អន្តរជាតិ
រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី​៖ អ្នកដឹកនាំ 4G នឹង​ធ្វើការ​ជាមួយនឹង​ប្រជាជន​ដើម្បី​បង្កើត និង​អនុវត្ត​គោលនយោបាយ​ជាតិ​
16, Jun 2019 , 7:29 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​សិង្ហ​បុរី បានបង្ហាញ​ពី​ផែនការ និង​ចក្ខុវិស័យ​នៃ​របៀបរបប​ថ្មី​នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ក្នុងការ​អនុវត្ត​គោលនយោបាយ​។ ផែនការ​នោះ គឺ​រដ្ឋាភិបាល នឹង​ចាប់​ដៃគូ​ធ្វើការ​ជាមួយនឹង​ប្រជាជន​តែម្តង​ក្នុងការ​អនុវត្ត​គោលនយោបាយ និង​គ្រប់គ្រង​រដ្ឋ ខណៈ​បច្ចុប្បន្ន រដ្ឋាភិបាល ផ្តោត​សំខាន់​តែ​ការងារ​ដើម្បី​តែ​សុខមាលភាព​ប្រជាជន​។​



​តាមរយៈ​វេទិកា​ស្តីពី​«​ការកសាង​អនាគត​សិង្ហ​បុរី​ទាំងអស់គ្នា​» នៅ​ថ្ងៃ​១៥ មិថុនា លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​សិង្ហ​បុរី  Heng Swee Keat បានទទួល​ស្គា​ល់ពី​ការអភិវឌ្ឍ និង​ផ្លាស់ប្តូរ​សង្គម​របស់​សិ​ង្ហ​បុរី តាមរយៈ​មេដឹកនាំ​តាម​ជំនាន់​ជា​បន្តបន្ទាប់​។ លោក​អះអាងថា មេដឹកនាំ​សិង្ហ​បុរី គ្រប់​ជំនាន់ តែងតែ​ទទួលបាន​ការទុកចិត្ត និង​គាំទ្រ​ពី​ប្រជាជន​ជានិច្ច​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់ Channel News Asia​។ 
 
​លោក​ឧបនាយករដ្ឋមន្ត្រី បាន​កត់សម្គាល់ថា គិត​ចាប់​តាំង​ជំនាន់​បិតា​ស្ថាបនិក​សិង្ហ​បុរី លោក Lee Kuan Yew មេដឹកនាំ​សិង្ហ​បុរី បាន​កសាង​សង្គម​សិង្ហ​បុរី​ឲ្យ​កាន់តែ​ចាស់ទុំ រឹងមាំ និង​បរិ​យា​ប័ន្ន ហើយ​អ្វីដែល​មេដឹកនាំ​ចង់បាន​មកវិញ​ពី​ប្រជាជន​គឺ ការជឿជាក់ និង​ទំនុកចិត្ត​ពី​ប្រជាជន​។ 
 
​ទន្ទឹមនឹងនេះ លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុង​ជំនា​ន់ទី​បួន (4G)  ក៏បាន​លើក​ពី​បញ្ហា​ប្រឈម​នៃ​ការបែងចែក​នៅក្នុង​សង្គម​របស់​សិង្ហ​បុរី ដែល​រួមមាន​ដូច​ការខ្វែងគំនិត​គ្នា​នៃ​លើ​ទស្សនៈ​សង្គម និង​តម្រូវ​ការចាំបាច់ ដែល​តម្រូវ​ឲ្យ​មេដឹកនាំ​ថ្មី ត្រូវមាន​គោលនយោបាយ​ឆ្លើយតប​។ 
 
​ជា​ដំណោះស្រាយ លោក​ឧបនាយករដ្ឋមន្ត្រី បាន​បង្ហើប​ពី​ផែនការ​នៃ​ការផ្លាស់ប្តូរ​អភិបាលកិច្ច​ដឹកនាំ​ថ្មី របស់​ក្រុម​អ្នកដឹកនាំ​ជំនា​ន់ទី​បួន គឺ​ការដឹកនាំ​សម្រាប់​ប្រជាជន មកជា​ការដឹកនាំ​ជាមួយនឹង​ប្រជាជន​។ លោក​ថ្លែងថា ទន្ទឹមនឹង​ការបម្រើ​ការងារ​សម្រាប់​ប្រជាជន និង​ប្រទេស រដ្ឋាភិបាល នឹង​ធ្វើការ​ជាមួយនឹង​ប្រជាជន​ទាំង​បង្កើត និង​អនុវត្ត​គោលនយោបាយ តាមរយៈ​ការទទួលយក​ទស្សនៈរ​បស់​ប្រជាជន​មក​បញ្ចូល​នៅក្នុង​គោលនយោបាយ​តែម្តង​។ 
 
​លោក​ទទួលស្គាល់ថា ជា​រឿង​មិនអាច​គេចផុត​បាន​នោះទេ​បញ្ហា​នៃ​ការយល់ឃើញ​ផ្សេងគ្នា​នៃ​ទស្សនៈ​នៅពេល​រដ្ឋាភិបាល​ចាប់ផ្តើម​ធ្វើការ​ជាមួយនឹង​ប្រជាជន​លើ​ការអភិវឌ្ឍ​ប្រទេស ក៏ប៉ុន្តែ រដ្ឋាភិបាល នឹង​ព្យាយាម​រក​ចំណុច​រួមគ្នា ក្នុង​គោលដៅ​តែមួយ​គឺ​ការអភិវឌ្ឍ​ប្រទេស​។​
 
​តាម​គម្រោង ក្រុម​អ្នកដឹកនាំ​ជំនាន់​ទី​បួន នឹង​ចាប់ផ្តើម​អនុវត្ត​អភិបាលកិច្ច​ថ្មី​នេះ លើ​មូលបទ​បួន រួមមាន ធ្វើ​បែបណា​ឲ្យ​សិង្ហ​បុរី​នៅតែ​រឹងមាំ​, ធ្វើ​បែបណា​ឲ្យ​សិង្ហ​បុរី ជា​រដ្ឋ​នៃ​ក្តី​រំពឹង​, ធ្វើ​បែបណា​ដើម្បី​កសាង​សង្គម​ជាមួយនឹង​ឱកាស​សម្រាប់​គ្រប់គ្នា និង​ធ្វើ​បែបណា​កសាង​សិង្ហ​បុរី​ជា​សហគមន៍​ដែលមាន​ការយក​ទុកចិត្ត​ទុកដាក់​គ្នា ផ្តល់​កិត្តិយស​ឲ្យ​គ្នា និង​សាមគ្គីភាព​៕ 

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com