​យុវជន U15 ត្បូងឃ្មុំ ឈ្នះ​ពាន «​ជី​ផាក​» ក្រោយ​ក្រុម​ឈុត​ធំ​លើក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត
កីឡាជាតិ
ជាតិ
​យុវជន U15 ត្បូងឃ្មុំ ឈ្នះ​ពាន «​ជី​ផាក​» ក្រោយ​ក្រុម​ឈុត​ធំ​លើក​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត
14, Jun 2019 , 4:03 pm        
រូបភាព
ក្រុមត្បូងឃ្មុំលើកពានជិផាកអាយុក្រោម១៥ឆ្នាំ
ក្រុមត្បូងឃ្មុំលើកពានជិផាកអាយុក្រោម១៥ឆ្នាំ
​ក្រុមកីឡា​បាល់ទាត់​ត្បូងឃ្មុំ​បាន​គ្រង​ជើងឯក​ពានរង្វាន់ ជី​ផាក អាយុ​ក្រោម​១៥​ឆ្នាំ​ប្រចាំឆ្នាំ​២០១៩ ក្រោយ​យកឈ្នះ​ក្រុមព្រះ​សីហនុ​ក្នុង​លទ្ធផល ៣-១ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​វិសាខា​កាលពី​ថ្ងៃទី​១៣ មិថុនា​។ ជោគជ័យ​ដ៏​ធំធេង​នេះ គឺ​វា​លើសពី​ការរំពឹងទុក​របស់​ថ្នាក់ដឹកនាំ​ខេត្ត ដែល​ដាក់​គោលដៅ​ដំបូង​យ៉ាងខ្លាំង​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​។ ឆ្នាំ​២០១៩​អាច​ចាត់ទុកជា​ឆ្នាំ​ជោគជ័យ​សម្រាប់​ត្បូងឃ្មុំ ខណៈ​ពួកគេ​ទើបតែ​គ្រង​ជើងឯក​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​កាលពីពេល​ថ្មីៗ​។

 
​អនុប្រធាន​មន្ទីរអប់រំ​កាយ​និង​កីឡា​ខេត្ត​ត្បូងឃ្មុំ​លោក កា វចនា ចាត់ទុក​ការ​ឈ្នះ​ពាន ជី​ផាក អាយុ​ក្រោម​១៥​ឆ្នាំ​របស់​ត្បូងឃ្មុំ​ជា​ជ័យជម្នះ​ដ៏​លើសលប់​ខុសពី​ការរំពឹងទុក​។ មុន​ការប្រកួត​ចាប់ផ្តើម អនុប្រធាន​មន្ទីរ​រូបនេះ បានដាក់​គោលដៅ​ថា ក្រុម​លោក​ខ្លាំង​បំផុត​អាច​ឈានដល់​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ុណ្ណោះ តែ​អ្វីៗ​ផ្ទុយ​ពី​ការយល់ឃើញ​។ 


ក្រុមព្រះសីហនុទទួលបានចំណាត់ថ្នាក់លេខ២ 

«​ខ្ញុំ​គិតថា ក្រុម​ត្បូងឃ្មុំ​នឹងមិន​អាចឈាន​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ហើយក៏​មិនអាច​បាន​ពាន​នេះដែរ​។ តែដោយសារ​ការខិតខំ​ប្រឹងប្រែង​របស់​សមាជិក​ក្រុម​ជួយ​ឲ្យ​ខ្ញុំ​បាន​ពាន​មួយ​នេះ​។ ដំបូង​ខ្ញុំ​គិតថា យ៉ាងខ្លាំងបំផុត​ខ្ញុំ​ឡើង​ត្រឹម​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ គឺ​វា​ធំ​បំផុត​សម្រាប់​ត្បូងឃ្មុំ​។ ប៉ុន្តែ​ខ្ញុំ​មិន​នឹកស្មានថា ក្រុម​អាចឈាន​ដល់​ដំណាក់កាល​នេះ​»​។ នេះ​ជាការ​លើកឡើង​របស់លោក កា វចនា​។​
 
