នៅសហរដ្ឋអាមេរិក គណបក្សប្រជាធិបតេយ្យបានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពចំនួន២០នាក់ សម្រាប់ការជជែកដេញដោលដើម្បីជ្រើសរើសបេក្ខជនចុងក្រោយទៅប្រជែងក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ។ បេក្ខភាពទាំង២០នាក់នេះ មានសមាសភាពជាសមាជិក និងអតីតសមាជិកសភាទាំងពីរ អតីតអនុប្រធានាធិបតី និងអភិបាលរដ្ឋ-ក្រុងជាច្រើន។ ដោយសារបេក្ខជនមានច្រើន បក្សប្រជាធិបតេយ្យបានបង្កើនលក្ខខណ្ឌកំណត់របស់ខ្លួន សំដៅកាត់បន្ថយបេក្ខជនខ្លះ។
សម្រាប់ការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២០ លោក ដូណាល់ ត្រាំ នឹងឈរឈ្មោះប្រជែងសម្រាប់អាណត្តិទីពីរបស់ខ្លួន។ កន្លងមក លោក ត្រាំ ដែលតំណាងឲ្យបក្សសាធារណរដ្ឋ ហាក់មានទំនុកចិត្តក្នុងការបន្តស្នាក់នៅសេតវិមានបួនឆ្នាំទៀត។ សម្រាប់ការបោះឆ្នោតឆ្នាំក្រោយ កៅអីប្រធានាធិបតីរបស់លោក ត្រាំ មានអ្នកចង់អង្គុយជំនួសជាច្រើន ពិសេសក្នុងចំណោមសមាជិកបក្សប្រជាធិបតេយ្យ។
គណៈកម្មាធិការជាតិនៃបក្សប្រជាធិបតេយ្យ នៅថ្ងៃទី១៣ ខែមិថុនា បានបង្ហាញបញ្ជីឈ្មោះបេក្ខភាពប្រធានាធិបតី២០នាក់ចុងក្រោយដែលមានលក្ខខណ្ឌគ្រប់គ្រាន់ចូលរួមការជជែកដេញដោលដើម្បីស្វែងរកបេក្ខភាពសក្តិសមតំណាងបក្សប្រជែងជាមួយលោក ត្រាំ ។ ការជជែកដេញដោលផ្ទៃក្នុងនេះ នឹងធ្វើនៅថ្ងៃទី២៦ និងទី២៧ ខែមិថុនាខាងមុខ ដែលនោះជាឱកាសសម្រាប់បេក្ខជនទាំងអស់បញ្ចេញសមត្ថភាពរៀងៗក្នុងការប្រមូលសំឡេងគាំទ្រពីប្រជាជន។
បេក្ខភាពដែលមានសិទ្ធិចូលរួមចូលការជជែកដេញដោលនេះ ត្រូវការការគាំទ្រយ៉ាងតិចណាស់មួយភាគរយពីការស្ទង់ចំនួនបី ឬទទួលការឧបត្ថម្ភពីអ្នកគាំទ្រចំនួន៦៥០០០នាក់ដែលក្នុងនោះត្រូវមានអ្នកឧបត្ថម្ភយ៉ាងហោចណាស់២០០នាក់ក្នុងរដ្ឋចំនួន២០។ សម្រាប់ឆ្នាំ២០២០ បេក្ខជនប្រធានាធិបតីមានដល់ទៅ២៤រូប ប៉ុន្តែបក្សប្រជាធិបតេយ្យកាត់បួននាក់ចេញ ហើយនៅសល់២០នាក់ប៉ុណ្ណោះ។
ក្នុងចំណោមបេក្ខជនទាំង២០ បុគ្គលដែលទាក់អារម្មណ៍ និងភាគរយខ្ពស់ក្នុងការតំណាងបក្សប្រជាធិបតេយ្យ គឺអតីតអនុប្រធានាធិបតី Joe Biden ។ លោក Biden ជាអនុប្រធានាធិបតីក្នុងអាណត្តិប្រធានាធិបតីលោក បារ៉ាក់ អូបាម៉ា ។
សមាជិកព្រឹទ្ធសភាបក្សប្រជាធិបតេយ្យ៦នាក់ ក៏ដាក់ឈ្មោះប្រជែងក្នុងការបោះឆ្នោតឆ្នាំ២០២០ ។ រួមមាន លោក Michael Bennet នៃរដ្ឋ Colorado, លោក Cory Booker នៃរដ្ឋ New Jersey, លោកស្រី Kirsten Gillibrand នៃរដ្ឋ New York, លោកស្រី Kamala Harris នៃរដ្ឋ California, លោកស្រី Amy Klobuchar នៃរដ្ឋ Minnesota លោក Bernie Sanders នៃរដ្ឋ Vermont និងលោកស្រី Elizabeth Warren នៃរដ្ឋ Massachusetts ។
ចំណែកសមាជិកសភាតំណាងដែលជាប់ឈ្មោះក្នុងបញ្ជីចុងក្រោយមាន លោកស្រី Tulsi Gabbard មកពីរដ្ឋ Hawaii, លោក Tim Ryan មកពីរដ្ឋ Ohio លោក Eric Swalwell មកពីរដ្ឋ California ។ អតីតសមាជិកសភាតំណាង John Delaney និងលោក Beto O’Rourke ក៏បានចូលរួមផងដែរដូចគ្នានឹងអភិបាលរដ្ឋ Washington លោក Jay Inslee និងអភិបាលក្រុង New York លោក Bill de Blasio ៕ បេក្ខជនសេសសល់ផ្សេងទៀតមាន ពាណិជ្ជករ អ្នកនិពន្ធ និងអតីតអភិបាលរដ្ឋផង៕