ភ្នំពេញ៖ រដូវធ្លាក់ភ្លៀងចូលមកដល់បានធ្វើឲ្យតម្លៃត្រកួន និងកញ្ឆែតនៅបឹងទំពុនធ្លាក់ថ្លៃមកត្រឹមតែ ៦០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃប្រជាកសិករបោះដុំទៅឲ្យឈ្មួញនៅផ្សារដើមគរ និងផ្សារនាគមាសជាដើម។ បើធៀបទៅនឹងរដូវប្រាំង គឺពួកគាត់អាចលក់បានថ្លៃពី ២៥០០ទៅ៣៥០០រៀល។ តម្លៃបន្លែពីរប្រភេទដែលធ្លាក់ចុះនៅលើទីផ្សារនេះ បានធ្វើឲ្យអ្នកដាំដុះបន្លែនៅលើផ្ទៃទឹកបឹងទំពុន ប្របតាមបណ្តោយផ្លូវ៦០ម៉ែត្រ នៅភាគខាងត្បូងរាជធានីភ្នំពេញ កាត់បន្ថយការប្រើប្រាស់ថ្នាំពុលគីមីរហូតដល់៥០ភាគរយ ទៅលើការចម្ចាត់សត្វល្អិតចង្រៃ និងថ្នាំបំប៉នដើមឲ្យលូតលាស់បានល្អ។
ដូចរាល់ឆ្នាំ នារដូវភ្លៀងធ្លាក់ចូលមកដល់ បន្លែកញ្ឆែតនិងត្រកួនចាប់ផ្តើមធ្លាក់ថ្លៃ។ កសិករលោក សុខ គីមហៀង និងភរិយា ដែលបានប្រកបរបរដាំបន្លែប្រភេទនេះនៅលើផ្ទៃទឹកបឹងទំពុនជាង១០ឆ្នាំមកនេះ បានកាត់បន្ថយប្រើប្រាស់ថ្នាំពុលគីមីសម្រាប់សម្លាប់ដង្កូវ មេអំបៅ និងថ្នាំបំប៉នដើម រហូតដល់ទៅពាក់កណ្តាលនៃដំណាំរបស់គាត់ ដែលមានទំហំ៧០ម៉ែត្រ៤ជ្រុង។
«ក្នុងមួយខែ ខ្ញុំបាញ់ថ្នាំពុលតែ១ទៅ២ដងប៉ុណ្ណោះ។ ខ្ញុំគ្មានលទ្ធភាពទិញថ្នាំពុលបាញ់ទេ ព្រោះវាថ្លៃណាស់។ ក្នុអំឡុងខែកញ្ឆែតធ្លាក់ថ្លៃអីចឹង ទាល់តែចាំបាច់ណាស់(ដង្កូវស៊ីខ្លាំង) ទើបខ្ញុំបាញ់ថ្នាំពុល»។ នេះជាការរៀបរាប់របស់លោក គីមហៀង នៅច្រាំងបឹងទំពុនកន្លែងដែលគេដឹកបន្លែចេញទៅដាក់ឲ្យម៉ូយ ដោយកសិករវ័យជិត៥០ឆ្នាំរូបនេះ រៀបរាប់ប្រាប់ ThmeyThmey25 បន្ថែមថា ថ្នាំពុលគីមីយើងពិបាកប្រើ ព្រោះកញ្ឆែតខ្ញុំឥឡូវលក់បានមួយគីឡូ ៦០០ទៅ៧០០រៀល ហើយឈ្នួលថ្លៃកាត់កញ្ឆែតអស់ ៣៥០រៀលក្នុងមួយគីឡូ។ គ្រាន់តែខ្ញុំទូទាត់ឱ្យថ្លៃកាត់ ទិញថ្នាំ និងចំណាយតិចតួចផ្សេងទៀត គឺអត់បាត់ទៅហើយ»។
(លោក សុខ គីមហៀង អ្នកដាំកញ្ឆែតនៅបឹងទំពុន ថតដោយលោក ប៉ាន់ បូនី)
