សង្គមអន្តរជាតិ
អន្តរជាតិ
នារីរកស៊ីផ្លូវភេទនៅស៊ីមបាវ៉េ ទាមទារឲ្យភ្ញៀវបង់ជាដុល្លារអាមេរិកព្រោះរូបិយបណ្ណក្នុងស្រុកធ្លាក់ចុះ
× ស្ត្រីដែលបម្រើសេវាកម្មផ្លូវភេទនៅប្រទេសស៊ីមបាវ៉េ បានទាមទារឲ្យអតិថិជនបង់ថ្លៃសេវាកម្មជារូបិយបណ្ណដុល្លារអាមេរិក ខណៈដែលរូបិយបណ្ឌក្នុងស្រុក (Zimbabwean dollar) បន្តធ្លាក់ថ្លៃយ៉ាងគំហុក។ នេះបើតាមការផ្សាយរបស់ My Zimbabwe News។
ស្ថានភាពសេដ្ឋកិច្ច កំពុងក្លាយជាកង្វល់របស់រដ្ឋ និងពលរដ្ឋនៅស៊ីមបាវ៉េ ដែលក្នុងនោះមានបណ្តាស្ត្រីដែលប្រកបរបររកស៊ីផ្លូវភេទនៅក្រុង Gweru ផងដែរ ដោយបច្ចុប្បន្ន ក្រុងទាំងមូល មានស្ត្រីប្រមាណ៥០០០នាក់ កំពុងបម្រើសេវាកម្មផ្លូវភេទ។
ក្នុងបទសម្ភាសជាមួយ My Zimbabwe News ក្រុមស្ត្រីទាំងនោះ បានទាមទារលក្ខខណ្ឌឲ្យភ្ញៀវបង់ថ្លៃសេវាកម្មជាលុយដុល្លារអាមេរិក ពីព្រោះរូបិយបណ្ណក្នុងស្រុកកាន់តែធ្លាក់ថ្លៃ ហើយម្យ៉ាងទៀត ពួកគាត់ត្រូវចំណាយច្រើនលើការស្នាក់នៅ និងសេវាកម្មសុខាភិបាល។
Sekai អាយុ១៩ឆ្នាំ បានអះអាងថា បណ្តាញក្រុមអ្នករកស៊ីផ្លូវភេទទាំងអស់ សុទ្ធតែបានព្រមព្រៀងគ្នា ទាមទារថ្លៃសេវាកម្មជាលុយដុល្លារអាមេរិកតាំងពីដើមឆ្នាំមកម្ល៉េះ ប៉ុន្តែភ្ញៀវមួយចំនួនធំនៅតែមិនគោរពលក្ខខណ្ឌ។
Mavis អាយុ២០ឆ្នាំ បានបន្ថែមថា៖ «យើងមិនអាចទ្រាំទទួលយ៉ាងដូច្នេះឡើយ ព្រោះវាប្រៀបដូចជាការផ្តល់សេវាកម្មដោយមិនគិតថ្លៃ។ យើងត្រូវទទួលបានតម្លៃពី៥ ទៅ១០ដុល្លារអាមេរិកសមរាប់រយៈពេលខ្លី និង៤០ដុល្លារអាមេរិកពេញមួយយប់»។
នាងបញ្ជាក់ថា ក្រុមនារីរកស៊ីផ្លូវភេទ ក៏ត្រូវបង់ជាដុល្លារអាមេរិកផងដែរ ដល់ទីតាំងដែលខ្លួនបម្រើសេវាកម្មភ្ញៀវ។ «ម្ចាស់ផ្ទះទាមទារឲ្យយើងបង់ជាដុល្លារអាមេរិក ដូច្នេះយើងក៏ចង់បានពីភ្ញៀវវិញដូច្នោះដែរ។ យើងមិនមែនលក់ខ្លួនដើម្បីតែទិញនំប៉័ង ឬទឹកដោះគោនោះឡើយ ប៉ុន្តែយើងត្រូវការប្រាក់ដើម្បីឲ្យកូនទៅសាលារៀនផងដែរ»៕
© រក្សាសិទ្ធិដោយ thmeythmey.com