ជាតិ
រដ្ឋាភិបាល ដាក់​គោលដៅ​លុបបំបាត់​ពលកម្ម​កុមារ​ឲ្យ​អស់ ត្រឹម​ឆ្នាំ​២០២៥
15, Jun 2019 , 8:29 am        
រូបភាព
រូបភាពពីក្រសួងការងារ
រូបភាពពីក្រសួងការងារ
​ក្រសួង​ការងារ បាន​ដាក់ចេញ​វិធានការ​និង​យុទ្ធសាស្ត្រ​សំខាន់ៗ​៥​ចំណុច ដើម្បី​សម្រេច​ទិសដៅ​ប​បញ្ចប់​ពលកម្ម​កុមារ​នៅត្រឹម​ឆ្នាំ​២០២៥​។ លោកស្រី ស៊ើ​ង សរ​សុចិត្តា រដ្ឋលេខាធិការ​ក្រសួង​ការងារ បានប្រកាស​ពី​វិធានការ​នេះ ក្នុង​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ នៅ​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០១៩​។



​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួង​ការងារ វិធានការ​ឬ​យុទ្ធសាស្ត្រ​ទាំង​៥​នោះ រួមមាន ១. គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ពលកម្ម​កុមារ (​គ​.​ជ​.​ព​.) ត្រូវ​បន្ត​សម្របសម្រួល​អនុវត្ត​អនុសញ្ញា​អន្តរជាតិ និង​គោលនយោបាយ​ជាតិ​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ ជាពិសេស​សហការ​ជាមួយ​អន្តរក្រសួង​-​ស្ថាប័ន ដើម្បី​ជំរុញ​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ ស្តីពី​ការកាត់បន្ថយ​ពលកម្ម​កុមារ និង​ការលុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ឆ្នាំ​២០១៦-២០២៥​។​


 
២. អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ព​. និង​នាយកដ្ឋាន​ជំនាញ​ត្រូវខិតខំ​ពង្រឹង​វិធានការ​អធិការកិច្ច​ការងារ​ឱ្យមាន​ប្រសិទ្ធភាព ទប់ស្កាត់​គ្រោះថ្នាក់​ការងារ និង​ភាព​ងាយ​រងគ្រោះ​ផ្នែក​សុខភាព សម្រាប់​កម្មករនិយោជិត​វ័យក្មេង ដើម្បី​លុបបំបាត់​ពលកម្ម​កុមារ ជាពិសេស​ពង្រីក​វិសាលភាព​ការងារ​វិស័យសេដ្ឋកិច្ច​មិន​រៀបរយ ដូចជា កម្មករ​ការងារ​ផ្ទះ សិប្បកម្ម និង​សេវាកម្ម​ដទៃទៀត​។ 
 
៣. បន្ត​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​គ្រប់ភាគី​ពាក់ព័ន្ធ និង​កៀងគរ​ធនធាន​ហិរញ្ញវត្ថុ និង​ស្វែងរក​ការគាំទ្រ​ពី​សាធារណជន​ចូលរួម​ប្រឆាំង​ពលកម្ម​កុមារ​។​
 
៤. ពង្រីក​ការផ្សព្វផ្សាយ និង​យុទ្ធនា​ការប្រឆាំង​ពលកម្ម​កុមារ និង​ការងារ​ដោយ​បង្ខំ​ទៅដល់​មូលដ្ឋាន និង​សហគមន៍​នានា ដើម្បី​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​។​
 
៥. ពង្រឹង​កិច្ច​អន្តរាគមន៍​ស្នូល ដើម្បី​សង្គ្រោះ​ពលកម្ម​កុមារ និង​ហាមឃាត់​ការងារ​ដោយ​បង្ខំ​ទៅតាម​ប្រភេទ​មុខរបរ និង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្រសួង​-​ស្ថាប័ន និង​ភាគី​ពាក់ព័ន្ធ ក្នុងការ​ទប់ស្កាត់​ការប្រើប្រាស់​ពលកម្ម​កុមារ​ពី​គ្រប់​ទម្រង់​។ 
 
​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ ១២​មិថុនា ឆ្នាំ​២០១៩ បាន​ប្រារព្ធ​ឡើង​ក្រោម​ប្រធានបទ «​កុមារ​ត្រូវ​សម្រេច​សុបិន​របស់ខ្លួន​ដោយ​មិនត្រូវ​ធ្វើជា​ពលកម្ម​កុមារ​នៅ​កន្លែង​ការងារ​ណាមួយ​ឡើយ​» ដើម្បី​រំលឹក​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ដល់​កុមារ​និង​បង្ហាញ​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល​លើ​ការកេងប្រវ័ញ្ច​ពលកម្ម​គ្រប់​ទម្រង់​៕

Tag:
 ក្រសួង​ការងារ​
  វិធានការ​
  បញ្ចប់​ពលកម្ម​កុមារ​
© រក្សាសិទ្ធិដោយ thmeythmey.com