មុខរបរដាំត្រកួននិងកញ្ឆែតនៅផ្ទៃទឹកបឹងដ៏ធំល្វឹងល្វើយ នាប៉ែកខាងត្បូងរាជធានីភ្នំពេញ ប្របតាមបណ្តោយផ្លូវ៦០ម៉ែត្រនេះ ជាប្រភពចំណូលផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក សុខ គីមហៀង ដែលមានកូនពីរនាក់ក្នុងបន្ទុកផង។ ផ្ទុយពីរដូវប្រាំងដែលត្រកួននិងកញ្ឆែតរបស់កសិករ គីមហៀង លក់បានថ្លៃ ស្រាប់តែរដូវស្សាចូលមកដល់បន្លែពីរប្រភេទនេះចាប់ផ្តើមធ្លាក់ថ្លៃខ្លាំង ដោយកសិកររូបនេះប្រាប់ ThmeyThmey25 ថា ជារៀងរាល់ឆ្នាំក្នុងអំឡុងខែមិថុនា ដល់ខែសីហា កញ្ឆែត មានតម្លៃត្រឹម៦០០ទៅ៧០០រៀលក្នុងមួយគីឡូក្រាម ដែលជាតម្លៃបោះដុំឲ្យម៉ូយនៅតាមផ្ទះ និងតម្លៃ ១០០០រៀល គឺបោះដុំឲ្យម៉ូយនៅផ្សារដើមគរ ផ្សារនាគមាស និងផ្សារតាខ្មៅជាដើម។
កសិករ សុខ គីមហៀង ដែលជួលដីគេនៅក្នុងបឹងទំពុនទំហំ៧០ម៉ែត្រ៤ជ្រុងក្នុងតម្លៃ១លានរៀលក្នុងមួយឆ្នាំ បានពន្យល់បន្ថែមពីមូលហេតុបន្លែរបស់គាត់ធ្លាក់ថ្លៃយ៉ាងដូចច្នេះ៖ «ត្រកួននិងកញ្ឆែត ធ្លាក់ថ្លៃព្រោះអំឡុងពេលហ្នឹងបន្លែវៀតណាមនាំចូលច្រើន ហើយនៅចន្លោះខែមិថុនា-សីហា ជាខែដែលត្រកួននិងកញ្ឆែតនៅបណ្តាខេត្តនានាល្អនិងសម្បូរ។ ម្យ៉ាងទៀត គឺផុតពីរដូវរៀបការ តម្រូវការកញ្ឆែតមិនសូវមានច្រើនទេ»។ បន្លែធ្លាក់ថ្លៃដូចសេចក្តីពន្យល់របស់លោក សុខ គីមហៀង ជាមូលហេតុធំបំផុត ដែលជំរុញឲ្យកសិកររូបនេះ កាត់បន្ថែលការប្រើប្រាស់ថ្នាំពុលគីមីលើបន្លែរបស់គាត់រហូតដល់ទៅពាក់កណ្តាល។
«ត្រកួននិងកញ្ឆែត នៅបឹងទំពុន គឹជៀសមិនផុតពីការប្រើថ្នាំពុលគីមីសម្រាប់កម្ចាត់សត្វចង្រៃនោះទេ គ្រាន់តែប្រើច្រើនឬតិចទៅតាមរដូវកាលរបស់វាប៉ុណ្ណោះ»។ នេះជាការលើកឡើងរបស់អ្នកស្រី សោម សុវណ្ណ ដែលស្ថិតនៅក្នុងសម្លៀកបំពាក់ទទឹក ដៃកំពុងកាត់ដើមកញ្ឆែតរៀបដាក់លើរ៉ឺម៉កយកមកបោះដុំឲ្យម៉ូយនៅផ្សារនាគមាស។ ផុតរដូវកាលរៀបអាពាហ៍ពិពាហ៍ និងបុណ្យទានធំៗ ហើយជារដូវភ្លៀងធ្លាក់ដែលបន្លែកញ្ឆែតនិងត្រកួននៅតាមជនបទសម្បូរផងដែរនោះ ដែលធ្វើឲ្យប្រភពបន្លែពីរប្រភេទនេះនៅក្នុងបឹងទំពុនលក់បានថ្លៃ ជាកត្តាជាកត្តាជំរុញឲ្យកសិករវ័យ៣៥ឆ្នាំ សុវណ្ណ ពន្យារពេលប្រើប្រាស់ថ្នាំពុលគីមីទៅលើបន្លែរបស់អ្នកស្រី ដែលបានជួលដីបឹងរបស់ក្រុមហ៊ុនក្នុងទំហំ២ហិកតាក្នុងតម្លៃ២លានរៀលក្នុងមួយឆ្នាំ។
(អ្នកស្រី សោម សុវណ្ណ អ្នកកញ្ឆែតនិងត្រកួននៅបឹងទំពុន ថតដោយលោក ប៉ាន់ បូនី)
អ្នកស្រី សោម សុវណ្ណ បានបន្តរៀបរាប់យ៉ាងដូច្នេះថា៖ «ជាទម្លាប់គឺប្រើប្រាស់ថ្នាំពុលគីមី ដើម្បីកម្ចាត់ដង្កូវ មេអំបៅ និងប្រើថ្នាំជំនួយដល់ការលូតលាស់របស់បន្លែប្រភេទនេះ។ រយៈពេល១៥ថ្ងៃ ដែលអាចប្រមូលផលពីដើមកញ្ឆែតយកទៅលក់បាន ខ្ញុំបានបាញ់ថ្នាំពុល៣ដង ទោះខែកញ្ឆែតមានថ្លៃខ្ពស់ ឬទាបក៏ដោយ គ្រាន់តែខែមេឃភ្លៀងអីចឹង កញ្ឆែតវាល្អស្រាប់ យើងពន្យារពេលក្នុងការបាញ់ថ្នាំប៉ុណ្ណឹង»។
ហាក់មានសំណាងជាងកសិករ សុខ គីមហៀង ដែលលក់កញ្ឆែតបានត្រឹមតែ ៦០០ទៅ៧០០រៀលក្នុងមួយគីឡូក្រាម កសិករ សោម សុវណ្ណ បានបន្តប្រាប់ ThmeyThmey 25 ថា៖«កញ្ឆែតខ្ញុំល្អ ខ្ញុំដឹកយកទៅបោះដុំនៅផ្សារនាគមាស, ឱ្យម៉ូយផ្សេងទៀតនៅភ្នំពេញ និងម៉ូយនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងតម្លៃពី១០០០ទៅ១៥០០រៀលក្នុងមួយគីឡូក្រាម។ តម្លៃនេះបើធៀបនឹងរដូវដែលកញ្ឆែតបានថ្លៃខ្ពស់បំផុត គឺក្នុងខែកុម្ភៈដល់មេសា ខ្ញុំលក់បានមួយគីឡូក្រាម៣៥០០រៀល។ ជាមធ្យមខ្ញុំអាចផ្គត់ផ្គង់កញ្ឆែតបានពី៤០០ទៅ៥០០គីឡូក្រាមក្នុងមួយថ្ងៃ»។
មិនមែនមានតែកញ្ឆែតទេដែលធ្លាក់ថ្លៃ សូម្បីតែត្រកួនក៏ដូចគ្នាដែរ។ កសិករវ័យជាង៥០ឆ្នាំ ឈឹម វ័ន្ត បានប្រកបមុខរបរដាំត្រកួននៅក្នុងបឹងទំពុនេះជិត៣០ឆ្នាំមកហើយ ដោយលោកបានអះអាងថា ជាធម្មតានៅរដូវណាដែលត្រកួនលក់បានថ្លៃ គឺលោកតែងតែប្រើថ្នាំជំនួយការលូតលាស់ និងថ្នាំធ្វើឲ្យត្រកួននៅខ្ចីជាដើម។ ផ្ទុយទៅវិញ ប្រសិនបើ ដល់រដូវដែលសម្បូរត្រកួន ហើយលក់បានថោកទៀត នោះកសិករ ឈឹម វ័ន្ត មិនសូវប្រើថ្នាំពុលគីមីច្រើនឡើយ។
«បើខ្ញុំប្រើថ្នាំពុលច្រើនក្នុងរដូវត្រកួនលក់បានថោក ខ្ញុំមិនអាចលក់សងថ្លៃថ្នាំគេបានទេ ព្រោះថ្នាំពុលវៀតណាមឥឡូវថ្លៃណាស់។ បច្ចុប្បន្ន ខ្ញុំប្រើថ្នាំពុលលុះត្រាតែមានដង្កូវស៊ីខ្លាំង ហើយខ្ញុំកាត់មិនទាន់ឱ្យគេ បានខ្ញុំបាញ់កម្ចាត់ដង្កូវទាំងនោះ»។ បុរសវ័យចំណាស់មាឌធំមាំរូបនេះបញ្ជាក់ប្រាប់ ThmeyThmey25 យ៉ាងដូច្នេះ មុននឹងលោកបន្តទៀតថា៖ «ត្រកួននៅខែប្រាំងខ្ញុំដាក់ថ្នាំគីមីឲ្យវាខ្ចីល្អ ឆាប់លូតវែង ឆាប់បានកាត់បោះដុំឲ្យគេ គឺខ្ញុំប្រើថ្នាំពុលអស់៣០ម៉ឺនរៀល។ ប៉ុន្តែ នៅរដូវវស្សាចាប់ពីខែមិថុនាដល់ខែកញ្ញា គឺត្រកួនលក់បានថោក ខ្ញុំក៏បន្ថែមការប្រើថ្នាំមកនៅត្រឹមតែ១៥ម៉ឺនរៀលប៉ុណ្ណោះ»។
