ជាតិ
បទយកការណ៍ / បទសម្ភាសន៍
អ្នកវិនិយោគ​មើលឃើញ​ចំណុច​វិជ្ជមាន​ក្រោយ​ជំនួប​ពាណិជ្ជកម្ម​ជាមួយ​ភាគី​សិង្ហ​បុរី​នៅ​សៀមរាប​
15, Jun 2019 , 5:59 pm        
រូបភាព
​សៀមរាប​៖ ដើម្បី​ជំរុញ​វិស័យ​វិនិយោគ​នៅ​ខេត្តសៀមរាប​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត ក្រុម​អ្នករកស៊ី​មួយ​ក្នុង​ខេត្តសៀមរាប បានរៀបចំ​ជំនួប​ពាណិជ្ជកម្ម​រវាង​អ្នកវិនិយោគ​កម្ពុជា​និង​សិង្ហ​បុរី ក្នុង​បំណង​ដើម្បី​ផ្លាស់ប្ដូរ ចែករំលែក និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​ខេត្ត​មួយ​នេះ​។ ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​បានរៀបចំ​ជំនួប​នេះ ហើយ​អ្នកវិនិយោគ​សិង្ហ​បុរី​ជាង​២០​រូប​ត្រូវបាន​អញ្ជើញ​ឱ្យចូល​រួម​ក្នុងជំនួប​ដ៏​កម្រ​នេះ ហើយ​ជា​លទ្ធផល​គឺមាន​វិនិយោគទុន​សិង្ហ​បុរី​មួយចំនួន​បានបង្ហាញ​ការចាប់អារម្មណ៍​លើ​វិស័យ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​យកការណ៍​ដែល​រៀបរៀង​ដោយ​អ្នកស្រី អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​



 
​វិនិយោគទុន​កម្ពុ​ជាមាន​ឱកាស​ជួប​វិនិយោគទុន​សិង្ហ​បុរី​ដោយផ្ទាល់​ក្នុងជំនួប​ពិភាក្សា​ផ្នែក​ពាណិជ្ជកម្ម​ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ មេ​ម៉​រ​ផា​ឡេស នៅ​ពាក់កណ្ដាល​ខែមិថុនា​។ ជំនួប​នេះ​ត្រូវបាន​រៀបចំឡើង​ដោយ​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​សៀមរាប ហៅ​កាត់​ថា STC (Siem Reap Tourism Club) ដោយ​សហការ​ជាមួយ​សាលា​អន្ដរជាតិ​សិង្ហ​បុរី​មួយ​នៅ​ក្រុង​សៀមរាប ដែល​បាន​អញ្ជើញ​អ្នករកស៊ី​សិង្ហ​បុរី​ចំនួន ២៧​រូប​មក​ស្វែងរក​ឱកាស​វិនិយោគ​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​។​


 
​ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប លោក កៅ ហ្វី​លី​ព បានបង្ហាញ​អារម្មណ៍​រីករាយ​នៅពេល​ជំនួប​ផ្នែក​ពាណិជ្ជកម្ម​ជា​លើកដំបូង​នេះ ទទួលបាន​សញ្ញា​វិជ្ជមាន​ច្រើន​ហួស​ពី​ការរំពឹងទុក​។ លោក​បន្ថែមថា ការងារ​នេះ​ជា​ផ្នែក​មួយ​នៃ​ចក្ខុវិស័យ​របស់​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប ក្នុងការ​ធ្វើយ៉ាងណា​អភិវឌ្ឍន៍​វិស័យ​មួយ​នេះ ឱ្យ​កាន់តែ​ខ្លាំងក្លា​និង​មាន​និរន្តរភាព​។ ជាងនេះទៅទៀត គឺ​ដើម្បី​ទាក់ទង​អ្នកវិនិយោគ​គិ​នប​រទេស ឱ្យ​សំឡឹង​ឱកាស​វិនិយោគ​ក្នុង​ខេត្តសៀមរាប​។ ជា​ប្រតិបត្តិ​ករ​ផ្នែក​ទេសចរណ៍​មួយរូប លោក ហ្វី​លី​ព ក៏​រំពឹងថា​ក្រោយ​ជំនួប​នេះហើយ នឹង​អាច​ទាក់ទាញ​អ្នករកស៊ី​សិង្ហ​បុរី​ឱ្យមក​បង្កើត​អាជីវកម្ម​នៅ​សៀមរាប​នាពេលខាងមុខ​ផងដែរ​។​


