ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកស្រី មូរ សុខហួរ៖ មិនហួសពីខែ៩ទេ យើង នឹងទៅដល់កម្ពុជា
15, Jun 2019 , 7:32 pm        
រូបភាព
លោក សម រង្ស៊ី និង អ្នកស្រី មូរ សុខហួរ រួមទាំងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងផ្សេងទៀត ទៅជួបអ្នកគាំទ្រនៅកូរ៉េខាងត្បូងនាពេលកន្លងមក ដើម្បីធ្វើមហាបាតុកម្មភ្លើងទៀន ហើយក្នុងអំឡុងពេលនោះ ពួកគេ បានទៅគោរពវិញ្ញាណក្ខន្ធបាតុករកូរ៉េ
លោក សម រង្ស៊ី និង អ្នកស្រី មូរ សុខហួរ រួមទាំងថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំងផ្សេងទៀត ទៅជួបអ្នកគាំទ្រនៅកូរ៉េខាងត្បូងនាពេលកន្លងមក ដើម្បីធ្វើមហាបាតុកម្មភ្លើងទៀន ហើយក្នុងអំឡុងពេលនោះ ពួកគេ បានទៅគោរពវិញ្ញាណក្ខន្ធបាតុករកូរ៉េ
ត្រឹមខែសីហា ឬក៏អាចឈានចូលខែកញ្ញា ឆ្នាំ២០១៩ លោក សម រង្ស៊ី និងថ្នាក់ដឹកនាំជាច្រើនទៀតរបស់អតីតគណបក្សសង្គ្រោះជាតិ នឹងធ្វើដំណើរមកកាន់កម្ពុជា។ នេះជាការអះអាងរបស់អ្នកស្រី មូរ សុខហូរ អនុប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅក្នុងការផ្សាយផ្ទាល់ (Live) តាមទំព័រហ្វេសប៊ុក នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩។



អ្នកស្រី មូរ សុខហួរ លើកឡើងថា ការធ្វើមាតុភូមិនិវត្តរបស់ថ្នាក់ដឹកនាំនៃអតីតគណបក្សប្រឆាំង គឺធ្វើឡើងដោយអហិង្សានិងតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ អ្នកស្រី សង្កត់ធ្ងន់ដូច្នេះថា «ខែ៩យ៉ាងយូរ។ ខ្ញុំ និយាយអាចខុសគ្នា១ថ្ងៃឬ២ថ្ងៃ តែមិនខុសខែទេ»។ 

អ្នកស្រី បញ្ជាក់ទៀតថា «យើងខ្ញុំ មិនអាចបន្តតស៊ូមតិ នៅក្រៅប្រទេសទៀតទេ។ យើងខ្ញុំ យល់ថា ដល់ពេលដែលត្រូវវិលត្រឡប់ចូលប្រទេសវិញហើយ។ [.....] យើង ទៅកម្ពុជា បើចាប់ចងយើងខ្ញុំ ក៏ចាប់យកទៅចុះ តែសូមកុំចាប់ចងសិទ្ធិសេរីភាព និង លទ្ធិប្រជាធិបតេយ្យ»។ 

លើសពីនេះ អ្នកស្រី បានស្នើឲ្យប្រជាពលរដ្ឋ ចូលរួមរក្សាផលប្រយោជន៍ជាតិ ជាពិសេស ចូលរួមការពារកុំឲ្យបាត់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប និង ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក។

នៅថ្ងៃទី៨និងទី៩ ខែមិថុនានេះ ក្រុមមេដឹកនាំនៃអតីតគណបក្សប្រឆាំង បានបើកកិច្ចប្រជុំក្នុងគណៈកម្មាធិការអចិន្ត្រៃយ៍របស់ខ្លួនជាលើកទីពីរ នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក ស្តីពីការរៀបចំផែនការនៃការធ្វើមាតុភូមិនិវត្ត។ សេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយក្រោយកិច្ចប្រជុំនេះ បានសរសេរថា ពួកគេ នឹងមកកម្ពុជា ដើម្បីតស៊ូនយោបាយ ដោយទាមទារឲ្យគណបក្សរបស់ពួគេ បានធ្វើសកម្មភាពឡើងវិញ ទាមទារឲ្យដោះលែងលោក កឹម សុខា និងការពារ EBA និង GSP កុំឲ្យបាត់បង់។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានចំអកឲ្យក្រុមប្រឆាំងពីការប្រកាសធ្វើមាតុភូមិនិវត្តនេះ។ លោក សរសេរក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាមបែបនេះថា «បើដឹងថាមានប្រជាជនកម្ពុជា និងកងទ័ពរង់ចាំស្វាគមន៍ ម៉េចមិនចូលទៅ នៅរង់ចាំស្អីទៀត»។

អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានចំអកផងដែរថា ក្តីសង្ឃឹមរបស់ក្រុមប្រឆាំង ដែលចង់ឲ្យមានដំណោះស្រាយនយោបាយ នៅក្នុងខែកញ្ញា ឆ្នាំ២០១៩នេះ គឺជាការយល់សប្តិ។ លោក សរសេរដូច្នេះថា «ការដែលគេចង់ឲ្យដោះលែងលោក កឹម សុខា និង ឲ្យគណបក្សប្រឆាំងរស់ឡើងវិញ គឺមិនអាចទៅរួចឡើយ»៕

Tag:
 សម រង្ស៊ី
  មូរ សុខហួរ
  មាតុភូមិនិវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com