(លោក ឈឹម វ័ន្ត អ្នកដាំត្រកួននៅបឹងទំពុន ថតដោយលោក ប៉ាន់ បូនី)
លោក ឈឹម វ័ន្ត ដែលកំពុងរអ៊ូនឹងតម្លៃត្រកួនចុះថ្លៃនេះបានឲ្យដឹងយ៉ាងដូច្នេះថា ត្រកួនបច្ចុប្បន្ន មានតម្លៃ១០០០រៀលក្នុងមួយដុំ ដែលមានទម្ងន់ប្រមាណ២គីឡូក្រាម តែបើនៅខែប្រាំងវិញ ត្រកូនមានតម្លៃ២០០០ទៅ២៥០០រៀលក្នុងទំហំដូចគ្នា។
ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ថ្នាំពុលគីមីទៅលើត្រកួននិងកញ្ឆែត សម្រាប់កម្ចាត់ដង្កូវ និងប្រើថ្នាំជំនួយដើម ក្នុងរយៈពេល៥ថ្ងៃបាញ់ម្តង គឺមិនប៉ះពាល់សុខភាពដល់អ្នកបរិភោគឡើយ។ ថ្នាំពុលដែលកសិករខាងលើបានប្រើប្រាស់ ជាធម្មតាក្នុងរយៈពេល១ទៅ២ថ្ងៃ កម្រិតជាតិពុលដែលប៉ះពាល់សុខភាព គឺបានបាត់បង់ហើយ។ នេះជាការអះអាំងរបស់លោក សុខ សុធា មន្រី្តបច្ចេកទេសដាំបន្លែរបស់អង្គការ GRET ប្រាប់សារព័ត៌មានថ្មី (ThmeyThmey.com) ។
លោក សុខ សុធា ប្រាប់ថា ការកាត់បន្ថយនិងពន្យារពេលប្រើថ្នាំគីមីលើបន្លែទាំងនោះ គឺជាជម្រើសល្អសម្រាប់សេដ្ឋកិច្ចពួកគាត់ក្នុងបរិបទ ដែលតម្លៃបន្លែទាំងនោះធា្លក់ថ្លៃ។ ប៉ុន្តែ ជម្រើសដែលល្អប្រសើរជាងនេះ គឺប្រជាកសិករទាំងនោះ គួរតែយកឱកាសដែលត្រកួននិងកញ្ឆែតមានតម្លៃទាបអីចឹង ងាកមកប្រើថ្នាំពុលធម្មជាតិ ជំនួសដោយការថ្នាំពុលគីមីវិញ ព្រោះការប្រើប្រាស់ថ្នាំពុលធម្មជាតិ អាចជួយកាត់បន្ថយថ្លៃដើមបានកាន់តែច្រើន។
មន្រី្តបច្ចេកទេសដាំបន្លែរបស់អង្គការ GRET រូបនេះ បានពន្យល់ពីបច្ចេកទេសផលិតថ្នាំពុលធម្មជាតិ ដើម្បីកម្ចាត់សត្វដង្កូវដែលស៊ីបន្លែប្រភេទនេះ យ៉ាងដូច្នេះ៖«យើងអាចប្រើប្រាស់ថ្នាំពុលធម្មជាតិសម្រាប់ការពារនិងទប់ស្កាត់បាន ដោយយកស្លឹកស្តៅ ម្ទេស និងទន្ទ្រាងខែត្រ ចិញ្ច្រាំឬបុកបញ្ចូលគា្នផ្អាប់ទុកតែមួយយប់ គឺអាចប្រើប្រាស់បានហើយ។ ការធ្វើដូច្នេះ អាចជួយឱ្យត្រកួន កញ្ឆែតល្អ និងរួចផុតពីការបំផ្លាញនានាពីសត្វដង្កូវទាំងនោះ។ ជាពិសេស ការប្រើថ្នាំពុលធម្មជាតិ វាអាចឱ្យប្រជាកសិករជៀសផុតឆ្ងាយពីការប្រើប្រាស់ថ្នាំពុលគីមី ដោយផ្ទាល់បានមួយរយៈពេលផងដែរ»។
