ខ្មែរទាបខ្មែរខ្ពស់ខ្មែររស់ស្លាប់ ខ្មែរឡើងថ្កើងយ៉ាប់ក៏ជាខ្មែរ
ខ្មែរលឿងខ្មែរសក៏ខ្មែរដែរ ខ្មែរក្រុងខ្មែរស្រែខ្មែរតែមួយ។
ខ្មែរល្អអាក្រក់ខ្មែរល្អក់ថ្លា ខ្មែរឈ្ងុយស្អុយខារល្អរលួយ
ខ្មែរក្នុងខ្មែរក្រៅផៅតែមួយ ខ្មែរសុខទុក្ខព្រួយខ្មែរដឹងច្បាស់។
ខ្មែរក្រខ្មែរមានខ្មែរហ៊ានខ្លាច ខ្មែរស្លូតខ្មែរកាចខ្មែរលើសខ្វះ
ខ្មែរបង់ខ្មែរបាត់ខ្មែរក្មេងចាស់ ខ្មែរស្គាល់ស្តើងក្រាស់ច្បាស់ខ្មែរឯង។
ខ្មែរខិលខ្មែរខូចខ្មែរមានបាន ខ្មែរថ្កើងឡើងថ្កានខ្មែរអ្នកស្វែង
ខ្មែរពូជចម្បាំងតាំងគេក្រែង ខ្មែរអួតក្តែងៗសាងអង្គរ។
ខ្មែរស្គមខ្មែរធាត់ខ្មែរភ្លាត់ភ្លេច ខ្មែរខ្លាំងខ្មែរខ្ទេចខ្មែរវឹកវរ
ខ្មែរវៀចខ្មែរត្រង់ស្លាប់បង់គរ ខ្មែរល្បីខ្ទាខ្ទរសម្លាប់ខ្មែរ។
ខ្មែរគេបំភ័យលៃបំភាន់ ខ្មែរទោះគេជាន់មិនភាន់ប្រែ
ខ្មែរអាចរក្សាអត្តខ្មែរ ដីកេរផងដែរខ្មែរថែបាន។
ខ្មែរមានពិសោធន៍ឈប់ឆោតល្ងង់ ខ្មែរឈប់ជឿលង់គេភ្លេចប្រាណ
ខ្មែររាប់អានមិត្តគិតប្រមាណ ខ្មែររួមខ្មែរថ្កានបានរៀងអើយ៕