សង្គមអន្តរជាតិ​
អន្តរជាតិ
នារី​រកស៊ី​ផ្លូវភេទ​នៅ​ស៊ីម​បា​វ៉េ ទាមទារ​ឲ្យ​ភ្ញៀវ​បង់​ជា​ដុល្លារ​អាមេរិក​ព្រោះ​រូបិយ​បណ្ណ​ក្នុងស្រុក​ធ្លាក់ចុះ
15, Jun 2019 , 8:59 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ដែល​បម្រើ​សេវាកម្ម​ផ្លូវភេទ​នៅ​ប្រទេស​ស៊ីម​បា​វ៉េ បានទាមទារ​ឲ្យ​អតិថិជន​បង់ថ្លៃ​សេវាកម្ម​ជា​រូបិយ​បណ្ណ​ដុល្លារ​អាមេរិក ខណៈដែល​រូបិយ​ប​ណ្ឌ​ក្នុងស្រុក (Zimbabwean dollar) បន្ត​ធ្លាក់​ថ្លៃ​យ៉ាងគំហុក​។ នេះ​បើតាម​ការផ្សាយ​របស់ My Zimbabwe News​។​

 
​ស្ថានភាព​សេដ្ឋកិច្ច កំពុង​ក្លាយជា​កង្វល់​របស់​រដ្ឋ និង​ពលរដ្ឋ​នៅ​ស៊ីម​បា​វ៉េ ដែល​ក្នុងនោះ​មាន​បណ្តា​ស្ត្រី​ដែល​ប្រកប​របរ​រកស៊ី​ផ្លូវភេទ​នៅ​ក្រុង Gweru ផងដែរ ដោយ​បច្ចុប្បន្ន ក្រុង​ទាំងមូល មាន​ស្ត្រី​ប្រមាណ​៥០០០​នាក់ កំពុង​បម្រើ​សេវាកម្ម​ផ្លូវភេទ​។​
 
​ក្នុង​បទ​សម្ភាស​ជាមួយ My Zimbabwe News ក្រុម​ស្ត្រី​ទាំងនោះ បានទាមទារ​លក្ខខណ្ឌ​ឲ្យ​ភ្ញៀវ​បង់ថ្លៃ​សេវាកម្ម​ជា​លុយ​ដុល្លារ​អាមេរិក ពីព្រោះ​រូបិយ​បណ្ណ​ក្នុងស្រុក​កាន់តែ​ធ្លាក់​ថ្លៃ ហើយ​ម្យ៉ាងទៀត ពួកគាត់​ត្រូវ​ចំណាយ​ច្រើន​លើ​ការ​ស្នាក់នៅ និង​សេវាកម្ម​សុខាភិបាល​។​
 
Sekai អាយុ​១៩​ឆ្នាំ បាន​អះអាងថា បណ្តាញ​ក្រុម​អ្នករកស៊ី​ផ្លូវភេទ​ទាំងអស់ សុទ្ធតែ​បាន​ព្រមព្រៀងគ្នា ទាមទារ​ថ្លៃ​សេវាកម្ម​ជា​លុយ​ដុល្លារ​អាមេរិក​តាំងពី​ដើមឆ្នាំ​មកម្ល៉េះ ប៉ុន្តែ​ភ្ញៀវ​មួយចំនួនធំ​នៅតែ​មិន​គោរព​លក្ខខណ្ឌ​។​
 
Mavis អាយុ​២០​ឆ្នាំ បាន​បន្ថែមថា​៖ «​យើង​មិនអាច​ទ្រាំ​ទទួល​យ៉ាង​ដូច្នេះ​ឡើយ ព្រោះ​វា​ប្រៀបដូចជា​ការផ្តល់សេវា​កម្ម​ដោយ​មិន​គិតថ្លៃ​។ យើង​ត្រូវ​ទទួលបាន​តម្លៃ​ពី​៥ ទៅ​១០​ដុល្លារ​អាមេរិក​សមរាប់​រយៈពេល​ខ្លី និង​៤០​ដុល្លារ​អាមេរិក​ពេញ​មួយ​យប់​»​។​
 
​នាង​បញ្ជាក់ថា ក្រុម​នារី​រកស៊ី​ផ្លូវភេទ ក៏ត្រូវ​បង់​ជា​ដុល្លារ​អាមេរិក​ផងដែរ ដល់ទី​តាំង​ដែល​ខ្លួន​បម្រើ​សេវាកម្ម​ភ្ញៀវ​។ «​ម្ចាស់ផ្ទះ​ទាមទារ​ឲ្យ​យើង​បង់​ជា​ដុល្លារ​អាមេរិក ដូច្នេះ​យើង​ក៏​ចង់បាន​ពី​ភ្ញៀវ​វិញ​ដូច្នោះ​ដែរ​។ យើង​មិនមែន​លក់ខ្លួន​ដើម្បី​តែ​ទិញ​នំប៉័ង ឬ​ទឹកដោះគោ​នោះឡើយ ប៉ុន្តែ​យើង​ត្រូវការ​ប្រាក់​ដើម្បី​ឲ្យ​កូន​ទៅ​សាលារៀន​ផងដែរ​»៕
 

Tag:
 ស៊ីម​បា​វ៉េ​
© រក្សាសិទ្ធិដោយ thmeythmey.com