កីឡាជាតិ
ជាតិ
អង្គ​រថា​យ​ហ្គឺ​រ​នឹង​យក​ថវិកា​ពី​ការលក់​សំបុត្រ​ក្នុងជំនួប​ជាមួយ​គិរីវង់ ទៅ​បរិច្ចាគ​ជូន​ពេទ្យ​កុមារ​អង្គរ​
16, Jun 2019 , 2:23 pm        
រូបភាព
ដោយ:
​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​របា​ន​បញ្ជាក់ថា ពួកគេ​យក​ថវិកា​បាន​ពី​ការលក់​សំបុត្រ​ក្នុងជំនួប​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​នៅថ្ងៃនេះ ទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​នៅ​ខេត្តសៀមរាប​។ សំបុត្រ​ចូលរួម​ទស្សនា​មាន​ពីរ​ប្រភេទ គឺ​តម្លៃ​៥​ពាន់​រៀល​សម្រាប់​ជនជាតិ​កម្ពុជា និង​តម្លៃ​៥​ដុល្លារ​សម្រាប់​ជនបរទេស​។

 
​ទស្សនិកជន ដែល​ចូលរួម​ទស្សនាការ​ប្រកួត​រវាង​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​គី​រី​សុខ​សែន​ជ័យ ក្នុង​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ថ្ងៃនេះ មិន​ត្រឹមតែ​ជួយ​លើកទឹកចិត្ត​កីឡាករ និង​រួមចំណែក​ក្នុងការ​អភិវឌ្ឍ​កីឡាបាល់ទាត់​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​បាន​ចូលរួម​ជាមួយ​សកម្មភាព​មនុស្សធម៌​ទៀតផង ព្រោះ​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​នឹង​យក​ថវិការ​បាន​ពី​ការលក់​សំបុត្រ​ទាំងអស់ បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុម​រា​អង្គរ​។ 
 
«​ការប្រកួត​ដើម្បី​កុមារ​កម្ពុជា​! សម្រាប់​ការប្រកួត​រវាង​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ជាមួយ​គិរីវង់​សុខ​សែន​ជ័យ សំបុត្រ ដែល​លក់បាន​ទាំងអស់ នឹងត្រូវ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​»​។ នេះ​ជា​សារ​ជូនដំណឹង ដែល​ក្លិប​បាល់ទាត់​អង្គ​រថា​យ​ហ្គឺ​រ​សរសេរ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។ នេះ​ជា​សកម្មភាព​លះបង់​ដ៏​គួរ​ឲ្យ​គោរព និង​យក​គំរូ​តាម​សម្រាប់​ក្លិប​ដទៃៗ​ទៀត​។ 
 
​ការប្រកួត​រវាង​ក្រុម​ទាំងពីរ​នឹងធ្វើ​ឡើង​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​។ ក្រៅពី​ជំនួប​នេះ ក៏មាន​ការប្រកួត​ចំនួន​៣​គូ​ទៀត​ផងដែរ ក្នុងនោះ​ក្រុម​បាត​តារាង​កំពង់ចាម​ប្រើប្រាស់​កីឡដ្ឋាន​ស្តា​ត​ចាស់​ស្វាគមន៍​ភ្ញៀ​ង​វ​សូល​ទី​ឡូ​អង្គរ​នៅ​ម៉ោង​៣:៣០​នាទី ខណៈ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប៉ះ​បឹងកេត​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រោយ​វិសាខា​បើកទ្វារ​កីឡដ្ឋាន​ខ្លួន​ទទួលភ្ញៀវ​អាស៊ី​អឺរ៉ុប​នៅ​ម៉ោង​៦​ល្ងាច​៕ 
 
 
 
 
    
 
 
 

Tag:
 MCL2019
  បាល់ទាត់​
  អង្គ​រថា​យ​ហ្គឺ​រ​
  មន្ទីរពេទ្យ​កុមារ​អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com