អន្តរជាតិ
ករណី​ពន្លិច​ទូក​នេសាទ​ហ្វីលីពីន​៖ រដ្ឋាភិបាល​ចិន អះអាងថា ចិន​មិនដែល​ប្រព្រឹត្ត​អំពើ​«​បុក ហើយ​រត់​» ឡើយ​
16, Jun 2019 , 1:44 pm        
រូបភាព
រូបភាព៖ New York Times
រូបភាព៖ New York Times
ដោយ:
​រដ្ឋាភិបាល​ចិន បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​ពី​សំណាក់​ភាគី​ហ្វីលីពីន​លើ​ករណី នៃ​ការ​លិច​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​ហ្វីលីពីន ដែល​បង្កដោយ​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​ចិន​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ រដ្ឋាភិបាល​ចិន បាន​អះអាងថា ភាគី​ចិន មិនមាន​ចេតនា​បង្ក​ឲ្យ​មាន​បញ្ហា​កើតឡើង​នោះទេ​។

 
​តាមរយៈ​សេចក្តីថ្លែងការណ៍​នៅ​ថ្ងៃ​១៤ មិថុនា ស្ថានទូត​ចិន​ប្រចាំ​រដ្ឋធានី​ម៉ានីល បាន​ទទួលស្គាល់ថា ពិតជា​មាន​ករណី​នៃ​ប៉ះទង្គិច​គ្នា​ដែល​បង្កដោយ​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​ចិន​ទៅលើ​ទូក​នេសាទ​ពលរដ្ឋ​ហ្វីលីពីន​មែន ក៏ប៉ុន្តែ​ហេតុការណ៍​នេះ ត្រូវបាន​ស្ថានទូត​អះអាងថា ជា​រឿង​អ​ចេតនា​នោះទេ​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​តាម​ប្រភពព័ត៌មាន​ដដែល ស្ថានទូត​ចិន បាន​ឲ្យ​ដឹងថា​ផងដែរ ក្រោយ​ហេតុការណ៍​នៃ​ការ​លិច​ទូក​នេះហើយ ក្រុម​ទូក​នេសាទ​ចិន ក៏បាន​ព្យាយាម​ចង់ទៅ​សង្គ្រោះ​ទូក​នេសាទ​ហ្វីលីពីន​ដែរ ក៏ប៉ុន្តែ​សម្រេចចិត្ត​គេចខ្លួន​វិញ បន្ទាប់ពី​បានឃើញ​មាន​ទូក​នេសាទ​ហ្វីលីពីន​ប្រហែលជា​ប្រាំពីរ ឬ​ប្រាំបី​គ្រឿង សំដៅទៅ​កន្លែងកើតហេតុ​នោះ​។ ស្ថានទូត គូសបញ្ជាក់ថា «​វា មិនមាន​ករណី​បុក​ហើយ​រត់​នោះទេ​»​។  
 
​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ចិន ធ្វើឡើង​ក្រោយ​មានការ​ផ្ទុះ​ប្រតិកម្ម​ខ្លាំង​ពី​ភាគី​ហ្វីលីពីន ដោយបាន​ចោទប្រកាន់ថា សកម្មភាព​នេះ ជាការ​ប្រមាថ​មួយ​ដ៏​ធ្ងន់ធ្ងរ​មកលើ​ពលរដ្ឋ​ខ្លួន ហើយ​ភាគី​ហ្វីលីពីន ក៏បាន​ធ្វើបណ្តឹង​ការទូត​ទៅកាន់​ភាគី​ចិន​ផងដែរ​។ 
 
​គួររម្លឹកថា​កាលពី​យប់​ថ្ងៃអាទិត្យ​សប្តាហ៍​មុន ទូក​នេសាទ​របស់​ហ្វីលីពីន ដែលមាន​ផ្ទុក​អ្នកនេសាទ​ចំនួន​២២​នាក់ បាន​លិច ក្រោយពី​ទូក​នេសាទ​របស់​ពលរ​ដ្ឋ​ចិន បាន​បុក​នៅក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង​។ ក្រុម​ទូក​នេសាទ​របស់​វៀតណាម ក៏បាន​ជួយសង្គ្រោះ​អ្នកនេសាទ​ហ្វីលីពីន​ភ្លាមៗ​តែម្តង ខណៈ​ទូក​នេសាទ​ចិន បាន​គេចខ្លួនបាត់​។ 
 
​នេះ គឺជា​ការប៉ះទង្គិច​គ្នា​ចុងក្រោយ និង​តានតឹង​មួយ​រវាង​ភាគី​ចិន និង​ភាគី​ហ្វីលីពីន នៅក្នុង​ដែន​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ខណៈដែល​រដ្ឋាភិបាល​ទាំងពីរ កំពុងតែ​ត្រូវ​រូ​វ​គ្នា​លើ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ការចរចា​រក​ដំណោះស្រាយ​អាច​ទទួលបាន​ទាំងសងខាង​លើ​ការគ្រប់គ្រង​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ឬ​ហ្វីលីពីន​ហៅថា​សមុទ្រ​ខាងលិច​។​
 
​សមុទ្រ​ចិន​ខាងត្បូង គឺជា​ដែន​អធិបតេយ្យ​មួយ ដែល​កំពុង​តែមាន​ភាគី​ច្រើន​ដូចជា ព្រុយ​ណេ ម៉ាឡេស៊ី ហ្វីលីពីន និង​វៀតណាម ជាមួយនឹង​ចិន បានទាមទារ​គ្រប់គ្រង​លើ​តំបន់​ត្រួតស៊ីគ្នា​ដោយមាន​អំ​ណេះ​អំ​ណា​ង​រៀងៗ​ខ្លួន​។ បច្ចុប្បន្ន​អាស៊ាន ជាមួយនឹង​ចិន កំពុងតែ​ចរចា​គ្នា​ក្នុង​ការបង្កើត​ក្រម​ប្រតិបត្តិ​មួយ​ដើម្បី​គ្រប់គ្រង​សកម្មភាព​ផ្សេងៗ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ក្នុង​គោលដៅ​បញ្ជៀ​ស​ការប្រឈមមុខ ឬ​ឧប្បទ្ទវហេតុ​នានា​ដោយ​មិនអាច​រំពឹងទុក​បាន​៕ 

Tag:
 ចិន​
  ហ្វីលីពីន​
© រក្សាសិទ្ធិដោយ thmeythmey.com