គ្រឿងញៀន​១៧​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅ​បាវិត
ជាតិ
សង្គមជាតិ
គ្រឿងញៀន​១៧​គីឡូក្រាម ត្រូវ​សមត្ថកិច្ច​ចាប់បាន នៅ​បាវិត
14, Jun 2019 , 5:10 pm        
រូបភាព
​គ្រឿងញៀន​១៧​គីឡូក្រាម ត្រូវ​កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៦១១ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង ចុះបង្ក្រាប​នៅក្បែ​នឹង​ច្រក​អន្តរជាតិ​បាវិត​នៅ​ម៉ោង​៨​យប់​ថ្ងៃទី​១៣​មិថុនា ឆ្នាំ​២០១៩​។ ចំណែកឯ​ជនសង្ស័យ​ត្រូវបាន​រត់គេចខ្លួន​។ នេះ​បើតាម​ចេញផ្សាយ​របស់​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ​។​


 
​លោក កែវ សុថា វរសេនីយ៍ឯក ស្នងការរង​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា កម្លាំង​នគរបាល​ការពារ​ព្រំដែន​លេខ​៦១១ ចេញ​ល្បាត​តាម​ខ្សែក្រវ៉ាត់​ព្រំដែន ត្រង់ចំណុច​បង្គោលព្រំ​ដែន​លេខ​១៧០ ស្លាប​ខាងឆ្វេង​ច្រកទ្វារ​អន្តរជាតិ​បាវិត បាន​ជួបនឹង​ជនសង្ស័យ​ម្នាក់ ដើរកាត់​វាលស្រែ​ក្បែរ​ចម្ការ​ប្រេងខ្យល់ ដោយមាន​យួរ​វ៉ា​លី​ធំ​មួយ​។

លោក កែវ សុថា បាន​អះអាងថា «​សមត្ថកិច្ច​មានការ​សង្ស័យ ក៏បាន​ហៅ​ឲ្យ​ឈប់​ដើម្បី​សួរនាំ តែ​ជនសង្ស័យ​បាន​ទម្លាក់ វ៉ា​លី​នោះ​ចោល ហើយ​រត់គេចខ្លួន​ចូល​ចម្ការ​ប្រេងខ្យល់​បាត់​។ ក្រោយ​ត្រួតពិនិត្យ​ឆែកឆេរ​វ៉ា​លី​នោះ សមត្ថកិច្ច​បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ដែល​សង្ស័យថា ជា​គ្រឿងញៀន​ប្រភេទ​អំ​ហ្វេ​តា​មីន​ចំនួន​១៧​ដុំ ស្មើនឹង​១៧​គីឡូក្រាម​។​ ​

វរសេនីយ៍ឯក​រូបនេះ សន្និដ្ឋានថា​ជនសង្ស័យ​ប្រុង​នាំ​គ្រឿងញៀន​នេះ ទៅ​ប្រទេស​វៀតណាម ។ បច្ចុប្បន្ននេះ​កម្លាំង​សម្ថ​កិច្ច​កំពុង​ទាក់ទង​ភាគី​វៀតណាម ដើម្បី​ស្រាវជ្រាវ​មុខសញ្ញា​ពាក់ព័ន្ធ​។ រីឯ​គ្រឿងញៀន​១៧​គីឡូក្រាម ត្រូវ​រក្សាទុក​នៅ​ប៉ុស្តិ៍​ព្រំដែន​ធ្លក រង់ចាំ​តំណាង​អយ្យការ​ចូលរួម​វេច​ខ្ចប់​តាម​នីតិវិធី នាំយក​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង​៕




 

Tag:
 គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com