កីឡាករអាជីពលំដាប់ពិភពលោកជាង១០០នាក់ នឹងចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក នៅតំបន់ឆ្នេរសមុទ្រកម្ពុជានាខែមករា ឆ្នាំ២០២០ ខាងមុខ។ ព្រឹត្តិការណ៍នេះ គឺបង្កើតឡើងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ និងរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាទោចក្រយានកម្ពុជា។ អ្នកជំនាញមកពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ(UCI) អះអាងថា ព្រឹត្តិការណ៍នេះមានដើមកំណើតនៅម៉ាឡេស៊ី ដោយថ្នាក់ដឹកនាំប្រទេសនេះប្រើជាឧបករណ៍ ដើម្បីស្តារវិបត្តិភ្ញៀវទេសចរ។
នៅដើមខែមករា ឆ្នាំ២០២០ខាងមុខ ក្រសួងទេសចរណ៍ នឹងសហការជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយាន ក្រោមជំនួយបច្ចេកពីអ្នកជំនាញមកពីសហព័ន្ធកីឡាទោចក្រយានអន្តរជាតិ រៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ការរៀបចំលើកដំបូងនេះដោយឆ្លងកាត់ខេត្តជាប់មាត់សមុទ្រចំនួន៤រួមមានកោះកុង កំពត កែបនិងព្រះសីហនុ ដែលមានចម្ងាយផ្លូវប្រមាណ៥០០គីឡូម៉ែត្រ។
បើតាមលោក វ៉ាត់ ចំរើន រដ្ឋលេខាក្រសួងទេសចរណ៍ កីឡាករប្រណាំងកង់អាជីពលំដាប់ពិភពលោកមកពី២០ប្រទេសជាង១០០នាក់នឹងប្រកួតប្រជែងគ្នា ដណ្តើមជើងឯកប្រចាំព្រឹត្តិការណ៍នេះ។ កម្ពុជានឹងជ្រើសរើសកីឡាករខ្លាំងៗរបស់ខ្លួនឲ្យចូលរួមប្រកួតផងដែរ។ វាជាឱកាសដ៏ល្អសម្រាប់កីឡាករកម្ពុជាក្នុងការដកស្រង់បទពិសោធ ក៏ដូចជាសិក្សាបច្ចេកទេសពីកីឡាករអាជីពកម្រិតខ្ពស់ទាំងនេះ ដើម្បីអភិវឌ្ឍន៍សមត្ថភាព សម្រាប់ត្រៀមប្រជែងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។
លោក វ៉ាត់ ចំរើន
លើសពីនេះវានឹងក្លាយជាចលករជួយផ្សព្វផ្សាយឲ្យពិភពលោកស្គាល់កាន់តែច្បាស់ពីតំបន់ទេសចរណ៍ឆ្នេរសមុទ្រដ៏មានសក្តានុពលរបស់កម្ពុជា ពិសេសជួយទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យមកកម្ពុជាកាន់តែច្រើន។ តាមរយៈកីឡាករអាជីពទាំងនេះ នឹងជួយទាក់ទាញបណ្តាប្រព័ន្ធផ្សព្វផ្សាយល្បីៗជុំវិញពិភពលោក ឲ្យមកកម្ពុជាដើម្បីចុះផ្សាយពីព្រឹត្តិការណ៍នេះ។
ព្រឹត្តិការណ៍កីឡាទេសចរណ៍កំពុងក្លាយជាចលនាថ្មីមួយ ដែលពិភពលោកប្រើប្រាស់ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យទៅទស្សនាប្រទេសរបស់ពួកគេ។ បើតាមលោក វ៉ាត់ ចំរើន ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បានរួមចំណែកពី១០ទៅ២០ភាគរយក្នុងការជួយទាក់ទាញភ្ញៀវទេសចរ ព្រោះការចូលរួមព្រឹត្តិការណ៍កីឡាមួយ មិនមែនមានតែកីឡាករនោះទេ ដោយពួកគេបាននាំគ្រួសារ មិត្តភក្តិ និងក្រុមការងារជាដើម។
