កំណាព្យ
ពីនេះ ពីនោះ
ខ្មែរ​តែមួយ​!
17, Jun 2019 , 6:59 am        
រូបភាព
រូបថត Pixabay
រូបថត Pixabay
ដោយ:
​បទ ពាក្យ​៧


 
​ខ្មែរ​ទាប​ខ្មែរ​ខ្ពស់​ខ្មែរ​រស់​ស្លាប់​ ​ខ្មែរ​ឡើង​ថ្កើង​យ៉ាប់​ក៏​ជា​ខ្មែរ​
​ខ្មែរ​លឿង​ខ្មែរ​ស​ក៏​ខ្មែរ​ដែរ​ ​ខ្មែរ​ក្រុង​ខ្មែរ​ស្រែ​ខ្មែរ​តែមួយ​។​
 
​ខ្មែរ​ល្អ​អាក្រក់​ខ្មែរ​ល្អក់​ថ្លា​ ​ខ្មែរ​ឈ្ងុយ​ស្អុយ​ខារ​ល្អ​រលួយ​
​ខ្មែរ​ក្នុង​ខ្មែរ​ក្រៅ​ផៅ​តែមួយ​ ​ខ្មែរ​សុខទុក្ខ​ព្រួយ​ខ្មែរ​ដឹង​ច្បាស់​។​
 
​ខ្មែរ​ក្រ​ខ្មែរ​មាន​ខ្មែរ​ហ៊ាន​ខ្លាច​ ​ខ្មែរ​ស្លូត​ខ្មែរ​កាច​ខ្មែរ​លើសខ្វះ​
​ខ្មែរ​បង់​ខ្មែរ​បាត់​ខ្មែរ​ក្មេង​ចាស់​ ​ខ្មែរ​ស្គាល់​ស្តើង​ក្រាស់​ច្បាស់​ខ្មែរ​ឯង​។​
 
​ខ្មែរ​ខិល​ខ្មែរ​ខូច​ខ្មែរ​មានបាន​ ​ខ្មែរ​ថ្កើង​ឡើង​ថ្កាន​ខ្មែរ​អ្នក​ស្វែង​
​ខ្មែរ​ពូជ​ចម្បាំង​តាំង​គេ​ក្រែង​ ​ខ្មែរ​អួត​ក្តែ​ងៗ​សាង​អង្គរ​។​
 
​ខ្មែរ​ស្គម​ខ្មែរ​ធាត់​ខ្មែរ​ភ្លាត់​ភ្លេច​ ​ខ្មែរ​ខ្លាំង​ខ្មែរ​ខ្ទេច​ខ្មែរ​វឹកវរ​
​ខ្មែរ​វៀច​ខ្មែរ​ត្រង់​ស្លាប់​បង់គរ​ ​ខ្មែរ​ល្បី​ខ្ទា​ខ្ទរ​សម្លាប់​ខ្មែរ​។​
 
​ខ្មែរ​គេ​បំភ័យ​លៃ​បំភាន់​ ​ខ្មែរ​ទោះ​គេ​ជាន់​មិន​ភាន់ប្រែ​
​ខ្មែរ​អាច​រក្សា​អត្ត​ខ្មែរ​ ​ដី​កេរ​ផងដែរ​ខ្មែរ​ថែ​បាន​។​
 
​ខ្មែរ​មាន​ពិសោធន៍​ឈប់​ឆោតល្ងង់​ ​ខ្មែរ​ឈប់​ជឿ​លង់​គេ​ភ្លេច​ប្រាណ​
​ខ្មែរ​រាប់អាន​មិត្ត​គិត​ប្រមាណ​ ​ខ្មែរ​រួម​ខ្មែរ​ថ្កាន​បាន​រៀង​អើយ​៕​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com