អែម សុ​វណ្ណា​រី ថ្លែង​សារសំខាន់​អំពី​ការចុះឈ្មោះ​ផ្លូវការ​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា
ONE Championship
កីឡាជាតិ
ជាតិ
អែម សុ​វណ្ណា​រី ថ្លែង​សារសំខាន់​អំពី​ការចុះឈ្មោះ​ផ្លូវការ​ជាមួយ​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា
15, Jun 2019 , 10:29 pm        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី ជាតិ 
 
​អ្នកលេង​គុន​ចម្រុះ​កូន​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី បាន​ចុះឈ្មោះ​ជា​ផ្លូវការ​ក្លាយជា​សមាជិក​ពេញសិទ្ធិ​របស់​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុ​ជានា​ពាក់កណ្ដាល​សប្ដាហ៍​នេះ ហើយ​ការចុះឈ្មោះ​នេះ​ជា​ប្រយោជន៍​សំខាន់​ផ្ទាល់ខ្លួន​មួយ រួមទាំង​ការឡើង​ប្រកួត​តំណាង​ឲ្យ​ទង់ជាតិ​កម្ពុជា​។

 
​កីឡា​កា​រិ​និ​វ័យ​២៦ ឆ្នាំ​រូបនេះ​លើកឡើង​បែបនេះ​៖«​វា​ផលចំណេញ​ដែល​ខ្ញុំ​បាន​ចុះឈ្មោះ​ជាមួយ CMMAF គឺ​ខ្ញុំ​ស្ថិតក្នុង​ចំណោម​កីឡាករ​កីឡាការិនី​ដើម្បី​ទៅ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​។ យើង​អាច​ធ្វើការ​ជាមួយគ្នា​ដើម្បី​បង្ហាញ​ទង់ជាតិ​ខ្មែរ​ទៅកាន់​ពិភពលោក​»​។ 


 
​កីឡាការិនី​ដែល​ឡើង​សង្វៀន ONE ម្ដង​កាល​ចុងឆ្នាំ​២០១៨ រូបនេះ​បាន​ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ ឬ MMA តាំងពី​ឆ្នាំ ២០១៦ មក​។ កីឡាការិនី​ដដែល​នេះ​បាន​ចូល​ហ្វឹកហាត់​ហាត់​ប្រដាល់សកល​តាំង​ឆ្នាំ ២០១២ មុន​ចូល​ហ្វឹកហាត់ ជី​ជិត​ស៊ូ ឆ្នាំ ២០១៤​។ បន្ទាប់មកទៀត គេ​ចូល​ហ្វឹកហាត់​ចំបាប់ យូ​ដូ និង ប្រដាល់សេរី មុន​ក្លាយជា​កីឡាការិនី​លេចធ្លោ​ប្រកួត​មិនដែល​ចាញ់​ដល់​បច្ចុប្បន្ន​។ 
 
​កីឡាការិនី​កើត​នៅ​ឡុង​ប៊ី​ច រូបនេះ​សង្កត់ធ្ងន់​ទៀតថា ៖«​ខ្ញុំ​នឹង​ឡើង​វ៉ៃ​តំណាង​ឲ្យ​កម្ពុជា​នៅ​សង្វៀន ONE Championship នា​ចុង​ឆ្នាំនេះ​។ ខ្ញុំ​មិនទាន់​លម្អិត​ទេ តែ​ខ្ញុំ​សុំ​ប្រាប់​ប៉ុណ្ណឹង​សិន​»​។​
 
​បន្ទាប់ពី​ការចុះឈ្មោះ​ផ្លូវការ លោក កែ ប៊ិន​សូរ​ស្មី អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​ក​ម្បុ​ជា​បាន​ថ្លែងថា នេះ​ជា​គោលដៅ និង គោលបំណង​របស់​សហ​ព័ន្ធ​ដើម្បី​ស្វែងរក​កីឡាករ​ល្អៗ​សម្រាប់​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​។ លោក​សង្កត់ធ្ងន់​បែបនេះ​៖«​នេះ​ជាស​ញ្ញាណ​ល្អ​មួយ​។ សុ​វណ្ណា​រី ឈ្នះ​កីឡាការិនី​អ៊ុយ​ក្រែ​ន Iryna Kyselova​ត្រឹម​ទឹក​ទី​១ នៅ​សង្វៀន ONE​។ គេ​មាន​កម្រិត​ប្រកួត​ល្អ​។ ហើយ​គេ​នឹង​ឡើង​វ៉ៃ​ជាថ្មី តំណាង​ឲ្យ​កម្ពុជា​ក្នុងពេល​ឆាប់ៗ​នេះ​។ ពេលខាងមុខ គេ [​សុ​វណ្ណា​រី ] អាចមក​ហ្វឹកហាត់​ជាមួយ នៅ ស្រី​ពៅ ដើម្បី​ផ្លាស់ប្ដូរ​បទពិសោធន៍ និង រីកចម្រើន​ទាំងអស់គ្នា​»​។​
 
​អនុប្រធាន​សហព័ន្ធ​កីឡា​យុទ្ធ​គុន​ចម្រុះ​កម្ពុជា​ដដែល​បាន​ដើរតួនាទី​គៀងគរ​កីឡាករ​កីឡាការិនី​កូនកាត់ និង គ្រូបង្វឹក​នៅក្រៅ​ប្រទេស​ដើម្បី​ចូលរួម​ជាមួយ​សហព័ន្ធ​។ សហព័ន្ធ​កំពុង​បង្កើត​យុទ្ធនា​ការស្វែងរក និង ប្រមែប្រមូល​គ្រូបង្វឹក ឬ កីឡាករ​នៅ សហរដ្ឋអាមេរិក កាណាដា បារាំង និង អូស្ត្រាលី​។ សហព័ន្ធ និង រូបលោក​ផ្ទាល់​ជឿជាក់ថា នឹង​ទទួលបាន​ធនធាន​កីឡាករ​ល្អៗ​ដើម្បី​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​។ 
 
​អែម សុ​វណ្ណា​រី ប្រឡូក​លើស​ង្វៀន​គុន​ចម្រុះ ឬ វ៉ៃ​ដាក់​ទ្រុង​បាន​ចំនួន ៣ លើក មិនដែល​ចាញ់​។  ក្នុង ២ លើកដំបូង​ប្រកួត​ដាក់​ទ្រុង​នៅ​អាមេរិក សុ​វណ្ណា​រី ឈ្នះ​កីឡាការិនី​អាមេរិក Lanikqua Robins នា​ទឹក​ទី​១ កាល​ឆ្នាំ ២០១៦ និង ឈ្នះ​កីឡាការិនី​អាមេរិក Evelyn Nieves នៅ​ទឹក​ទី​១​។ ក្នុងការ​ប្រកួត​ចុងក្រោយ សុ​វណ្ណា​រី ឈ្នះ​កីឡា​កា​រិ​និ​អ៊ុយ​ក្រែ​ន Iryna Kyselova នៅ​សង្វៀន ONE កាល​ខែ ធ្នូ ឆ្នាំ ២០១៨ នៅ​ប្រទេស ម៉ាឡេស៊ី​៕ 
 

Tag:
 កីឡា​ជាតិ ONE Championship
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម