ជាតិ
ដង្កូវ Fall Armyworm បំផ្លាញ​ដំណាំ​ពោត​ជាង​១​ម៉ឺន​ហិកតា​តាម​បណ្តា​ខេត្ត​
16, Jun 2019 , 3:25 pm        
រូបភាព
រូបភាពពីខេត្តប៉ៃសិន
រូបភាពពីខេត្តប៉ៃសិន
​ដង្កូវ​ប្រភេទ​ថ្មី​ឈ្មោះ Fall Armyworm បាន​បំផ្លាញ​ដំណាំ​ពោត​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន បន្ទាយមានជ័យ និង​ត្បូងឃ្មុំ អស់​ជាង​១​ម៉ឺន​ហិកតា គិត​ត្រឹម​ថ្ងៃទី​១១​មិថុនា ឆ្នាំ​២០១៩​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៤​មិថុនា​។

 
​ក្រសួងកសិកម្ម បាន​បញ្ជាក់ថា ដង្កូវ​ប្រភេទ​ថ្មី​នេះ មាន​ដើមកំណើត​នៅ​តំបន់​អាមេរិក​ខាងត្បូង ដែល​អាច​បំផ្លាញ​លើ​ដំណាំ​និង​រុក្ខជាតិ​ជាង​៨០​ប្រភេទ ក្នុងនោះ​ដំណាំ​ពោត​ជា​ប្រភេទ​ដែល​ដង្កូវ​នេះ​ចូលចិត្ត​ស៊ី​ជាងគេ​។ 
 
​នៅ​ឆ្នាំ​២០១៦ ដង្កូវ​នេះ​បាន​រាលដាល​ទៅ​អា​ហ្រិ្វ​ក​កណ្ដាល អា​ហ្រិ្វ​ក​ភាគ​ខាងលិច អា​ហ្រិ្វ​ក​ភាគខាងត្បូង ហើយ​នៅ​ឆ្នាំ​២០១៨​បាន​រាតត្បាត និង​បំផ្លាញ​ដំណាំ​ពោត​ស្ទើរ​គ្រប់​ទីកន្លែង​នៅ​ទ្វីប​អា​ហ្រិ្វ​ក​។ បន្ទាប់មក​ឆ្លង​រាលដាល​ដល់​ប្រទេស​ឥណ្ឌា ចិន ស្រីលង្កា បង់​ក្លា​ដេ​ស ថៃ មី​យ៉ាន់​ម៉ា និង​ប្រទេស​ឡាវ​។ 


 
​ថ្មីៗ​នេះ​ម​ន្រី្ត​កសិកម្ម បាន​ចុះ​ពិនិត្យ​និង​តាមដាន​ឃើញថា​វត្តមាន​ដង្កូវ​ប្រភេទ​ថ្មី​នេះ បាន​គំរាមកំហែង​ដ៍​ធ្ងន់ធ្ងរ​ដល់​ដំណាំ​ពោត​នៅ​កម្ពុជា​។ ក្រសួងកសិកម្ម​បាន​អះអាងថា ដង្កូវ​នេះ បាន​រាតត្បាត​បំផ្លាញ​ដំណាំ​លឿន​បំផុត ហើយ​ស្របពេល​កម្ពុជា​ទទួលរ​ង​នូវ​បាតុភូត​អាកាសធាតុ​អែល​នី​ណូ មាន​លក្ខខណ្ឌ​កាន់តែ​សមស្រប​ជាមួយ​ដង្កូវ​ប្រភេទ​ថ្មី​នេះ មានលទ្ធភាព​បង្កើន​ការ​រាលដាល​និង​បំផ្លាញ​ដំណាំ​ពោត​កាន់តែ​លឿន​។​
 
​ក្រសួង​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ថ្ងៃទី​១១​មិថុនា​នេះ ដង្កូវ​ប្រភេទ​ថ្មី​ខាងលើ បាន​បំផ្លាញ​ដំណាំ​ពោត​ជាង​១​ម៉ឺន​ហិកតា​។ ក្នុងនោះ​មាន​ខេត្ត​ចំនួន​៤ គឺ​ខេត្ត​ប៉ៃលិន​ជាង​២៥០០​ហិកតា ខេត្តបាត់ដំបង​ជាង​៣០០០​ហិកតា ខេត្តបន្ទាយមានជ័យ​ជាង​៤០០០​ហិកតា និង​ខេត្ត​ត្បូងឃ្មុំ​ជាង​៨០០​ហិកតា​។ 
 
​ដើម្បី​ទប់ស្កាត់​ការ​រាតត្បាត និង​បំផ្លាញ​ពី​ដង្កូវ​ប្រភេទ​ថ្មី​ខាងលើនេះ ក្រសួងកសិកម្ម​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ អនុវត្ត​វិធានការ​មួយចំនួន​រួមមាន​៖  អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​រៀបចំ​ផែនការ​ទប់ស្កាត់ និង​កម្ចាត់​ដង្កូវ​ប្រភេទ​ថ្មី​នេះ ដើម្បី​ធានាបាន​ប្រសិទ្ធភាព​ចំពោះ​ដំណាំ​ពោត​នៅ​កម្ពុជា​។ 
 
​អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវ​ស្រាវជ្រាវ និង​អង្កេត​ព្យាករណ៍​ពី​កម្រិត​បំផ្លាញ​របស់​ដង្កូវ​។ អគ្គនាយកដ្ឋាន​កសិក​ម្ម ត្រូវអនុវត្ត​វិធានការ​ចម្រុះ​គ្រប់​គ្រង់​ដំណាំ តាមបែប​ជីវសាស្ត្រ រូបសាស្ត្រ និង​វិធានការ​គីមី​ជា​ជម្រើស​ចុងក្រោយ​។ មន្ទីរ​កសិកម្ម​រាជធានី​ខេត្ត​ត្រូវ​សហការ​ជាមួយ អគ្គនាយកដ្ឋាន​កសិក​ម្ម រួមទាំង​ប្រជាពលរដ្ឋ ត្រូវ​រាយការណ៍​ពី​ទីតាំង​ដែល​សង្ស័យថា មាន​ដង្កូវ​ប្រភេទ​ថ្មី​នេះ​កំពុង​បំផ្លាញ​ដំណាំ ដើម្បី​ចាត់វិធានការ​ទប់ស្កាត់​បាន​ទាន់ពេល​៕ 

Tag:
 ខេត្តបន្ទាយមានជ័យ​
  ខេត្តបាត់ដំបង​
  ខេត្ត​ប៉ៃលិន​
  ខេត្ត​ត្បូង​ឃុំ​
  ដង្កូវ​ប្រភេទ​ថ្មី​
  បំផ្លាញ​ដំណាំ​
© រក្សាសិទ្ធិដោយ thmeythmey.com