ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន និងលោក Erdogan ដាក់គោលដៅពង្រីកទំហំវិនិយោគកម្ពុជា-តួកគី សម្តេច ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានាធិបតីតួកគី Recep Tayyip Erdoğan កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា នៅក្រុងឌូស្ហាន់បេ
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបពិភាក្សាការងារទ្វេភាគីជាមួយលោកប្រធានាធិបតីតួកគី Recep Tayyip Erdoğan កាលពីរសៀលថ្ងៃទី១៥ ខែមិថុនា ខណៈមេដឹកនាំទាំងពីរមានវត្តមាននៅទីក្រុងឌូស្ហាន់បេ ប្រទេសតាហ្ស៊ីគីស្ថាន នាកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA)។
មេដឹកនាំទាំងពីរ ជួបគ្នា ស្របពេលដែលកម្ពុជា-តួកគី កំពុងប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំ នៃទំនាក់ទំនងប្រទេសទាំងពីរ។ យោងតាមហ្វេសប៊ុកសម្តេច ហ៊ុន សែន លោកប្រធានាធិបតីតួកគី Erdogan បានគូសបញ្ជាក់ថា ទំហំពាណិជ្ជកម្មប្រទេសទាំងពីរត្រឹម៩១លានដុល្លារអាមេរិក គឺស្ថិតក្នុងកម្រិតទាបនៅឡើយ ដោយលោកបានស្នើឲ្យជំរុញការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរឡើងទៅដល់ ៥០០លាន ឬ ១ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។
នាអំឡុងទស្សនកិច្ចរបស់សម្តេច ហ៊ុន សែន នៅតួកគី កាលពីឆ្នាំ២១០៨ ភាគីទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយចំនួន ដោយកម្ពុជាបានបើកស្ថានទូតនៅក្នុងទីក្រុងអង់ការ៉ា បសតួកគី ក៏ដូចជាការបើកស្ថានទូតរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ។
ពាក់ព័ន្ធការប្រារព្ធពិធីអបអរសាទរខួប៦០ឆ្នាំនៃទំនាក់ទំនងកម្ពុជា និងតួកគីនោះ សម្តេច ហ៊ុន សែន ចង់អញ្ជើញរដ្ឋមន្ត្រីការបរទេសតួកគីមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យពីវឌ្ឍនភាព និងសមិទ្ធផលការងារដែលបានធ្វើនាពេលកន្លងទៅ ហើយសម្តេចរំពឹងថា លោកប្រធានាធិបតីតួកគី នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលខាងមុខ។
ជុំវិញការជំរុញទំហំពាណិជ្ជកម្មឲ្យដល់១ពាន់លានដុល្លារអាមេរិក សម្តេច ហ៊ុនសែន លើកជាគំនិតថា គួរធ្វើបញ្ជីមុខទំនិញដែលអាចនាំចេញនាំចូលរវាងប្រទេសទាំងពីរ ពោលតើទំនិញអ្វីដែលកម្ពុជាអាចនាំទៅតួកគីបាន ហើយតួកគីអាចនាំទំនិញអ្វីមកកម្ពុជាបាន។
ជាមួយគ្នានេះ សម្តេច គាំទ្រការស្នើសុំរបស់តួកគី ដែលចង់ប្រែក្លាយពីប្រទេសដៃគូសន្ទនាតាមវិស័យ ទៅជាប្រទេសដៃគូសន្ទនារបស់អាស៊ាន។ ដោយឡែកលើការដោះមីនវិញ សម្តេច ក៏បានថ្លែងអំណរគុណដល់តួកគី ដែលបានឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ាន៕
© រក្សាសិទ្ធិដោយ thmeythmey.com