 
 
​វិនិយោគ​គិ​ន​ដែល​មក​ទស្សនកិច្ច​សិក្សា​ឱកាស​រកស៊ី​នៅ​ខេត្តសៀមរាប​មាន​ចម្រុះ​វិស័យ ដែល​រួមមាន​វិស័យ​ទេសចរណ៍ វិស័យ​បច្ចេកវិទ្យា វិស័យ​អគ្គិសនី វិស័យ​សុខាភិបាល​ជាដើម​។ នេះ​ជាស​ញ្ញា​ដ៏​ល្អ​មួយ​សម្រាប់​ខេត្តសៀមរាប នៅពេល​មានការ​ចូលមក​វិនិយោគ​របស់​ជនបរទេស​ដែល​នឹង​ជំ​រុញឱ្យ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​ទេសចរណ៍​មួយ​នេះ​កាន់តែ​រីកចម្រើន​។ ការ​ចុះមក​សិក្សា​ឱកាស​វិនិយោគ​នេះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការផ្សព្វផ្សាយ​ទិសដៅ​ទេសចរណ៍​នៅទីនេះ ទៅដល់​ពលរដ្ឋ​សិង្ហ​បុរី​ផងដែរ ដើម្បី​ទាក់ទាញ​ទេសចរ​ជាតិ​សាសន៍​នេះ​មកកាន់​ទឹកដី​អង្គរ បង្កើន​ផលិតភាព​នៃ​វិស័យនេះ​កាន់តែ​រីកចម្រើន​ទៅមុខ​។​
 
​មាន​មូលហេតុ​សំខាន់​ចំនួន​២​ដែល​បើកឱកាស​ឱ្យមាន​ជំនួប​ពិភាក្សា​ការវិនិយោគ​ជាមួយ​អ្នករកស៊ី​កម្ពុជា​និង​សិង្ហ​បុរី​នៅលើ​ទឹកដី​ខេត្តសៀមរាប​នេះ​។ ទី​១ រដ្ឋាភិបាល​សិង្ហ​បុរី​មាន​គោលនយោបាយ​ជំរុញ​ឱ្យ​អ្នកវិនិយោគ​ក្នុងស្រុក​ចេញមក​វិនិយោគ​នៅ​តំបន់​អាស៊ាន និង​ទី​២​ទេសចរ​សិង្ហ​បុរី ត្រូវបាន​ចាត់ទុកថា​ជា​ទេសចរ​ដែលមាន​សក្កា​នុព​ល​ខ្ពស់​ក្នុងការ​មក​ទស្សនា​ខេត្តសៀមរាប ដ្បិត​ប្រទេស​ទាំង​២​មាន​រយៈ​ចំងាយ​ជិត​អាច​ហោះហើរ​បាន​យ៉ាង​ងាយស្រួល​ទៅវិញទៅមក​។ សម្រាប់​ទេសចរ​ជនជាតិ​នេះ កន្លងមក​ខេត្តសៀមរាប​មិនសូវ​ទទួលបាន​ច្រើន​ទេ តែ​ពួកគេ​បានបង្ហាញ​វត្តមាន​ច្រើន​នៅ​ប្រទេសជិតខាង​កម្ពុជា​ទៅវិញ​។ នេះ​ជាការ​លើកឡើង​របស់លោក ហ្វី​លី​ព ដែលថា​គួរតែមាន​ការផ្សព្វផ្សាយ​បន្ថែម​ដើម្បី​ទាក់ទាញ​ទេសចរ​ទាំង​នោះមក​កម្សាន្ត​ខេត្តសៀមរាប​។​
 
 
​លោក សាវ៉ា​ន់ ប្រធាន​ផ្សារ​ផលិតផល​កម្ពុជា​ដ៏​ល្បីល្បាញ​ក្នុង​ក្រុង​សៀមរាប​ក៏បាន​ចូលរួម​ក្នុង​វេទិកា​ជំនួប​ពិភាក្សា​ការវិនិយោគ​នេះដែរ​។ មាន​ក្រុមហ៊ុន​មួយ​បានបង្ហាញ​ការចាប់អារម្មណ៍​ទៅនឹង​ផ្សារ​សិប្បកម្ម​របស់លោក សាវ៉ា​ន់ និង​ចង់​ផលិត​សម្រាប់​ការនាំ​ចេញទៅ​ក្រៅ​ស្រុក​ផង​។ តាម​ការបញ្ជាក់​ពី​ម្ចាស់​ផ្សារ​ផលិតផល​កម្ពុជា​នេះ ក្នុងនោះ​ក៏មាន​ក្រុមហ៊ុន​ផ្សេងទៀត​ចាប់អារម្មណ៍​ការនាំចេញ​ផ្លែស្វាយ​ពី​កម្ពុជា​ទៅ​ទីផ្សារ​បរទេស​ផងដែរ ដែល​ការណ៍​នេះ​នឹង​ជំរុញ​ដល់​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​ប្រសិន​មានការ​វិនិយោគ​ពិតប្រាកដ​មែន​នោះ​។​
 
