អន្តរជាតិ
លោក ពូ​ទីន ដក​ប៉ូលិស​ជាន់ខ្ពស់​២​នាក់ ក្រោយ​ប្រឌិត​ភស្តុតាង​ចាប់ខ្លួន​អ្នកកាសែត​ម្នាក់​
14, Jun 2019 , 7:39 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ប្រភពរូប៖ AFP)
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន (ប្រភពរូប៖ AFP)
ដោយ:
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ដកហូត​តំណែង​មន្ត្រីប៉ូលិស​ជាន់ខ្ពស់​ប្រចាំ​រដ្ឋធានី​មូ​ស្គូ ២​នាក់ ។ ការចេញ​បញ្ជា​របស់​ប្រមុខ​ដឹកនាំ​រុស្ស៊ី​រូបនេះ ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​មានការ​ចាប់ខ្លួន​អ្នកកាសែត​ស៊ើបអង្កេត​រុស្ស៊ី​ម្នាក់ ដោយ​ប្រឌិត​បទចោទប្រកាន់​ពាក់ព័ន្ធ​នឹង​សំណុំរឿង​គ្រឿងញៀន​។​

 
​ហេតុការណ៍​ដ៏​ចម្រូងចម្រាស់​នេះ បាន​កើតឡើង​កាលពី​សប្តាហ៍​មុន​មកម្ល៉េះ ដោយ​ការចាប់ខ្លួន​លើ​លោក  Ivan Golunov ដែល​អ្នកកាសែត​ស៊ើបអង្កេត ត្រូវបាន​គេ​មើលឃើញថា គឺជា​ការដាក់ទោស​លើ​ការងារ​ស៊ើបអង្កេត​របស់លោក ។ ការឃាត់ខ្លួន​នេះ ក៏បាន​បង្ក​ការតវ៉ា​យ៉ាងច្រើន​ក្នុងសង្គម​រុស្ស៊ី​ពាក់ព័ន្ធ​នឹង​សុក្រឹតភាព​នៃ​ប្រតិបត្តិកា​រ​របស់​ប៉ូលិស​។ 
 
​តាមរយៈ​សំណើ​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ​រុស្ស៊ី នៅ​ថ្ងៃទី ១៣ មិថុនា លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានសម្រេច​ចុះហត្ថលេខា​លើ​អនុ​ក្រឹ​ត​ដើម្បី​ដកហូត​តំណែង​របស់​ស្នងការ​ប៉ូលិស​ក្រុង​ម៉ូ​ស្កូ​ខាងលិច លោក Andrei Puchkov និង​ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​គ្រឿងញៀន​នៃ​ស្នងការ​ប៉ូលិស​ក្រុង​ម៉ូ​ស្កូ លោក Yury Devyatkin ។ 
 
​ការបញ្ជា​ដកហូត​នេះ ធ្វើឡើង​បន្ទាប់ពី លោក​រដ្ឋមន្ត្រី​មហាផ្ទៃ​រុស្ស៊ី Vladimir Kolokoltsev កាលពី​ថ្ងៃ​អង្គារ​ទី ១១ ខែមិថុនា​កន្លងទៅ បាន​និយាយថា លោក បានដាក់​សំណើ​ទៅកាន់​លោក​ប្រ​ធានា​ធីប​តី ពូ​ទីន ដើម្បី​ដកតំណែង​មន្ត្រីប៉ូលិស​ទាំងពីរ​នេះ ក្រោយពី​លុបចោល​បទ​ចោទ​ប្រឆាំងនឹង​អ្នកកាសែត លោក Golunov ។ ត្រង់ចំណុច​នេះ លោក អះអាងថា ការឃាត់ខ្លួន​អ្នកកាសែត​ស៊ើបអង្កេត​រុស្ស៊ី​រូបនេះ បានធ្វើ​ឡើង​ដោយ​ខ្វះ​ភស្តុតាង​។ 
 
​លោក Golunov គឺជា​អ្នកយកព័ត៌មាន​ម្នាក់​ឲ្យ​វេ​ប​សាយ​ព័ត៌មាន​មួយ​ឈ្មោះថា Meduza ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​ឡេ​តូ​នី​ក្នុង​តំបន់​អឺរ៉ុប​។ លោក ត្រូវបាន​គេ​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ កាលពី​ថ្ងៃទី​១១ មិថុនា បន្ទាប់ពី​ការឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​របស់លោក​។​
 
​ប៉ូលិស​ក្រុង​មូ​ស្កូ បាន​ចោទប្រកាន់​លោក​ដោយ​ថា​លោក​ប៉ុនប៉ង់​ចែកចាយ​គ្រឿងញៀន​។ ពួកគេ អះអាងថា មន្ត្រីប៉ូលិស បាន​រកឃើញ​ថ្នាំញៀន​ក្នុង​ខ្លួន​លោក​។ យ៉ាងណាមិញ ខណៈ​មហាជន ចាប់ផ្តើម​ចាប់អារម្មណ៍​កាន់តែខ្លាំង​លើ​សំណុំ​រឿងនេះ  ចុងក្រោយ​ប៉ូលិស​ក្រុង​មូ​ស្កូ បាន​សារភាពថា ពួកគេ​បាន​ប្រឌិត​ភស្តុតាង​នោះ​ឡើង ដើម្បី​មួលបង្កាច់​អ្នកកាសែត​រូបនោះ​៕ 

Tag:
 ​រុស្ស៊ី​
  វ្លា​ឌី​មៀ ពូ​ទីន​
© រក្សាសិទ្ធិដោយ thmeythmey.com