កីឡាជាតិ
កីឡាអន្តរជាតិ
ជាតិ
FIFA Ranking៖ ជ័យជម្នះទាំងពីរជើងលើប៉ាគីស្ថាននាំកម្ពុជាឡើងមកលេខ១៦៩ រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានឡើងពីចំណាត់ថ្នាក់លេខ១៧៣ ទៅលេខ១៦៩ នៅខែមិថុនានេះ ក្នុងតារាងចំណាត់ថ្នាក់របស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA World Ranking)។ ការកើនចំណាត់ថ្នាក់ល្អនេះ គឺយោងតាមលទ្ធផល២ប្រកួតចុងក្រោយរបស់កម្ពុជា ដែលឈ្នះទាំង២លើកលើប៉ាគីស្ថាន នាការប្រកួតជម្រុះបឋម World Cup ឆ្នាំ២០២២។
មុនចេញតារាងចំណាត់ថ្នាក់ FIFA World Ranking នៅថ្ងៃទី១៤ ខែមិថុនានេះ ក្រុមគោព្រៃកម្ពុជាក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda និងគ្រូបង្វឹកលោក Felix Dalmas មានការប្រកួតអន្តរជាតិចំនួន២លើកចុងក្រោយ។
កម្ពុជាបានទទួលជ័យជម្នះទាំងពីរជើងតែម្តង ក្នុងនោះឈ្នះប៉ាគីស្ថាន ២-០ ក្នុងដីខ្លូនឯង និងឈ្នះជើងទី២ដោយលទ្ធផល ២-១ នៅកាតា ដែលប៉ាគីស្ថានយកធ្វើជាទឹកដីសម្រាប់ជំនួបវគ្គជម្រុះ AFC Cup 2023 និងជម្រុះបឋម World Cup 2022។
កម្ពុជាដែលកាលពីខែមេសា ស្ថិតនៅចំណាត់ថ្នាក់លេខ១៧៣ ដោយមាន៩៦៧ពិន្ទុ បានឡើងមកលេខ១៦៩ ដោយមាន៩៨៨ពិន្ទុ ពោលគឺក្រើន២១ពិន្ទុ និង៤ចំណាត់ថ្នាក់។ ទីតាំងនេះ នាំឲ្យកម្ពុជាឈ្នះលើប្រទេស/តំបន់ចំនួន៤២ ក្នុងចំណោមសមាជិក FIFA ទាំង២១១។
សម្រាប់តំបន់អាស៊ាន វៀតណាម មានចំណាត់ថ្នាក់ល្អជាងគេ គឺលេខ៩៦ ដោយឈរពីលើថៃលេខ១១៦ ហ្វីលីពីន (១២៦) មីយ៉ាន់ម៉ា (១៣៨) ម៉ាឡេស៊ី (១៥៩) ឥណ្ឌូនេស៊ី (១៦២) និងសិង្ហបុរី (១៦២)។ កម្ពុជា ឈរពីលើឡាវ (១៨៨) ព្រុយណេ (១៩៣) និង ទីម័រខាងកើត (២០០)។
ក្នុងតំបន់អាស៊ី (AFC) អ៊ីរ៉ង់ការពារចំណាត់ថ្នាក់ទី១ (២០ពិភពលោក) របស់គេដដែល ខណៈជប៉ុននៅលេខ២ (២៨ពិភពលោក) កូរ៉េខាងត្បូង (៣៧) អូស្ត្រាលី (៤៣) កាតា (៥៥) អេមីរ៉ាតអារ៉ាប់រួម (៦៧) អារ៉ាប៊ីសាអូឌីត (៦៩) ចិន (៧៣) អ៊ីរ៉ាក់ (៧៧) នៅលេខរៀងបន្តបន្ទាប់។
រីឯចំណាត់ថ្នាក់កំពូលលើលោក បែលហ្ស៊ិកនៅតែរក្សាចំណាត់ទី១របស់ខ្លួនដដែលក្នុងតារាង
FIFA World Ranking តាមពីក្រោយដោយបារាំង ប្រេស៊ីល អង់គ្លេស ព័រទុយហ្គាល់ ក្រូអាស៊ី អេស្ប៉ាញ អ៊ុយរូហ្គាយ ស្វ៊ីស និងដាណឺម៉ាកដែលស្ថិតក្នុងតំបន់ Top 10៕
Tag:
បាល់ទាត់
FIFA Ranking
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com