ជាតិ
សេដ្ឋកិច្ច
កម្ពុជា​នឹងមាន​ឯកអគ្គរាជទូត​ប្រចាំ​តា​ហ្ស៊ី​គី​ស្ថាន​ដែលមាន​និវេសនដ្ឋាន​នៅ​ម៉ូស្គូ​
15, Jun 2019 , 2:14 pm        
រូបភាព
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ថ្ងៃទី​១៥ ខែមិថុនា នេះ បាន​ជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន Emomali Rahmon ខណៈ​សម្តេច​ដឹកនាំ​ប្រតិភូ​ទៅកាន់​ប្រទេស​អាស៊ី​កណ្តាល​មួយ​នេះ​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​៥ នៃ​សន្និសីទ​អន្តរសកម្មភាព និង​វិធាន​ការកសាង​ទំនុកចិត្ត​នៅ​អាស៊ី​។ នាឱកាស​នោះ ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានលើកឡើង​ពី​គម្រោង​តែងតាំង​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​តា​ហ្ស៊ី​គី​ស្ថាន ដែលមាន​និ​វេស​ដ្ឋា​ន​នៅ​ក្រុង​ម៉ូស្គូ របស់​រុស្ស៊ី​។​

 
​ដោយសារ​តែមាន​បញ្ហា​ក្នុងការ​ស្នើសុំ​ការតែងតាំង​ឯកអគ្គរដ្ឋទូត ដូច្នេះ​កម្ពុជា និង​តា​ហ្ស៊ី​គី​ស្ថាន ត្រូវយក​ឯកអគ្គរដ្ឋទូត​ពី​ប្រទេស​នៅក្បែរៗ​នោះ​ដើម្បី​ទៅកាន់​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ​។ នា​ជំនួប​ជាមួយ​ប្រធានាធិបតី​តា​ហ្ស៊ី​គី​ស្ថាន លោក Emomali Rahmon សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាងថា សម្តេច​នឹង​តែងតាំង​ឯកអគ្គរាជទូត​កម្ពុជា​នៅ​ទីក្រុង​ម៉ូស្គូ​មកកាន់​ប្រទេស​តា​ហ្ស៊ី​គី​ស្ថាន​។​


 
​ប​ច្ច​ប្បន្ន លោក កែ វិសិដ្ឋ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សហព័ន្ធរុស្ស៊ី ក៏​ជា​ឯកអគ្គរាជទូត​តែងតាំង ប្រចាំ​លី​ទុយ​អា​នី ឡេ​តូ​នី អេ​ស្តូ​នី ប៊ុលហ្គារី រ៉ូ​មា​នី និង​បេឡា​រុស ផងដែរ​។​
 
​នាពេល​ស្វាគមន៍​សម្តេច ហ៊ុន សែន នៅ​វិមាន​ប្រធានាធិបតី លោក Emomali Rahmon ក៏បាន​បង្ហាញ​នូវ​បំណងប្រាថ្នា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយនឹង​កម្ពុជា​ផងដែរ ដោយ​ប្រទេស​ទាំងពីរ បាន​ចុះហត្ថលេខា​ក្នុង​ការកសាង​ទំនាក់ទំនង​ការទូត​តាំងពី​ឆ្នាំ​១៩៩៥​មក តែ​មិនមាន​កិច្ចសហប្រតិបត្តិការ​ជា​ដុំកំភួន​។​
 
​ជាមួយគ្នានេះ ប្រមុខ​ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ បាន​ពិនិត្យមើល​លទ្ធភាព​ក្នុង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម​វិនិយោគ វប្បធម៌ និង​ទេសចរណ៍​ជាដើម​។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ស្នើសុំ​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ទស្សនៈ​កិច្ច​ពិនិត្យ​ពិគ្រោះ​យោបល់​គ្នា និង​យល់ដឹង​គ្នា​កាន់តែច្រើន​ថែមទៀត​។ 
 
​ក្នុងនាម​ព្រះករុណា​ព្រះមហាក្សត្រ សម្តេច ហ៊ុន សែន ស្នើសុំ​អញ្ជើញ លោក​ប្រធានាធិបតី តា​ហ្ស៊ី​គី​ស្ថាន មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នៅ​កម្ពុជា​ក្នុង​ពេលវេលា​សមស្រប​ណាមួយ​នៅពេល​ខាងមុខ​។​
 
​លោក Emomali Rahmon បាន​ឯកភាព​ចំពោះ​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច ហ៊ុន សែន ក្នុងការ​តែងតាំង​ឯកអគ្គរដ្ឋទូត ក្នុងនៃ​ប្រទេស​ផ្សេង​នៅ​ជិត​នេះ ទៅកាន់​ទីក្រុង​នៃ​ប្រទេស​ទាំងពីរ និង​ឯកភាព​ឲ្យ​មាន​អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច កសិកម្ម វិនិយោគ វិស័យ​ឧស្សាហកម្ម ជាពិសេស​ប្រទេស​តាជី​គី​ស្ថាន​នឹងធ្វើ​ការនាំ​ចូល​ក្រណាត់ និង​សម្លៀកបំពាក់​ពី​ប្រទេស​កម្ពុជា​ផងដែរ​៕
 

Tag:
 តា​ហ្ស៊ី​គី​ស្ថាន​
© រក្សាសិទ្ធិដោយ thmeythmey.com