កីឡាអន្តរជាតិ
អន្តរជាតិ
​នៅ Real, Hazard រកបាន​ជាង​២៣​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍ តែ​តិចជាង​នៅ Chelsea
14, Jun 2019 , 2:06 pm        
រូបភាព
Eden Hazard បាន​ផ្ទេរ​ពី Chelsea ទៅ Real Madrid ក្នុងតម្លៃ​កំណត់ត្រា​ក្លិប​ប្រមាណ​១៦៤​លាន​ដុល្លារ​អាមេរិក ជាមួយ​កិច្ចសន្យា​រយៈពេល ៥ ឆ្នាំ​។ បើ​ទោះ​មានតម្លៃ​ផ្ទេ​ថ្លៃ​ក្តី ប៉ុន្តែ​ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ ទទួលបាន​ប្រាក់​ឈ្នួល​ប្រចាំ​សប្តាហ៍​តែ​ជាង​២៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ ពោលគឺ​ទាប​ជាង​កាល​នៅ​តោ​ខៀវ​ដែល​រកបាន​ជាង ២៥​ម៉ឺន​ដុល្លារ​។​

 
​ផ្លាស់​ទៅកាន់ Santiago Bernabeu ខ្សែបម្រើ Hazard ក្លាយជា​កីឡា​ករទី​ពីរ​បន្ទាប់ពី​ខ្សែការពារ Sergio Ramos ដែលមាន​ប្រាក់​ឈ្នួល​ខ្ពស់បំផុត​នៅ Real​។ Ramos វ័យ​៣៣​ឆ្នាំ ដែល​យល់ព្រម​ស្នាក់នៅ​ជាមួយ​ក្លិប​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ដ​បន្តទៀត ទទួលបាន​បៀវត្ស​ជាង ១៣​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ ឬ ២៦​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​។​


 
​ទោះបី​មាន​ប្រាក់​ឈ្នួល​ទាប​ជាង​នៅ Chelsea ក្តី​ប៉ុន្តែ Hazard នៅតែ​សម្រេច​ចូលរួម​ជាមួយ​ក្រុម​យក្ស​អេ​ស្ប៉ា​ញ​ដដែល​។ បើតាម​ការផ្សាយ​របស់ Talk Sport និង Legit.ng ខ្សែបម្រើ​វ័យ​២៨​ឆ្នាំ​រូបនេះ​ទទួលបាន​ថ្លៃ​នឿយហត់​ជាង​១២​លាន​ដុល្លារ​ក្នុង​១​ឆ្នាំ ឬ ជាង​២៣​ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​ក្រោយ​បង់ពន្ធ​រួច ដោយ​មិនទាន់​គិតពី​ប្រាក់​លើកទឹកចិត្ត​ផ្សេងៗ​។​
 
Gareth Bale ដែល​ធ្លាប់ជា​កីឡាករ​រកប្រាក់​ឈ្នួល​ច្រើនជាងគេ​នៅ Real ប្រមាណ​ជាង​៤​សែន​ដុល្លារ​អាមេរិក​ក្នុង​១​សប្តាហ៍ បន្ទាប់ពី​ការចាកចេញ​របស់ Cristiano Ronaldo នោះ​ប្រហែល​ត្រូវមាន​កិច្ចព្រមព្រៀង​ទម្លាក់​ប្រាក់​ឈ្នួល​វិញ​ក្រោយ​មិនអាច​ជួយ​ក្រុម​បាន​។​
 
​ដោយឡែក ខ្សែប្រយុទ្ធ Luka Jovic ដែល​ទើប​ផ្លាស់​ពី Eintracht Frankfurt ទទួលបាន​ប្រាក់​ឈ្នួល​ពី​ម្ចាស់​ជើងឯក La Liga ចំនួន ៣៣​សម័យ​ចំនួន ២១៥០០០​ដុល្លារ​ក្នុង​មួយ​សប្តាហ៍​៕
 

Tag:
 បាល់ទាត់​
  Eden Hazard
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com