​នេះ​ជា​ឆ្នាំ​ដ៏​ជោគជ័យ​សម្រាប់​ខេត្ត​ត្បូងឃ្មុំ ព្រោះ​ក្រុម​នេះ​ទើបតែ​ឈ្នះ​ពាន​សម្តេច ហ៊ុន សែន ថ្នាក់​ខេត្ត​កាលពី​ចុងខែ​ឧសភា ឆ្នាំ​២០១៩ ដោយ​កាលណោះ​ពួកគេ​បាន​យកឈ្នះ​សៀមរាប​ក្នុង​លទ្ធផល ១-០ នា​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ​កីឡដ្ឋាន​វិសាខា​ដូចគ្នា​។ ជ័យជម្នះ​នេះ ជួយ​ឲ្យ​ខេត្ត​ទើប​បំបែក​ចេញពី​ខេត្តកំពង់ចាម​មួយ​នេះ ទទួលបាន​កៅអី​ឡើងទៅ​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន ថ្នាក់ជាតិ ដោយ​ត្រូវ​ប្រឈម​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។ 
 
​លោក កា វចនា បានចាត់ទុក​ការ​ឈ្នះ​ពាន​ពីរ​ក្នុង​រយៈពេល​ពីរ​ខែ​នេះ គឺ​ដោយសារ​ក្រុម​កីឡាករ​បាល់ទាត់​លោក​ទទួលបាន​ការយក​ចិត្ត​ទុក​ពី​ថ្នាក់ដឹកនាំ​ខេត្ត គឺ​លោក​អភិបាលខេត្ត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ តាមរយៈ​ផ្តល់​ឲ្យ​មានការ​ប្រមូលផ្តុំ​ហ្វឹកហាត់​ជាប្រចាំ​។ ការសាងសង់​ទីលាន​បាល់ទាត់​នៅ​វិទ្យាល័យ ប៊ុនរ៉ានី ហ៊ុនសែន ស្រុក​មេមត់​ក្រោម​គម្រោង​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់​២៥​រាជធានី​-​ខេត្ត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​រួមចំណែក​ក្នុង​ជោគជ័យ​នេះ​ផងដែរ​។ 
 
«​ខ្ញុំ​ធ្លាប់បាន​សុំ​ឯកឧត្តម ស សុខា ថាបើ​មានការ​ប្រកួត​ពាន​ជី​ផាក​ទៀត ខ្ញុំបាទ​សុំចូល​រួម​បន្ត​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់​នៅ​ខេត្ត​ត្បូងឃ្មុំ​។ វិស័យ​កីឡាបាល់ទាត់​អាច​រីកចម្រើន​ទៅបាន គឺ​ដោយសារ​មានការ​យកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ បើសិន​ថ្នាក់ដឹកនាំ និង​អភិបាលខេត្ត គាត់​មិន​យកចិត្តទុកដាក់ គឺ​យើង​មិន​ទទួលបាន​ជោគជ័យ​នោះទេ​»​។ នេះ​ជាការ​បន្ថែម​របស់លោក កា វចនា​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​កីឡដ្ឋាន​វិសាខា ក្រុម​ត្បូងឃ្មុំ​បាន​វាយបក​យកឈ្នះ​ក្រុម​ព្រះសីហនុ​ក្នុង​លទ្ធផល ៣-១ ដើម្បី​គ្រង​ជើងឯក​ពានរង្វាន់​ជី​ផាក​អាយុ​ក្រោម​១៥​ឆ្នាំ ដែល​រៀបចំ​ដោយ​ក្លិប​បាល់ទាត់​វិសាខា​។ ចំណែក​ក្រុម​កំពង់ឆ្នាំង​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​ក្រោយ​យកឈ្នះ​ព្រៃវែង ៤-០​។ ក្រុម​ជើងឯក​ត្បូងឃ្មុំ​ទទួលបាន​ថវិកា​លើកទឹកចិត្ត​ចំនួន​១០​លាន​រៀល​, ព្រះសីហនុ​បាន​៦​លាន​រៀល​, កំពង់ឆ្នាំង​បាន​៤​លាន​រៀល និង​ព្រៃវែង​បាន​២​លាន​រៀល​៕  

Tag:
 បាល់ទាត់​
  កា វចនា
© រក្សាសិទ្ធិដោយ thmeythmey.com