ជាតិ
សូរសព្ទដូចគ្នា ពាក្យ «លត់»,«លុត» និង«លុត្ត»តែមានន័យខុសគ្នា!
× មានសូរសព្ទដូចគ្នាពិតមែន តែ«លត់»,«លុត» និង«លុត្ត» មានន័យខុសគ្នាឆ្ងាយណាស់។ នេះបើយោងតាមវចនានុក្រមខ្មែរដែលសម្តេច ជួន ណាត បានបញ្ជាក់ដូច្នេះ។
សម្តេច ជួន ណាត ពន្យល់ថា«លត់»ប្រើនៅក្នុងន័យថា ធ្វើឲ្យរលត់ ធ្វើឲ្យបាត់ក្តៅ,បំបាត់ក្រោធ។ គេច្រើនតែប្រើពាក្យ«លត់»សំដៅលើការលត់ភ្លើង ដោយយកទឹកទៅរលត់ ដូចជា ជ្រលក់ដែកដែលកំពុងឆេះទៅក្នុងទឹក។ ប្រើនៅក្នុងន័យម្យ៉ាងទៀត គឺលត់កំហឹង ដោយប្រើវិធីសាស្ត្រដ៏ល្អប្រសើរ ដើម្បីទប់កំហឹងកុំឲ្យកើតជាកំហុសកាន់តែធំ។
លោកបានពន្យល់ពាក្យ«លុត»ជាកិរិយាសព្ទ មានន័យថា បញ្ជច់ជង្គង់ចុះដល់ដី។ នៅក្នុងភាសាថៃគេក៏ប្រើពាក្យនេះផងដែរ ដោយសរសេរថា ហ្លុត គឺមានន័យថា ថ្លោះ,របូត។ លើសពីនេះគេអាចប្រើវាជានាមសព្ទក៏បានដែរ ដែលសំដៅលើខ្សែពួរសម្រាប់ទាញលើក ឬទាញដាក់ដងក្តោងទូកធំ ឬសំពៅ ឬខ្សែរូតក្តោងតូច ឬហៅថា ខ្សែលូត។ ឯ«លុត្ត» មានន័យថា លុបចោល គឺធ្វើឲ្យបាត់ស្នាម,ឲ្យបាត់គំនូស,ឲ្យបាត់រូប,ឲ្យបាត់ឈ្មោះ,ឲ្យវិនាស។
នៅមានពាក្យដែលមានសូរសព្ទដូចគ្នាច្រើនទៀត ដែលពលរដ្ឋងាយនឹងច្រឡំគ្នា នោះដូចជាពាក្យ ច្រែះ,ច្រេះ,និងច្រែស,លេច និងលិច, មិច,ម៉េច, ផ្ញៀវ និងភ្ញៀវ, ទារ និងទា,កំពុង និងកំពង់, អុំ និងអ៊ំ,ចៀរ និងជា ជាដើម៕
© រក្សាសិទ្ធិដោយ thmeythmey.com