ជាតិ
រដ្ឋមន្ត្រីក្រសួង​វប្បធម៌​រំភើបចិត្ត​ពេល​ឃើញ​សប្បុរសជន​កាន់តែច្រើន​បរិច្ចាគ​ថវិកា​ជួសជុល​ប្រាសាទ​
16, Jun 2019 , 5:59 pm        
រូបភាព
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរគណៈប្រតិភូក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទររបស់អង្គការមូលនិធីប្រាសាទពិភពលោកនៅតំបន់អង្គរ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៩។
រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អមដំណើរគណៈប្រតិភូក្នុងពិធីប្រារព្ធខួប៣០ឆ្នាំ នៃកិច្ចសហប្រតិបត្តិការជួសជុលប្រាសាទររបស់អង្គការមូលនិធីប្រាសាទពិភពលោកនៅតំបន់អង្គរ កាលពីថ្ងៃទី១០ មិថុនា ឆ្នាំ២០១៩។
​សៀមរាប​៖ តាមរយៈ​យន្តការ​នៃ​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ បាន​គៀងគរ​ជំនួយ​បរទេស​និង​ស្ថាប័ន​អន្ដរជាតិ​ជាច្រើន​ឱ្យមក​ចូលរួម​ក្នុង​កិច្ចការ​អភិរក្ស​និង​ជួសជុល​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្រៅពីនេះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បានផ្តល់​មូលនិធិ​ប្រចាំឆ្នាំ​ដើម្បី​កិច្ចការ​មួយ​នេះដែរ​។ និន្នាការ​ថ្មី​មួយទៀត​ក៏បាន​កើតឡើង នោះ​គឺ​ការចូលរួម​ពី​សប្បុរសជន​នានា​ដែល​បាន​យល់​ពី​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ និង​បាន​យល់ច្បាស់​ទៀតថា កិច្ចការ​មួយ​នេះ​មិនមែនជា​តួនាទី​ផ្ដាច់មុខ​របស់​រាជរដ្ឋាភិបាល​នោះទេ​។ ការចូលរួម​នេះ បានធ្វើឱ្យ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សប្បាយរីករាយ រំភើប​ចំពោះ​ទឹកចិត្ត​សប្បុរសជន​និង​សុំឱ្យ​និន្នាការ​នេះ​មាន​ជា​បន្តបន្ទាប់​ទៀត ដើម្បី​កិច្ចការ​អភិរក្ស​វប្បធម៌​ជាតិខ្មែរ​។​

 
​ក្នុង​បទ​សម្ភាស​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​នៅ​ភ្នំ​បាខែង​ក្នុង​ពិធី​ប្រារព្ធ​ខួប​៣០​ឆ្នាំ​នៃ​កិច្ចសហប្រតិបត្តិការ​ជួស​ជុល​និង​អភិរក្ស​ប្រាសាទ​របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) នៅ​ថ្ងៃទី​១០ មិថុនា លោកស្រី ភឿង ស​កុ​ណា បាន​លើក​ឧទាហរណ៍​ពី​ការចូលរួម​របស់​សប្បុ​រស​ជន​ក្នុងការ​ជួសជុល​ប្រាសាទបន្ទាយឆ្មារ​។ តាម​លោកស្រី​រដ្ឋមន្ត្រី មាន​លោកស្រី ម៉ៅ ម៉ា​ល័យ ជា​ភរិយា​លោក កែ គឹមយ៉ាន ត្រូវបាន​គេ​ដឹងថា​បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាច្រើន​ដើម្បី​ជួសជុល​ប្រាសាទ​មួយ​នេះ​។ 
 
​សម្រាប់​លោកស្រី​រដ្ឋមន្ត្រី នេះ​ជា​និន្នាការ​ថ្មី​ដែលមាន​ប្រជាជន​បានផ្តល់​ថវិកា​ដើម្បី​ជួយ​ជួសជុល​ប្រាសាទ ក៏ដូចជា​វត្ត​អារាម (​បុរាណ​)​។ លោកស្រី ភឿង ស​កុ​ណា មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖« ក្រសួង​សប្បាយចិត្ត ការជួយ​ថែរក្សា​សម្បត្តិ​ទាំងនេះ មិនមែនជា​ភារកិច្ច​របស់​រាជរដ្ឋាភិបាល​តែម្នាក់ឯង​ទេ ត្រូវតែមាន​កម្លាំង​ពី​មហាជន​ចូលរួម​ដែរ ខ្ញុំ​ចង់ឱ្យមាន​និន្នាការ​នេះ​កាន់តែច្រើន​ទៀត​»​។​
 
​ក្រៅពីនេះ លោកស្រី​រដ្ឋមន្ត្រី​ក៏បាន​ផ្តាំ​ទៅដល់​យុវជន​ក៏ដូចជា​ក្មេងជំនាន់ក្រោយ ត្រូវ​ជួយ​ថែរក្សា​នូវ​ព្រលឹង​របស់​ជាតិ កាលណា​បាត់​ព្រលឹង​ឬ​អត្ដ​សញ្ញា​ណហើយ នោះ​ក៏​បាត់​ខ្លួនឯង​ដែរ​។ ព្រលឹង​ជាតិ​ដែល​លោកស្រី ភឿង ស​កុ​ណា និយាយ​នៅពេលនេះ​គឺ​មែន​មែន​សំដៅ​តែ​លើ​ប្រាសាទ​ទេ គឺ​តាំងពី​វប្បធម៌​រូបី​និង​អរូបី ដែល​យុវជន​ជំនាន់​ក្រោយ​ត្រូវ​ថែរក្សា​ឱ្យបាន​ល្អ សម​នឹង​តម្លៃ​ដែល​ដូនតា​ខ្មែរ​ជំនាន់​មុន​បាន​លះបង់​កសាង​ទុកឱ្យ​៕
 
 
 
 

Tag:
 ភឿង ស​កុ​ណា​
© រក្សាសិទ្ធិដោយ thmeythmey.com