អន្តរជាតិ
វៀតណាម ស្នើ​ក្រុម​អចល​ទ្រព្យ​សិង្ហ​បុរី​ឲ្យ​ជួយ​អភិវឌ្ឍ​វៀតណាម​ទៅជា​រដ្ឋ​បៃតង មាន​អនាម័យ និង​ទំនើប​
16, Jun 2019 , 6:29 pm        
រូបភាព
រូបភាព៖ VNA
រូបភាព៖ VNA
ដោយ:
​លោកនាយ​រដ្ឋមន្ត្រី​វៀតណាម Nguyễn Xuân Phúc បានស្នើ​ត្រង់ៗ​ទៅកាន់​ក្រុមហ៊ុន​អចល​ទ្រព្យ​របស់​សិង្ហ​បុរី CapitaLand ដើម្បី​វិនិយោគ និង​អភិវឌ្ឍ​ប្រទេស​វៀតណាម ឲ្យ​ស្របតាម​ស្តង់ដារ​នៃ​បដិវត្ត​ឧស្សាហកម្ម ៤.០​។ លោកនាយក​រដ្ឋមន្ត្រី ចង់ឃើញ​ក្រុមហ៊ុន​ធំ​បំផុត​មួយ​របស់​ប្រទេស​សិង្ហ​បុរី និង​ប្រចាំ​អាស៊ី​មួយ​នេះ ផ្តោតលើ​ការវិនិយោគ​ផ្នែក​សាងសង់ និង​ការ​ស្នាក់នៅ​របស់​ប្រជាជន​។

 
​តាមរយៈ​ជំនួប​ជាមួយនឹង​ប្រធាន​ក្រុមហ៊ុន CapitaLand លោក Ng Kee Choe នៅ​ថ្ងៃ​១៤ មិថុនា​ក្នុង​រដ្ឋធានី​ហាណូយ លោកនាយក​រដ្ឋមន្ត្រី Nguyễn Xuân Phúc បាន​ឲ្យ​ដឹងថា វៀតណាម កំពុងតែ​ជំរុញ​ការអភិវឌ្ឍ​នៅក្នុង​ទីប្រជុំជន ដែល​តម្រូវ​ឲ្យ​មាន​វិនិយោគ​ស្របតាម​ទំនោរ​របស់​ពិភពលោក​គឺ​បដិវត្ត​ឧស្សាហកម្ម ៤.០​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ភ្នាក់ងារ​ព័ត៌មាន Vietnam News​។ 
 
​លោកនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន CapitaLand ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​អចលវត្ថុ​ធំ​បំផុត​មួយ​ប្រចាំ​អាស៊ី និង​មាន​ទី​ស្នាក់​កណ្តាល​នៅ​សិង្ហ​បុរី ពិចារណា​លើ​គម្រោង​អភិវឌ្ឍ​បៃតង អនាម័យ ទំនើប និង​មាន​លក្ខណៈ​បរិស្ថាន ខណៈដែល​វៀតណាម បាន​ប្តេជ្ញាចិត្ត​ក្នុង​ការកសាង​ប្រទេស​ឲ្យ​ក្លាយ​ប្រទេស​បៃតង និង​ឆ្លាត​ផងដែរ​នោះ​។​
 
​លោកនាយក​រដ្ឋមន្ត្រី ថែមទាំង​បាន​ថ្លែង​ស្វាគមន៍ និង​លើក​ចិត្ត​ក្រុមហ៊ុន​លើ​ការវិនិយោគ​លើ​ការ​ស្នាក់នៅ​សម្រាប់​ប្រជាជន​។ ប្រមុខ​ដឹកនាំ​វៀតណាម​រូបនេះ អះអាងថា ការវិនិយោគ​តាមបែប​ផែន​នៃ​ទំនោរ​របស់​ពិភពលោក​របស់​សិង្ហ​បុរី នឹងមិន​ត្រឹមតែ​ចូលរួមចំណែក​នៃ​ការអភិវឌ្ឍ​ប្រទេស​វៀតណាម​ប៉ុណ្ណោះ​នោះទេ តែ​ក៏​នឹង​ជួយ​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​សិង្ហ​បុរី និង​វៀតណាម កាន់តែ​ជិតស្និទ្ធ​គ្នា​ទៀតផង​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ ប្រធាន​ក្រុមហ៊ុន​លោក Ng Kee Choe តាមរយៈ​ជំនួប​នោះ ក៏បាន​ឲ្យ​ដឹងថា​ផងដែរ​ថា ក្រុមហ៊ុន​លោក មាន​ផែនការ​ក្នុង​ការពង្រីក​ការវិនិយោគ​នៅ​វៀតណាម​ក្នុង​រយៈពេល​វែង ដែល​ក្នុងនោះ ការកែប្រែ​វៀតណាម​ឲ្យ​ក្លាយជា​ទីក្រុង​ឆ្លាត ក៏​ស្ថិតនៅ​ក្នុងចំណោម​គម្រោង​វិនិយោគ​នៅ​ថ្ងៃ​អនាគត​ផងដែរ​។ សម្រាប់​វិស័យ​ស្នាក់នៅ និង​កសាង​សុខមាលភាព​សង្គម លោក​ប្រធាន​ក្រុម​អចល​ទ្រព្យ​រូបនេះ បាន​អះអាងថា លោក នឹង​ពិចារណា​៕
 

Tag:
 វៀតណាម​
  សិង្ហ​បុរី​
© រក្សាសិទ្ធិដោយ thmeythmey.com