ជាតិ
ហុង​គ្រី ប្រាប់​កម្ពុជា​ថា ខ្លួន​នឹង​ជំទាស់​សហភាព​អឺរ៉ុប​លើ​បញ្ហា​ដក​EBA ពី​កម្ពុជា​
14, Jun 2019 , 2:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា
​ភ្នំពេញ​៖ ហុង​គ្រី ប្រកាស​ជំហរ​ខ្លួន​ប្រាប់​កម្ពុជា​ថា ហុង​គ្រី​នឹង​ជំទាស់​សហភាព​អឺរ៉ុប លើ​បញ្ហា​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​។ ការប្រកាស​បែបនេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orbán និង​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ទីក្រុង​ប៊ុ​យ​ដា​ប៉េ​ស ប្រទេស​ហុង​គ្រី កាលពី​ថ្ងៃទី​១៣ មិថុនា​។ នេះ​បើតាម​កាសែត Daily News Hungry របស់​ហុង​គ្រី​។​

 
​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​នាយករដ្ឋមន្ត្រី​ហុង​គ្រី បាន​លើកឡើងថា តំបន់​អាស៊ីអាគ្នេយ៍ គឺជា​តំបន់​មួយ ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយក៏​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​បណ្ដា​ប្រទេស​នៅក្នុង​ពិភពលោក​ផងដែរ​។ ថ្លែង​បែបនេះហើយ​លោក Viktor Orbán ក៏បាន​បង្ហាញ​បំណង​ចង់​ឲ្យអ្នកវិនិយោគ​ហុង​គ្រី បោះទុន​រកស៊ី​នៅ​កម្ពុជា​ដែរ​។​​
 
​តាមរយៈ​កាសែត​ហុង​គ្រី Daily News Hungry ដែល​បាន​ស្រង់​សម្តី​រដ្ឋមន្ត្រីការបទេស​ហុង​គ្រី លោក Péter Szijjártó ជុំវិញ​កិច្ចពិភាក្សា​រវាង​នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ យ៉ាង​ដូច្នេះ​ថា​៖«​ទស្សនៈវិស័យ​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ប្រទេស​កម្ពុជា គឺ​វា​ផ្ដល់​ភាព​វិជ្ជមាន​ដល់​ហុង​គ្រី ដោយសារតែ​ផែនការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា មួយចំនួនធំ​នោះ ភាគច្រើន​វា​ផ្ដល់​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​ហុង​គ្រី​បោះទុន​វិនិយោគ​ផងដែរ​»​។​
 
​ត្រង់ចំណុច​នេះ នាយករដ្ឋមន្ត្រី​ហុង​គ្រី បាន​និយាយថា ក្រុមហ៊ុន​ហុង​គ្រី​ដែល​ទទួលបាន​ទុនវិនិយោគ តាមរយៈ​ការសម្របសម្រួល​របស់​រដ្ឋាភិបាល​នោះ នឹង​មាន​លទ្ធភាព​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា លើ​គម្រោង​មួយចំនួន ដូចជា ការគ្រប់គ្រង​ប្រព័ន្ធ​ទឹកស្អាត​, ផ្នែក​ចំណីអាហារ និង​ផ្នែក​គ្រប់គ្រង​រដ្ឋ​តាមបែប​ឌីជីថល​ជាដើម​។ បើតាម​លោក Viktor Orbán ទុនបម្រុង​ទុក​ជាង​៤៦​លាន​ដុល្លារ ពី​ធនាគារ​អាហរ័ណ នីហរ័ណ​ហុង​គ្រី នឹង​ផ្ដល់ឲ្យ​ក្រុមហ៊ុន​ហុង​គ្រី សម្រាប់សហការ​រកស៊ី​ជាមួយភាគី​កម្ពុជា​នាពេល​ខាងមុខ​។​
 
​និយាយ​ពី​ការវិនិយោគ​ហើយ នាយករដ្ឋមន្ត្រី​ហុង​គ្រី ក៏​ងា​កមក​ពិភាក្សា​ពី​បញ្ហា​អនុគ្រោះ​ពន្ធ​កម្ពុជា ពី​សំណាក់​សហភាព​អឺរ៉ុប​វិញ​ម្ដង​។ លោក Viktor Orbán អះអាងថា រដ្ឋាភិបាល​ហុង​គ្រី គាំទ្រ​ចំពោះ​ការតស៊ូ​មតិ​របស់​រដ្ឋាភិបាល​ក​ម្ពុ​ជា លើ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​។ ហើយ​ហុង​គ្រី នឹង​ជំទាស់​លើ​ការសម្រេចចិត្ត​របស់​ស​ហ​ភាព​លើ​បញ្ហា​នេះ ចំពោះ​កម្ពុជា​ផងដែរ​។​
 