 
​ជា​មនុស្ស​ម្នាក់​ដែលមាន​បទពិសោធន៍​ផ្នែក​អាជីវកម្ម លោក សាវ៉ា​ន់ យល់ឃើញថា អ្នកវិនិយោគ​សិង្ហ​បុរី​ដែល​មកនេះ គឺមាន​ភាព​វ័យ​ចំណាស់ ដែល​អាច​ចែករំលែក​ដល់​អ្នកវិនិយោគ​កម្ពុជា​សិក្សា​រៀនសូត្រ​បាន​។ ជាមួយគ្នានេះ​លោក សាវ៉ា​ន់ ក៏​កោតសរសើរ​ចំពោះ​អ្នករៀបចំ​ជំនួប​ដ៏​មាន​សារសំខាន់​នេះដែរ ដោយ​រំពឹងថា​វេទិកា​នេះ​នឹង​ក្លាយជា​ជំនួប​ដ៏​ល្អ​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប​នាពេលខាងមុខ​។​
 
​ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តសៀមរាប​-​ឧ​ត្ត​រ​មានជ័យ លោក ហ៊ុយ ភៀវ ក៏បានផ្តល់​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ជំនួប​ពាណិជ្ជកម្ម​នេះដែរ​។ លោក ហ៊ុយ ភៀវ បាន​បញ្ជាក់ថា​ក្នុងជំនួប​នេះ​មាន​ក្រុមហ៊ុន​មួយ​រក​ទិញ​អង្ករ​នាំ​ចេញទៅ​ប្រទេស​ម៉ាឡេស៊ី ដែល​នេះ​ជា​សញ្ញា​ដ៏​ល្អ​សម្រាប់​ខេត្តសៀមរាប​ដែល​កន្លងមក​មិនទាន់មាន​ការវិនិយោគ​លើ​ផ្នែក​នេះ​នៅឡើយ​។ យ៉ាងណា ភាគី​ក្រុមហ៊ុន​នោះ​មិនទាន់​បញ្ជាក់​ពី​បរិមាណ​ដែល​ចង់បាន​នៅឡើយ ដោយ​សុំ​ការពិភាក្សា​និង​ជជែក​គ្នា​បន្ថែម​ដើម្បីឱ្យ​ការងារ​នេះ​ជោគជ័យ​។​
 
 
​ដ្បិតថា​នេះ​ជា​ជំនួប​ដើម្បី​សិក្សា​ពី​លទ្ធភាព​វិនិយោគ​ពីគ្នា​ក៏ពិតមែន តែ​ប្រធាន​ក្លឹប​ប្រតិបត្តិ​ករ​ទេសចរណ៍​ខេត្តសៀមរាប​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា ជាការ​ងារ​ដ៏​ល្អ​ក្នុង​គៀងគរ​អ្នកវិនិយោគទុន​ពី​ក្រៅប្រទេស​មកកាន់​ខេត្ត​ទេសចរណ៍​មួយ​នេះ​។ អ្នកវិនិយោគ​ទាំងនោះ​បាន​រៀនសូត្រ​ពីគ្នា និង​បានដឹង​ពី​ព័ត៌មាន​លើ​គម្រោង​អភិវឌ្ឍន៍​ក្រុង​នាពេល​អនាគត ដែលជា​ចំណុច​ដ៏​ល្អ​ក្នុង​ការឱ្យ​អ្នកវិនិយោគ​ទាំងនោះ​យកទៅ​ពិចារណា​និង​សម្រេចចិត្ត​បោះទុន​វិនិយោគ​នាពេល​អនាគត​៕
 
 
 

Tag:
 អ្នកវិនិយោគ​សិង្ហ​បុរី​
  សៀមរាប​
  កៅ ហ្វី​លី​ព​
  ហ៊ុយ ភៀវ​
© រក្សាសិទ្ធិដោយ thmeythmey.com