ្ទាល់​។​
 
​យ៉ាងណាមិញ លោក​ក៏​យល់ឃើញថា វា​ជា​រឿង​ចាំបាច់​ដែល​ភាគី​ពាក់ព័ន្ធ​ត្រូវ​ធានាថា យន្តការ​តំបន់​ទាំងនេះ​មិនត្រូវ​បាន​ប្រើប្រាស់​ក្នុងន័យ​នយោបាយ​ដើម្បី​ប្រឆាំង​ភាគី​ណាមួយ​ជា​ដៃគូ​ប្រទេស​តំបន់​មេគង្គ​ឡើយ​។​
 
«​ខ្ញុំ​យល់ថា យន្តការ​សហប្រតិបត្តិ​ការ​ច្រើន​មានន័យថា តំបន់​មេគង្គ​មាន​ដៃគូ​សហការ​ច្រើន​ដែលមាន​សារសំខាន់​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​តំបន់​។ ប៉ុន្តែ​យន្តការ​ទាំងនេះ​មិនគួរ​ប្រែក្លាយជារឿងនយោបាយ​ដើម្បី​ប្រឆាំង​ភាគី​ណាមួយ​ឡើយ ប្រឆាំង​ចិន​ក្តី​, អាមេរិក​ក្តី​, ឥណ្ឌា​ក្តី​ឬ​ជប៉ុន​ក្តី​»​។ ទីប្រឹក្សា​រូបនេះ​បញ្ជាក់​ដូច្នេះ​។ 
 
​លោក ជា សុភា​រិ​ន អ្នកជំនាញ​ផ្នែក​គោលនយោបាយ​ទឹក​តំបន់​នៃ​គណៈកម្មការ​ទន្លេមេគង្គ (MRC) យល់ស្រប​ថា ការបង្កើត​យន្តការ​កិច្ចសហប្រតិបត្តិការ​ច្រើន​ផ្សេងគ្នា​នេះ​ហាក់ជា​បញ្ហា​ប្រឈម​មួយ​មែន​សម្រាប់​តំបន់​។  
 
«​សម្រាប់​ខ្ញុំ​មិន​គាំទ្រ​ចំពោះ​ការបង្កើត​យន្តការ​ផ្សេងៗ​គ្នាច្រើន​ឡើយ ដ្បិតថា​យើង​មិនបាន​ពង្រឹង​យន្តការ​តំបន់​ដែលមាន​ស្រាប់​ទេ​»​។ លោក សុភា​រិ​ន និយាយ​ដូច្នេះ​។ 
 
​សម្រាប់​អ្នកជំនាញ​រូប វា​មាន​ប្រយោជន៍​ច្រើនជាង បើសិនជា​ភាគី​អាច​ពិភាក្សាគ្នា​រក​ចំណុចរួម​ដែល​ជួយ​ឲ្យ​យន្តការ​បង្កើតឡើង​បំពេញបន្ថែម​ទៅវិញទៅមក ឬក៏​អាច​គាំទ្រ​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​និង​សម្រេច​គោលដៅ​រួមគ្នា​នោះ​។​
 
​គំនិត​ផ្តួចផ្តើម​មេគង្គ​ក្រោម​របស់​អាមេរិក​មិន​ប្រជែង​អ្នកណា​ឡើយ តែ​ចង់​ជួយ​តំបន់​ពិតប្រាកដ​
​ឆ្លើយតប​នឹង​ក្តីបារម្ភ​នេះ ភារធារី​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​លោក Michael Newbill ក្នុង​សុន្ទរកថា​ខ្លួន បាន​បញ្ជាក់ថា ដោយ​បង្កើត​គំនិត​ផ្តួចផ្តើម​សហប្រតិបត្តិការ​មេគង្គ​ក្រោម (LMI) សហរដ្ឋអាមេរិក​មិនមាន​គោលដៅ ឬ​ចេតនា​ប្រកួតប្រជែង​ជាមួយ​គំនិត​ផ្តួចផ្តើម​មេគង្គ​ផ្សេង​ទៀតឡើយ​។ 
 
«​ក្រោម​គំនិត​ផ្តួចផ្តើមមេគង្គក្រោម អាមេរិក​ចង់​ឲ្យ​មាន​កិច្ចសហការ​ដែល​អាចជួយ​ដោះស្រាយ​បញ្ហា​និង​គាំទ្រ​ដៃគូ​មេគង្គ​របស់​យើង​ក្នុង​ការបង្កើត​ឥទ្ធិពល​វិជ្ជមាន​លើ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ក្នុង​តំបន់​។ លោក Newbill ថ្លែង​ដូច្នេះ​។ 
 