​តាមរយៈ​លោក Péter Szijjártó ដែល​ស្រង់​សម្តី​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orbán ក្នុងជំនួប​ជាមួយ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុង​សន្និសីទ​​មួយ ដែល​ចុះផ្សាយ​ដោយ​កាសែត Daily News Hungry យ៉ាង​ដូច្នេះ​ថា​៖« ហុង​គ្រី​ប្រកាន់​ជំហរ​ជំទាស់​សហភាព​អឺរ៉ុប ចំពោះ​ការដក​សិទ្ធ​ពាណិជ្ជកម្ម (EBA) ពី​កម្ពុជា​នេះ​។ ផ្ទុយ​ពី​ដំណើរការ​ប្រើប្រាស់​យន្តកា​រ​ឥទ្ធិពល​ដាក់ទណ្ឌកម្ម​នេះ សហភាព​អឹ​រ៉ុ​ប​គួរតែ​គាំទ្រ​ជួយ​ឲ្យ​អភិវឌ្ឍន៍​កម្ពុជា​ឲ្យ​កាន់តែ​ប្រសើរឡើង​»​។​
 
​នាយករដ្ឋមន្ត្រី​ហុង​គ្រី លោក Viktor Orbán ចាត់ទុក​បញ្ហា​EBA ជា​រឿង​ខ្វែងគំនិត​គ្នា​រវាង​សហភាព​អឺរ៉ុប និង​កម្ពុជា​។ ផ្ទុយទៅវិញ​ហុង​គ្រី​តែងតែ​ឈរ​និង​គាំទ្រ​កម្ពុជា​ជានិច្ច​។ ហើយ​ហុង​គ្រី​មិន​គាំទ្រ​បញ្ហានយោបាយ និង​បញ្ហា​ពាណិជ្ជកម្ម សេដ្ឋកិច្ច ដែលមាន​ភាពច្របូកច្របល់​គ្នា​នោះទេ​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ហ្វេ​ស​ប៊ុ​ក​។​
 
​ទាក់ទង​នឹង​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ សហភាព​អឺរ៉ុប បានចេញ​របាយការណ៍​មួយ​កាលពី​ថ្ងៃទី​១១ មិថុនា ដោយ​រំឭក​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ឲ្យ​ដោះស្រាយ​បញ្ហា​ធំៗ​មួយចំនួន ដូចជា សិទ្ធិ​នយោបាយ សេរីភាព​បញ្ចេញមតិ​និង​ជួបជុំ  និង ការដកហូត​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​ជាដើម​។ សហភាព​អឺរ៉ុប នៅតែ​មិនទាន់​ឃើញ​ភាពប្រសើរឡើង​នៃ​ដំណោះស្រាយ​ជុំវិញ បញ្ហា​ទាំងនេះ​ទេ ទន្ទឹមនឹង​ដំណើរការ​នីតិ​វិធីដក ឬ​មិន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ត្រូវបាន​អនុវត្ត​។​
 
អត្ថបទទាក់ទង
 
​ប៉ុន្តែ​មុន​សហភាព​អឺរ៉ុប​ចេញ​របាយការណ៍​នេះ រដ្ឋមន្ត្រី​ការ​បរ​ទស និង​សហប្រតិបត្តិការ​អន្តរជាតិ​លោក ប្រាក់ សុខុន ក៏បាន​អះអាង​ប្រា​ប់លោក Jean-Christophe Belliard អគ្គលេខាធិការរង នៃ​មន្ទី​ការបរទេស​សហភាព​អឺរ៉ុប ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា​ថា កម្ពុជា នឹង​ព្យាយាម​ការពារ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (Everything But Arms) មិន​ឲ្យ​បាត់បង់​នោះទេ​។ ប៉ុន្តែ​កម្ពុជា​ក៏មាន​បន្ទាត់​ក្រហម​កំណត់ ដោយ​មិន​ឲ្យ​បរទេស​យក​ប្រព័ន្ធ​មួយ​នេះ ដាក់​សម្ពាធ និង​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ជាតិ​ផងដែរ​។​
 