ប្រជាកសិករដែលដាំត្រកួននិងកញ្ឆែតនៅបឹងទំពុន អាចបាញ់ថ្នាំពុលធម្មជាតិ២ដងក្នុងសប្តាហ៍ ប៉ុន្តែ ត្រូវបាញ់ឱ្យបានមុនពពួកដង្កូវចង្រៃចូលមកដល់។ បើចាំសត្វចង្រៃនេះចូលក្នុងចម្ការបន្លែហើយ ថ្នាំពុលធម្មជាតិនោះ គឺពិបាកក្នុងការបណ្តេញ ឬកម្ចាត់ណាស់។ មិនថារដូវត្រកួននិងកញ្ឆែត មានតម្លៃខ្ពស់ ឬទាបនោះទេ ប្រជាកសិករនៅបឹងទំពុនគួរតែអនុវត្តការប្រើប្រាស់ពុលធម្មជាតិវិញ សម្រាប់ជួយដល់សេដ្ឋកិច្ច និងសុខភាពរបស់ពួកគាត់។ នេះជាការផ្តល់យោបល់បន្ថែមរបស់លោក សុខ សុធា មន្រី្តបច្ចេកទេសដាំបន្លែរបស់អង្គការ GRET ។
ទាក់ទិននឹងការប្រើប្រាស់ថ្នាំពុលធម្មជាតិនេះដែរ កសិករខាងលើបានអះអាងប្រាប់ ThmeyThmey 25 ថា ពួកគាត់ធ្លាប់បានប្រើថ្នាំពុលធម្មជាតិនោះហើយ តែគ្មានប្រសិទ្ធភាពសម្រាប់ប្រភេទដំណាំលើទឹកទាំងនោះឡើយ ទើបពួកគាត់នៅបន្តប្រើថ្នាំពុលគីមីដដែល។ តើនេះមកពីកសិករទាំងនោះ មិនបានប្រើត្រឹមត្រូវតាមបច្ចេកទេសនៃផលិតនិងប្រើថ្នាំពុលធម្មជាតិមែនឬ? ដូច្នេះ កសិករនៅបឹងទំពុននៅតែបន្តប្រើប្រាស់ថ្នាំពុលគីមីសម្រាប់ស្រោចដំណាំរបស់ពួកគាត់ទៀតមែនឬ? កញ្ឆែត និងត្រកួននៅបឹងទំពុនដែលពោរពេញទៅដោយជាតិគីមី ផ្គង់ផ្គត់នៅរាធានីភ្នំពេញ និងបន្តចែកចាយស្ទើរទូទាំងប្រទេសនេះ តើប្រជាពលរដ្ឋនៅតែបន្តបរិភោគទៀតឬយ៉ាងណា?
កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៩ នាពិធីចែកសញ្ញាបត្រឲ្យនិស្សិតនៅរាធានីភ្នំពេញ សម្តេចនាយរដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យពិនិត្យនិងយកចិត្តទុកដាក់លើការទិញផលិតផល និងចំណីអាហារគ្រប់មុខ ហើយជៀសវាងការទិញរបស់ណាដែលមានជាតិគីមី។ មេដឹកនាំរូបនេះបញ្ជាក់យ៉ាងដូច្នេះ៖ «នេះ ជាការចូលរួមទាំងអស់គ្នា ទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងអ្នកដាំដុះ ដើម្បីធ្វើឲ្យប្រទេសរបស់យើង មានសុវត្ថិភាពចំណីអាហារ»។ ទន្ទឹមនឹងនេះ នាយករដ្ឋមន្ត្រីក៏បានឲ្យមន្ត្រីកាំកុងត្រូលត្រួនពិនិត្យឲ្យបានម៉ត់ចត់លើការនាំចូលម្ហូបអាហារ និងបន្លែដែលមានជាតិគីមីពីក្រៅប្រទេសផងដែរ៕