មន្ត្រីជំនាញមកពី UCI លោក Orisa Bin Baharun ដែលមានបទពិសោធរៀបចំព្រឹត្តិការណ៍ប្រណាំងកង់កម្រិតអាជីពចំនួន១៩ឆ្នាំបានអះអាងថា ព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកត្រូវបានរៀបចំលើកដំបូងបំផុតនៅប្រទេសម៉ាឡេស៊ី ដោយពេលនោះពួកគេជួបវិបត្តិរឿងភ្ញៀវទេសចរ។ តាមរយៈព្រឹត្តិការណ៍នេះ វាបានជួយប្រែមុខមាត់ម៉ាឡេស៊ីពីប្រទេសខ្សត់ភ្ញៀវទេសចរ ឲ្យមកជាប្រទេសមានភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ចាប់តាំងពីពេលនោះមក ប្រទេសម៉ាឡេស៊ី និងបណ្តាប្រទេសលើពិភពលោកជាច្រើនបាននាំគ្នារៀបចំព្រឹត្តិការណ៍នេះជាបន្តបន្ទាប់។
លោក Orisa Bin Baharun (ស្តាំ)ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីពេលកន្លងទៅនៅទីស្នាក់ការ NOCC
ដោយមើលឃើញពីសារសំខាន់ លោក Bruno Bodard អគ្គនាយកសមាគមឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដែលបានមកទស្សនាតំបន់ឆ្នេរសមុទ្រកម្ពុជា បានផ្តល់គំនិតឲ្យលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឲ្យបង្កើតព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា។ ហើយនៅនោះ លោក ថោង ខុន ក៏ឯកភាពតាមគំនិតរបស់លោកតែម្តង។
លោក Bruno Bodard ពេលចូលរួមសន្និសីទសារព័ត៌មានការប្រណាំងពិភពលោកនៅតំបន់ឆ្នេរសមុទ្រកម្ពុជា
លោក នី ផល្លី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍នេះប្រព្រឹត្តទៅចន្លោះពីថ្ងៃទី៤-៦ ខែមករា ឆ្នាំ២០១៩ ដោយបែងចែកជា៣ដំណាក់កាល។ ដំណាក់កាលទី១នៅថ្ងៃទី៤ មករា ដោយចេញដំណើរពីរមណីយដ្ឋានតារាសាគរខេត្តកោះកុងឆ្លងរង្វង់មូលសាយភូថងឆ្ពោះទៅទីរួមខេត្តកោះកុងដែលមានចំណាយសរុប១៣៩គីឡូម៉ែត្រ រីឯដំណាក់កាលទី២នៅថ្ងៃទី៥ មករា ដោយចេញដំណើរពីរង្វង់មូលរមណីយដ្ឋានតារាសាគរ ឆ្លងកាត់ផ្លូវបំបែកស្រែអំបិល ឆ្ពោះទៅរង្វង់មូលវាលរិញ រួចបន្តដំណើរទៅរមណីយដ្ឋានឋានសួគ៌បូកគោ ដែលមានចម្ងាយ១៧៤គីឡូម៉ែត្រ ខណៈដំណាក់កាលទី៣ ដែលជាថ្ងៃចុងក្រោយនៅថ្ងៃទី៦ មករា កីឡាករត្រូវចេញដំណើរនៅមុខសាលាខេត្តកែប ឆ្លងកាត់រង្វង់សេះស ឆ្ពោះទៅរង្វង់មូលធុរេនខេត្តកំពត រួចបន្តដំណើរទៅរង្វង់មូលវាលរិញ និងបញ្ចប់នៅរង្វង់មូលតោពីរខេត្តព្រះសីហនុ ដោយនៅទីនោះកីឡាករត្រូវជិះ៣ជុំក្នុងខេត្ត៕