អន្តរជាតិ
លោក ប្រា​វីត អាច​គ្មាន​មុខ​ក្នុង​គណៈរដ្ឋមន្ត្រី​ថៃ​ថ្មី ព្រោះ​ចង់​សម្រាក​ថែទាំ​សុខភាព​
14, Jun 2019 , 3:30 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់ស៊ូវ៉ុន  (កណ្តាល) ប្រភពរូប៖ AFP
ឧបនាយករដ្ឋមន្ត្រីថៃ លោក ប្រាវីត វង់ស៊ូវ៉ុន (កណ្តាល) ប្រភពរូប៖ AFP
ដោយ:
​ឧបនាយករដ្ឋមន្ត្រី​ថៃ លោក ប្រា​វីត វង្សសុវណ្ណ (Prawit Wongsuwon) បាន​បង្ហើប​ថា លោក​ប្រហែលជា​ពុំ​ចូលរួម​ក្នុងគណៈ​រដ្ឋមន្ត្រី​ថ្មី​ឡើយ​។ យោងតាម​ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​លោក​ប្រា​វីត ជំនួស​ឲ្យ​តំណែង​នេះ លោក នឹង​ក្លាយជា​ទីប្រឹក្សា​​ឲ្យ​នាយករដ្ឋមន្ត្រី​ថៃ លោក​ ប្រា​យុទ្ធ ចន្ទ​អូ​ចា ​។ ទាក់ទិន​នឹង​ដំណឹង​ពុំទាន់​ច្បាស់ការ​នេះ ប្រភព​ដដែល ទម្លាយ​ទៀតថា ឧបនាយករដ្ឋមន្ត្រី​ថៃ​វ័យ​៧៣​ឆ្នាំ​រូបនេះ ចង់​សម្រាក​ពី​កិច្ចការ​នយោបាយ និង​ទុកពេល​មើលថែ​សុខភាព​លោក​។

 
​កាលពីដើម​សប្តាហ៍ សារព័ត៌មាន​ថៃ បាន​ចុះផ្សាយ​ថា លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត នឹង​រក្សា​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ថៃ​ទទួលបន្ទុក​កិច្ចការ​សន្តិសុខ​ក្នុង​រដ្ឋាភិបាល​ថ្មី ខណៈ​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ចន្ទអូចា នឹង​កាន់តំណែង​ថែម​មួយទៀត​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ តំណែងរដ្ឋមន្រ្តីការពារជាតិបច្ចុប្បន្ន ជា​របស់លោក​ប្រា​វីត​។ 
 
​តាម​ការចុះផ្សាយ​របស់​កាសែត បាងកក​ប៉ុស្តិ៍ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ថៃ លោក Kongcheep Tantravanich បាន​លើកឡើងថា លោក ប្រា​វីត នឹង​ប្រកាស​ពី​ជំហរ​របស់លោក​ពាក់ព័ន្ធ​នឹង​តួនាទីដែល​លោក​នឹង​ចូលកាន់​ក្នុង​រដ្ឋាភិបាល​ថ្មី។ 
 
​យ៉ាងណាមិញ លោក ប្រា​វីត បាន​ប្រាប់​សារព័ត៌មាន​កាលពី​ថ្មីៗ​នេះ​ថា បច្ចុប្បន្ននេះ សុខភាព​លោក ពុំសូវល្អ​ប្រសើរ ហើយ​ជើង​របស់លោក ចេះតែ​ញ័រ​មិន​ឈប់​។ ទាក់ទិន​នឹង​សំដី​នេះ លោក  Kongcheep បកស្រាយ​ថា លោក​មិនអាច​និយាយ​អ្វី​ចេញពី​គំនិត​របស់លោក ​ប្រា​វីត ​បានឡើយ​។ ប៉ុន្តែ តាមរយៈ​កាយវិការ​របស់លោក និង​ការផ្តល់​បទ​សម្ភាស​នាពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ លោក​ប្រា​វីត ប្រហែលជា​ផ្ញើ​សារ​ដកថយ​មួយ​។ 
 
​លោក ប្រា​វីត ដែលមាន​អាយុ ៧៣​ឆ្នាំ មានបំណង​សម្រាក​ពី​កិច្ចការ​ប្រទេសជាតិ និង​ផ្តោត​សំខាន់​លើ​ការថែទាំ​រាងកាយ ក្រោយ​សុខភាព​លោក​ចាប់ផ្តើម​ទន់ខ្សោយ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ប្រភព​ដែល​ស្និទ្ធ​នឹង​លោក​ឧ​ត្ត​ម​សេនីយ៍ ប្រា​វីត ដោយ​បន្ថែមថា ធ្វើការ​អស់​រយៈ​៥​ឆ្នាំ​ក្នុង​រដ្ឋាភិបាល និង​ក្រុម​ប្រឹក្សាជាតិ​សម្រាប់​សន្តិភាព និង​សណ្តាប់ធ្នាប់ (NCPO) ធ្វើ​ឲ្យ​លោក​នឿយហត់​ជាខ្លាំង​។ 
 
​ទោះជា​បែបនេះ​ក្តី «​លោក នៅតែ​ព្រួយបារម្ភ​ពី​ប្អូនប្រុស​ប​ស់លោក គឺ​ឧ​ត្ត​ម​សេនីយ៍ ប្រា​យុទ្ធ ។ ប៉ុន្តែ លោក នឹងធ្វើ​ការ​នៅ​ពីក្រោយ​ឆាក​ជាទី​ប្រឹក្សា​»​។ ម្យ៉ាងវិញទៀត លោក ប្រា​វីត លែង​ចង់​ក្លាយជា​គោលដៅ​រិះគន់ ដែល​លោក​កំពុង​ប្រឈមមុខ ជាពិសេស​ពាក់ព័ន្ធ​នឹង រឿងអាស្រូវ​នាឡិកា​សេ​រ៊ី​ទំនើប​។ ប្រភព​ដដែល លើកឡើង​បែបនេះ​។  
 
​តាម​កាសែត​បាងកក​ប៉ុស្តិ៍ អ្នកឃ្លាំមើល​នយោបាយ​ថៃ ជឿជាក់ថា លោក​ឧ​ត្ត​ម​សេនីយ៍ នឹង​បន្ត​ធ្វើការ​នៅ​ពីក្រោយ​ឆាកនយោបាយ​ថៃ ក៏ដូចជា​រក្សា​ឥទ្ធិពល​យ៉ាងខ្លាំង​លើ​ក្រុម​យោធា និង​ប៉ូលីស ដើម្បី​ជួយ​ជ្រោមជ្រែង​រដ្ឋាភិបាល​ថ្មី ដែល​កើតចេញពី​ការបោះឆ្នោត​៕

Tag:
 ថៃ​
  ប្រា​វីត វង់​ស៊ូ​វ៉ុ​ន​
  គណៈរដ្ឋមន្ត្រី​
© រក្សាសិទ្ធិដោយ thmeythmey.com