អន្តរជាតិ
Kim Kardashian ទៅសេតវិមានដើម្បីពិភាក្សារឿងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ជាលើកទីពីរ នាង Kim Kardashian ថ្លែងនៅសេតវិមានជាលើកទីពីរទាក់ទងនឹងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌។ រូបថត AFP
× សហគ្រិន និងជាតារាទូរទស្សន៍ដ៏ល្បីល្បាញនៅសហរដ្ឋអាមេរិក នាង Kim Kardashian បានទៅសេតវិមានជាលើកទីពីរកាលពីថ្ងៃព្រហស្បតិ៍ដើម្បីបន្តការពិភាក្សាលើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ។
«ពិតជាកិត្តិយសដ៏ធំខ្លាំងសម្រាប់ខ្ញុំដែលមានវត្តមាននៅទីនេះ»។ Kim អាយុ៣៨ឆ្នាំ បានថ្លែងយ៉ាងដូច្នេះ នៅចំពោះមុខរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដូចជា Jared Kushner និង Ivanka Trump ផងដែរ។
កាលពីខែឧសភា ឆ្នាំ២០១៨ Kim Kardashian បានទៅកាន់វិមានប្រធានាធិបតីជាលើកដំបូង ដោយបានពិភាក្សាពីការលើកលែងទោសស្ត្រីម្នាក់ឈ្មោះ Alice Marie Johnson ដែលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ១ជីវិតជុំវិញករណីឧក្រិដ្ឋគ្រឿងញៀនអហិង្សាមួយនាឆ្នាំ១៩៩៦។
វត្តមានសារជាថ្មីរបស់ Kim Kardashian គឺក្នុងគោលបំណងទាក់ទងការយកចិត្តទុកជួយដល់អ្នកដែលចេញពីពន្ធនាគារឲ្យមានការងារត្រឹមត្រូវ។ នេះបើយោងតាមការផ្សាយរបស់ Fox News ដោយតារាល្បីល្បាញរូបនេះ ចង់ឲ្យមនុស្សទាំងអស់មានជីវិតល្អប្រសើរ បន្ទាប់ពីបានទៅចុះមើលតាមបណ្តាពន្ធនាគារមួយចំនួន។
Kim Kardashian ជាភរិយារបស់តារាចម្រៀង និងជាអ្នកជំនួញដ៏ល្បីល្បាញ Kanye West។ សម្រាប់លោកប្រធានាធិបតី ដូណាល់ ត្រាំ កិច្ចសហប្រតិបត្តិការនេះ ពិតជាជួយជំរុញឲ្យអតីតអ្នកជាប់ពន្ធនាគារសម្រេចក្តីសុបិនសម្រាប់អនាគតរបស់ខ្លួន៕
Tag:
សេតវិមាន
Kim Kardashian
ប្រព័ន្ធយុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com