«​ចំណែក​តម្លៃបន្ថែម​នៃ​គំនិត​ផ្តួចផ្តើមមេគង្គក្រោមនេះ​គឺ​បើកចំហ​,​មានការ​ឆ្លើយតប​,​ជួយ​បំពេញបន្ថែម​យន្តការ​ផ្សេងទៀត និង​ផ្អែកលើ​ឧត្តមភាព​ប្រៀបធៀប​របស់​យើង​ផ្ទាល់​»​។ លោក Newbill លើកឡើង​ដូច្នេះ​។​

 
​យ៉ាងណា​ក៏ដោយចុះ មន្ត្រី​ទូត​រូបនេះ បាន​លើក​ពី​កង្វល់ជុំវិញការកើនឡើង​នៃ​បញ្ហាប្រឈមថ្មីសម្រាប់​តំបន់ ដោយសារ​ការប្រែប្រួល​នៃ​ភូមិសាស្ត្រ​នយោបាយ​។ លោក​និ​យាយថា ប្រទេស​ក្នុងតំបន់​មេគង្គ​កំពុង​ប្រឈម​បញ្ហា​ជាច្រើន​ក្នុងនោះ​មាន​កំណើន​បំណុល​,​បញ្ហា​ប៉ះពាល់​ដល់​អភិបាលកិច្ច​គ្រប់គ្រង​ទន្លេមេគង្គ​, ការកសាង​វា​រី​អគ្គីសនី​ដែល​ប៉ះពាល់​ដល់​ជីវចម្រុះ និង​បញ្ហា​បទឧក្រិដ្ឋ​ឆ្លងដែន​ជាដើម​។ 
 
«​និន្នាការ​នេះ​គំរាមកំហែង​ដល់​ស្វ័យភាព ឯករាជភាព​សេដ្ឋកិច្ច រួមជាមួយ​បញ្ហា​សន្តិសុខ​ស្បៀង សន្តិសុខ​ទឹក និង​ថាមពល​ក្នុង​តំបន់​មេគង្គ​ទាំងមូល​។ អាមេរិក​និង​ប្រទេស​ឯទៀត​បារម្ភ​ពី​ស្ថានភាព​នេះ​»​។   នេះ​ជាស​ម្តី​របស់លោក Newbill​។ 
 
 
​ទន្ទឹមនឹង​ក្តីបារម្ភ លោក Walter Douglas ឧបការី​រង​រដ្ឋមន្ត្រី​ការបរទេស​ទទួលបន្ទុក​កិច្ចការ​សាធារណៈ និង​ការទូត​សាធារណៈ​ប្រចាំ​តំបន់ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក ដែលមាន​វត្តមាន​ក្នុង​សន្និសីទ​ថ្នាក់​តំបន់​នេះដែរ​នោះ​យល់ឃើញថា ការពង្រឹង​តួនាទី​របស់​អាមេរិក និង​ពង្រីក​ទំនាក់ទំនង​ជាមួយ​ប្រទេស​មេគង្គ​ក្រោម​យុទ្ធសាស្ត្រ​«​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​ជា​រឿង​ចាំបាច់​ដើម្បី​ចូលរួម​ដោះស្រាយ​បញ្ហា​នេះ​។ 
 
​មន្ត្រីជាន់ខ្ពស់​រូបនេះ​អះអាង​បន្ថែមថា ការពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​មេគង្គ​ជា​ផ្នែក​មួយ​នៃ​ការប្រឹងប្រែង​របស់​អាមេរិក​ក្នុង​ការគាំទ្រ​សាមគ្គីភាព​អាស៊ាន និង​ធានាបាន​នូវ​ការអភិវឌ្ឍ​ក្នុង​តំបន់​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ដែរ​។​
 
​តាមពិតទៅ សម្រាប់​អាមេរិក តំបន់​មេគង្គ​មាន​សារសំខាន់ និង​ជាទី​តាំង​យុទ្ធសាស្ត្រ​សម្រាប់​អាមេរិក​។ បើ​ក្រឡេកមើល​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម អាមេរិក​មាន​ទុនវិនិយោគ​នៅ​តំបន់​មេគង្គ​ក្នុង​ទំហំ ១៧ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៧ ហើយ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នោះ​មាន​ទំហំ ១០៩ ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ ២០១៨​៕   
 
 

Tag:
 ​មេគង្គ​
  ឥណ្ឌូប៉ាស៊ីហ្វិក
  ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​
  CICP
© រក្សាសិទ្ធិដោយ thmeythmey.com