កីឡាជាតិ
ជាតិ
ព្រះខ័ន​រាជ​ស្វាយរៀង​, ណាហ្គា​វើ​លដ៍ និង​ភ្នំពេញ​ក្រោ​ន សុទ្ធតែ​បាន​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​
15, Jun 2019 , 8:14 pm        
រូបភាព
ពីឆ្វេងទៅស្តាំ៖ កីឡាករព្រះខ័នរាជស្វាយរៀង កីឡាករណាហ្គាវើលដ៍ និងភ្នំពេញក្រោន ។ រូបថត CNCC
ពីឆ្វេងទៅស្តាំ៖ កីឡាករព្រះខ័នរាជស្វាយរៀង កីឡាករណាហ្គាវើលដ៍ និងភ្នំពេញក្រោន ។ រូបថត CNCC
ដោយ: ថ្មីៗ
ការប្រកួត​បី​គូ​ដំបូង​សប្តាហ៍​ទី​១១​នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ មិនបាន​ផ្តល់​លទ្ធផល​ល្អ​នោះឡើយ​សម្រាប់​ក្រុម​ម្ចាស់ផ្ទះ​។ ព្រះខ័ន​រាជ​ស្វាយរៀង​រក្សា​ឈរលើ​កំពូល​តារាង ក្រោយ​ឈ្នះ ២-១ នៅ​ទឹកដី​របស់​ក្រសួងការពារជាតិ មុនពេល​ណាហ្គា​វើ​លដ៍ រកបាន​៣​ពិន្ទុ​ពី​ម្ចាស់ផ្ទះ​យុវជន​បាទី​ក្នុង​លទ្ធផល ៣-០ រីឯ​អគ្គិសនី​កម្ពុជា​ចាញ់​ភ្ញៀវ​ភ្នំពេញ​ក្រោ​ន​ដល់​ទៅ ៥-០​។​



​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ខ្សែប្រយុទ្ធ​កា​មេ​រូ​ន Jean-Marie Privat រកបាន​គ្រាប់​បាល់​ឲ្យ​ព្រះខ័ន​រាជ​ស្វាយរៀង​នៅ​៩​នាទី​ដំបូង ហើយ ប្រាក់ មុនី​ឧ​ត្ត​ម បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​១៥​។ Bisan George វាយបក​ពីក្រោយ​មួយ​គ្រាប់​សម្រាប់​ម្ចាស់ផ្ទះ​ក្រសួងការពារជាតិ ដោយ​ការ​ទាត់​ប៉េ​ណា​ល់​ទី​នៅ​ទី​៥២ ប៉ុន្តែ​លទ្ធផល ២-១ ត្រូវបាន​រក្សា​រហូតដល់​បញ្ចប់​ការប្រកួត​។​


ប្រាក់ មុនីឧត្តម អបអរគ្រាប់បាល់បញ្ចូលទីជាមួយមិត្តរួមក្រុម។ រូបថត CNCC

នៅ​តារាង​សាលា​បាល់ទាត់​ជាតិ​បាទី ណាហ្គា​វើ​លដ៍ ត្រូវការ​៥៥​នាទី​ទើប​ទម្លាយ​សំណាញ់​ម្ចាស់ផ្ទះ​គ្រាប់​ទី​១ ដែល​សម្រេចបាន​ដោយ​ខ្សែបម្រើ​តួ​កមេ​នី​ស្ថាន Gurbani Amir​។ នៅ​នាទី​៦២ ខ្សែប្រយុទ្ធ​ជើងចាស់ ឃឹម បូរី បន្ថែម​គ្រាប់​ទី​ពីរ មុនពេល​ខ្សែប្រយុទ្ធរ​វ៉ាន់ដា Athuheire Kipson សម្រេចបាន​ក្នុង​លទ្ធផល ៣-០ ត្រឹម​នាទី​៨៦​។​


Paul Omobga ព្យាយាម​តែតបាល់បញ្ចូលទីលើយុវជនបាទី។​ រូបថត CNCC

​​រីឯ​ជំនួប​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ខ្សែប្រយុទ្ធ​ប្រេ​ស៊ី​ល Paulo Victor បាន​ទាត់​បាល់​ប៉េ​ណា​ល់​ទី​គ្រាប់​ដំបូង​នៅ​នាទី​២៣ ហើយ​២​នាទី​បន្ទាប់​ខ្សែការពារ​អគ្គិសនី​កម្ពុជា ឃុន ឧ​ត្ត​ម ភ្លាត់ស្នៀត​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួនឯង​។ ឈាន​ដល់ទី​ពីរ ភ្នំពេញ​ក្រោ​ន​បន្ថែម​៣​គ្រាប់​ទៀត ដែល​រកបាន​ដោយ អ៊ុក សុធី នៅ​នាទី​៥៧ លឹម ពិសុទ្ធ នៅ​នាទី​៨២ និង សេត រ៉ូ​ហ្សា​ក់ នៅ​នាទី​៩៣+៣ ។​


ប្រធានក្រុម អ៊ុក សុធី រកបាន១គ្រាប់ក្នុងជ័យជម្នះ ៥-០ របស់ភ្នំពេញក្រោន​លើអគ្គិសនីកម្ពុជា។ រូបថត CNCC

ព្រះខ័ន​រាជ​ស្វាយរៀង រក្សា​តំណែង​កំពូល​តារាង​ជាមួយនឹង​កំណត់ត្រា​មិន​ស្គាល់​ចាញ់ ដោយមាន​២៩​ពិន្ទុ ណាហ្គា​វើ​ល​ដ៏ បន្ត​ប្រដេញ​តាម​ពីក្រោយ ២​ពិន្ទុ​។ ភ្នំពេញ​ក្រោ​ន​ឡើងទៅ​ឈរ​លេខ​៦​លើ​ក្រសួងការពារជាតិ​បណ្តោះអាសន្ន ដោយមាន​១៨​ពិន្ទុ ខណៈ​ការពារជាតិ​មាន​១៧​ពិន្ទុ​។​

​អគ្គិសនី​កម្ពុជា រក្សា​ត្រឹម​១០​ពិន្ទុ រីឯ​សាលា​បាល់ទាត់​ជាតិ​បាទី រកបាន​តែ​៣​ពិន្ទុ​ប៉ុណ្ណោះ​ឆ្លងកាត់​ការប្រកួត​១១​សប្តាហ៍​៕

Tag:
 MCL2019
© រក្សាសិទ្ធិដោយ thmeythmey.com