​ក្នុងន័យនេះ​លោក ប្រាក់ សុខុន ចង់​សង្កត់ធ្ងន់ថា ទោះជា​បាត់បង់ ឬ​មិន​បាត់បង់ EBA ក៏​កម្ពុជា​មិនអាច​យក​អធិបតេយ្យភាព និង​ឯករាជ្យ​ជាតិ​ទៅ​ដោះដូរ​ជាមួយ​EBA នោះដែរ​។ អម​ជាមួយ​ការលើកឡើង​ខាងលើ​រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា ក៏បាន​រំឭក​ទៅ​ប្រតិភូ​អឺរ៉ុប​វិញ​ថា ទោះជា​កម្ពុជា​បាន​ប្រឹង​បំពេញភារកិច្ច និង​ដោះស្រាយ​បញ្ហា​នានា​ក្នុងប្រទេស ដើម្បី​ទទួលបាន​ការយោគយល់​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ច្រើន​ហើយ ប៉ុន្តែ​ខាង​ប្រតិភូ​អឺរ៉ុប មិនបាន​សរសេរ​របា​យ​ការណ៍​រៀបរាប់​ពី​វឌ្ឍនភាព​នៃ​ប្រទេស​កម្ពុជា​ឡើយ​។​
 
​គិត​មកដល់ពេលនេះ មាន​រយៈពេល​៤​ខែ​ហើយ ដែល​សហភាព​អឺរ៉ុប កំពុង​បន្ត​ដំណើរការ​នីតិវិធី​តាមដាន និង​ត្រួតពិនិត្យ​លើ​ស្ថានការណ៍​កម្ពុជា មុននឹង​សម្រេច​ថា បន្ត ឬ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នៅ​កម្ពុជា​។ នីតិវិធី​នេះ ត្រូវការ​រយៈពេល​១៨​ខែ ទៅ​២០​ខែ ទើប​សហភាព​អឺរ៉ុប ធ្វើ​សេចក្តីសម្រេច​ចុងក្រោយ​។ ក្នុងអំឡុង​៦​ខែ​ដំបូង សហភាព​អឺរ៉ុប ឲ្យ​កម្ពុជា​ចូលរួម​ពិភាក្សា​និង​ការពារ​ខ្លួន ដើម្បី​បញ្ចៀស​ពី​ការព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA​។ ដំណាក់កាល​ទី​២ គណៈកម្មការ​អឺរ៉ុប នឹង​តាមដាន​ប្រមូល​ព័ត៌មាន​ជុំវិញ​ស្ថានការណ៍​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​របាយការណ៍​អំពី​លទ្ធផល សម្រាប់​ការវាយតម្លៃ និង​ធ្វើ​សេចក្តីសន្និដ្ឋាន​។​
 
​ក្នុងករណីនេះ ប្រសិនបើ​គណៈកម្មការ​សម្រេចចិត្ត​យកពន្ធ​ឡើងវិញ​លើ​រាល់​ទំនិញ​ទាំងអស់ និង​យកពន្ធ​លើ​ទំនិញ​ខ្លះ​ក៏ដោយ​នោះ គេ​ត្រូវការ​រយៈពេល​២​ខែ​ទៀត ដើម្បី​ឲ្យ​សភា​អឺរ៉ុប ឬ​សមាជិក​នៃ​សហភាព​អឺរ៉ុប​អាច​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​គណៈ​កម្ម​ការ​ទី​២​នេះ​។​
 
​យោងតាម​របាយការណ៍​ធនាគារពិភពលោក បានចេញ​ផ្សាយ​ថា ក្នុងករណី​មានការ​ព្យួរ​ការអនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា នោះ​ការនាំចេញ​នឹង​អាច​ធ្លាក់ចុះ ដែល​គិត​ជា​ទឹកប្រាក់​ចន្លោះ​ប្រមាណ ៥១៣​លាន​ដុល្លារ ទៅ ៦៥៤​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​។ ការ​គណនា​នេះ ដោយ​ផ្អែក​តួលេខ​នៃ​នាំ​ចេញទៅ EU ឆ្នាំ​២០១៨ ទំហំ ៤៣៤០​លាន​ដុល្លារ នៃ​ផលិតផល​សម្លៀកបំពាក់ ស្បែកជើង និង​អង្ករ ដោយ​មិន​គិត​ផលិតផល​កង់​៕
 

Tag:
 ហ៊ុន សែន​
  ប្រាក់ សុខុន
  EBA
  ហុង​គ្រី​
© រក្សាសិទ្ធិដោយ thmeythmey.com