អន្តរជាតិ
ទី​ម័​រ​ខាងកើត​ដាក់​គម្រោង​ប្រែ​ក្លាយខ្លួនជា​ប្រទេស​ដែល​គ្មាន​ប្លា​ស្ទិ​ក​
15, Jun 2019 , 6:29 pm        
រូបភាព
រោងចក្រកែច្នៃសម្រាមរបស់អូស្ត្រាលី (រូបភាព៖ Inside Waste)
រោងចក្រកែច្នៃសម្រាមរបស់អូស្ត្រាលី (រូបភាព៖ Inside Waste)
​ទី​ម័​រ​ខាង​កើតមាន​គម្រោង​ប្រែក្លាយ​ខ្លួន​ឱ្យទៅជា​ប្រទេស​ទីមួយ​នៅលើ​ពិភពលោក​ដែល​កែច្នៃ​ឡើងវិញ​ទាំងស្រុង​នូវ​កាកសំណល់​ប្លា​ស្ទិ​ក​គ្រប់​ប្រភេទ​។ ការប្រកាស​នេះ​ធ្វើឡើង ក្រោយ​កោះ​មួយ​នេះ​សហការ​ជាមួយ​ក្រុម​អ្នកស្រាវជ្រាវ​ជនជាតិ​អូស្ត្រាលី​ដើម្បី​កសាង​រោងចក្រ​កែច្នៃ​សម្រាម​ប្លា​ស្ទិ​ក​កាលពី​ពាក់កណ្តាល​ខែឧសភា​កន្ល​ង​ទៅ​។​



​រោងចក្រ​ថ្មី​មួយ​ដែលមាន​តម្លៃ​៤០​លាន​ដុល្លា​សហរដ្ឋអាមេរិក​នឹង​ធានា​មិន​ឱ្យមាន​សំណល់​សម្រាម​ប្លា​ស្ទិ​ក​ដែល​បាន​ប្រើប្រាស់​នៅក្នុង​រដ្ឋ​អាស៊ីអាគ្នេយ៍​មួយ​នេះឡើយ​។ នៅក្នុង​លំនាំ​នេះ កាកសំណល់​ប្លា​ស្ទិ​ក​ទាំងអស់ នឹងត្រូវ​បាន​ច្នៃ​ឱ្យក្លាយ​ទៅជា​ផលិតផល​សម្រេច និង​ពាក់កណ្តាល​សម្រេច ក្រោមរូបភាព​ជា​សម្ភារ​ប្រើប្រាស់​ផ្សេងៗ​។​
 
​បើតាម World Economic Forum រដ្ឋាភិបាល​ក្រុង​ឌី​លី បាន​លើកឡើងថា ទី​ម័​រ​ខាងកើត បាន​ចុះហត្ថលេខា​លើ​អនុសារណៈ​យោគយល់​គ្នា​ជាមួយ​ក្រុមហ៊ុន Mura Technology របស់​អូស្ត្រាលី ក្នុង​ការកសាង​រោងចក្រ​មិន​គិត​ប្រាក់កម្រៃ​មួយ​ឈ្មោះ RESPECT ដែល​នឹង​ដំណើរការ​កែច្នៃ​សំណល់​ប្លា​ស្ទិ​កនៅ​ចុងឆ្នាំ​២០២០​។​
 
​លោក Thomas Maschmeyer សហ​ស្ថាបនិក​នៃ​បច្ចេកវិទ្យា​កែច្នៃ​សំណល់​ឡើងវិញ​ដែល​នឹងត្រូវ​បំពាក់​នៅក្នុង​រោងចក្រ​ថ្មី បាន​លើកឡើងថា ទី​ម័​រ​ខាងកើត​គឺជា​កោះ​ដ៏​តូច​មួយ​ដែល​អាចបង្កើត​គោលការណ៍ “​គ្មាន​សម្រាម​” ឱ្យមាន​ប្រសិទ្ធភាព​នៅ​ទូទាំងប្រទេស​បាន​។​
 
​លោក​បាន​បញ្ជាក់ថា​៖ ចំពោះ​សំណល់​ប្លា​ស្ទិ​ក ប្រសិនបើ​យើង​បំបែក​ធាតុ​វា​មិន​បានល្អ វា​នឹង​បង្កឱ្យមាន​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ​។ ផ្ទុយទៅវិញ បើ​យើង​ទុកដាក់​និង​បំបែក​ធាតុ​វា​បានល្អ នោះ​ជា​រឿង​ដ៏​អស្ចារ្យ​បំផុត​»​។​
 
​បន្ថែម​ពីលើ​ផលប៉ះពាល់​ទៅលើ​សុខភាព​មនុស្ស​និង​សត្វព្រៃ ក្រុម​អ្នកជំនាញ​ផ្នែក​អាជីវកម្ម​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក បាន​លើកឡើងថា​សម្ភារ​ប្លា​ស្ទិ​ក​ធ្វើ​ឲ្យ​ខាតបង់​ថវិកា ១,៣ ពាន់​លាន​ដុល្លា​អាមេរិក ក្នុង​មួយឆ្នាំៗ ទៅក្នុង​សេដ្ឋកិច្ចពិភពលោក ជាពិសេស​នៅក្នុង​វិស័យ​ធំៗ​ទាំងបី​មាន​ទេសចរណ៍ នេសាទ និង​ឧស្សាហកម្ម​ផ្លូវទឹក​។ 
 
​គួរ​បញ្ជាក់ថា ប្រសិនបើ​រោងចក្រ RESPECT ទទួលបាន​ជោគជ័យ ប្រទេស​ទី​ម័​រ​ខាងកើត​នឹង​ក្លាយទៅជា​គម្រូ​ដ៏​ល្អ​សម្រាប់​បណ្តា​ប្រទេស​កំពុង​អភិវឌ្ឍ​ឯទៀត​នៅលើ​ពិភពលោក​ដែល​រងគ្រោះ​ដោយសារ​សំណល់​ប្លា​ស្ទិ​ក​។  ជាមួយគ្នានេះ គេ​សង្កេតឃើញ​បច្ចេកវិទ្យា​ដដែល​បំពាក់​នៅ​ទី​ម័​រ​ខាងកើត​ត្រូវបាន​គេ​គ្រោង​ថា​នឹង​ដំឡើង​នៅក្នុង​បណ្តា​រោងចក្រ​កែច្នៃ​នៅ​កាណាដា អូស្ត្រាលី និង​អង់គ្លេស​ផងដែរ​៕

​ដោយ​៖ យ៉​ន សុខន 
 
.
 
 
 

Tag:
 សម្រាម​
 ​ប្លា​ស្ទិ​ក​
  ទី​ម័​រ​ខាងកើត​
© រក្សាសិទ្ធិដោយ thmeythmey.com