ជា​រៀងរាល់ខែ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មាន​តម្រូវការ​ឈាម​ប្រមាណ​៥០០​ប្លោក​
ជាតិ
ជា​រៀងរាល់ខែ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មាន​តម្រូវការ​ឈាម​ប្រមាណ​៥០០​ប្លោក​
15, Jun 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖  យុទ្ធនាការ​ក្នុងការ​បំផុស​ឱ្យចូល​រួម​បរិច្ចាគ​ឈាម មាន​សកម្មភាព​កាន់តែខ្លាំង​ក្លា​ឡើង​នៅពេលដែល​តាម​បណ្ដា​មន្ទីរពេទ្យ​នៅ​កម្ពុ​ជាមាន​តម្រូវការ​ឈាម​ជាប្រចាំ និង​មាន​បរិមាណ​ច្រើន​ពីមួយ​ខែ​ទៅមួយ​ខែ​។ ជាមួយគ្នានេះ គ្រាន់តែ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​មួយ មាន​តម្រូវការ​ឈាម​ជា​ប្រចាំខែ​ចន្លោះ​ពី​៤៥០​ទៅ​៥០០​ប្លោក​ដើម្បី​ព្យាបាល​អ្នកជំងឺ​។ ក្នុងន័យ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​កម្ពុជា​យល់​និង​ចូលរួម​បរិច្ចាគ​ឈាម​នេះ សមាគមន​សហគ្រិន​វ័យក្មេង​កម្ពុជា​ខេត្តសៀមរាប​បានរៀបចំ​កម្មវិធី​បរិច្ចាគ​ឈាម​ជា​ទ្រុងទ្រាយ​ធំ ដើម្បីឱ្យ​យុវជន​ជួយ​សង្គម​និង​ជីវិត​មនុស្ស​តាមរយៈ​ការបរិច្ចាគ​ឈាម​នេះ​។​

 
​ក្រុមយុវជន​ប្រមាណ​១៥០០​នាក់​មកពី​បណ្ដា​គ្រឹះស្ថាន​អប់រំ​នៅក្នុង​ក្រុង​សៀមរាប បានបង្ហាញ​វត្តមាន​ដ៏​សកម្ម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​ប្រចាំឆ្នាំ​របស់​សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ខេត្តសៀមរាប ដែលឧបត្ថម្ភដោយធនាគារ ព្រីនស៍ នៅ​ព្រឹក​ថ្ងៃទី​១៥ មិថុនា នៅ​បរិវេណ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។ នេះ​ជា​រូបភាព​ដ៏​មាន​អត្ថន័យ​បំផុត ក្នុងការ​ចូលរួម​ជួយ​សង្គម ក៏ដូចជា​ជីវិត​មនុស្ស​ដែល​ត្រូវការ​ឈាម​បន្ទាន់​។​


 
​លោក ឡាយ គឹម​សួរ ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប បានឱ្យដឹងថា នេះ​ជា​ឆ្នាំ​ទី​៣​ហើយ​ដែល​សមាគម​របស់លោក​បានរៀបចំ​កម្មវិធី​នេះ​ឡើង ដើម្បី​បំផុស​ឱ្យ​យុវជន​ចូលរួម​បរិច្ចាគ​ឈាម​។ លោក​បន្តថា ការចូលរួម​បរិច្ចាគ​រយៈពេល​ត្រឹម​២​ថ្ងៃ​ក្នុង​កម្មវិធី​នេះ មិនមាន​បរិមាណ​ច្រើន​ដូច​ទៅនឹង​តម្រូវការ​ក៏ពិតមែន តែ​វា​ជា​រូបភាព​មួយ​បណ្ដុះ​គំនិត​ឱ្យ​យុវជន​ចេះ​ជួយ​គ្នា បរិច្ចាគ​ឈាម ជួយ​ជីវិត​មនុស្ស និង​ចេះ​ស្រឡាញ់​សង្គម​។ តាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​សហគ្រិន​វ័យក្មេង​ខេត្តសៀមរាប អ្នកចូលរួម​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាមមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ ហើយ​ឆ្នាំនេះ​រំពឹងថា​នឹង​ទទួល​អ្នក​បរិច្ចាគ​ច្រើនជាង​ឆ្នាំទៅ​ដែលមាន​ចំនួន​ជាង​៣០០​នាក់​។​


 
​ឱសថការី ឆាយ គឹម​ឈន ប្រធាន​មជ្ឈមណ្ឌល​ផ្តល់​ឈាម​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប បាន​និយាយថា នៅ​ឆ្នាំ​២០១៩​នេះ តម្រូវការ​ឈាម​ក្នុង​មន្ទីរពេទ្យ​មានការ​កើនឡើង​ខ្ពស់ ដែលជា​ប្រចាំខែ​តម្រូវការ​ឈាមមាន​ចន្លោះ​ពី​៤៥០​ទៅ​៥០០​ប្លោក ហើយ​ប្រធាន​ជំងឺ​ដែល​ត្រូវការ​ទាន់ពេលវេលា​នោះ​រួមមាន អ្នកជំងឺ​គ្រោះថ្នាក់​ចរាចរណ៍ ស្ដ្រី​ឆ្លងទន្លេ ជំងឺ​ហូរឈាម​ក្អួត​ធ្លាក់ឈាម និង​ជំងឺ​វះកាត់​។​ល​។ តម្រូវការ​នេះ គឺ​រាប់បញ្ចូល​ទាំង​អ្នកជំងឺ​ដែល​បញ្ជូន​មកពី​បណ្ដា​ខេត្ត​នៅ​ជុំវិញ​សៀមរាប​ផងដែរ​។ ជាមួយនឹង​កម្មវិធី​ប​រិ​ច្ចាគ​ឈាម​របស់​ក្រុមយុវជន​នៅពេល​នេះដែរ ប្រធាន​មជ្ឈមណ្ឌល​ផ្តល់​ឈាម​បាន​កោតសរសើរ​និង​ថា​នេះ​ជា​រូបភាព​ដ៏​ល្អ​សម្រាប់​ការងារ​ជួយ​សង្គម​មួយផ្នែក​ដែល​យុវជន​បានធ្វើ​។ 


 
​មាន​វត្តមាន​ក្នុង​កម្មវិធី​បរិច្ចាគ​ឈាម​នោះដែរ អភិបាលរង​ខេត្តសៀមរាប លោក ពិន ប្រាកដ ថា​នេះ​ជា​រូបភាព​បង្ហាញ​ពី​សាមគ្គីភាព និង​ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​ជួយសង្គ្រោះ​ជីវិត​ជនរងគ្រោះ​ដែល​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​បានបង្ហាញ​ពី​សកម្មភាព​មន​ស្ស​ធម៌​ដ៏​ល្អ​សម្រាប់​សង្គមជាតិ​។ លោក​អភិបាលរង​បាន​លើកទឹកចិត្ត​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ចូលរួម​បរិច្ចាគ​ឈាម ដែល​វា​ជា​កាយវិការ​ប្រកបដោយ​មនុស្សធម៌​ដ៏​មានតម្លៃ​សម្រាប់​ពលរដ្ឋ​គ្រប់រូប​។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍បរិច្ចាគឈាមរយៈពេលពេញ២ថ្ងៃនេះ ទទួលបានអ្នកបរិច្ចាគចំនួន ៤៦៣នាក់ ឬស្មើនឹង ៤៦៣ប្លោកឈាម៕
 










 
 
 

Tag:
 បរិច្ចាគ​ឈាម​
  សមាគម​សហគ្រិន​វ័យក្មេង​កម្ពុជា​ខេត្តសៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម