ជាតិ
សង្គមជាតិ
​បឹង​កេងកង និង​កំបូល មាន​អធិការ​ខណ្ឌ​ហើយ បន្ទាប់ពី​អភិបាលខណ្ឌ និង​ក្រុមប្រឹក្សា​ខណ្ឌ​
16, Jun 2019 , 8:59 pm        
រូបភាព
លោក ហង្ស មុនី (ឆ្វេងដៃ) និង ស៊ឹម ពិសិដ្ឋ
លោក ហង្ស មុនី (ឆ្វេងដៃ) និង ស៊ឹម ពិសិដ្ឋ
​អធិការនគរបាល​ខ​ណ្ឌ​ថ្មី​ពីររូប ត្រូវបាន​ប្រកាស​ឱ្យចូល​កាន់តំណែង​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ក្រោម​អធិបតីភាព​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ អធិការ​ខណ្ឌ​ថ្មី​ទាំងពីរ​រូបនោះ គឺ​លោក​វរសេនីយ៍ទោ ហង្ស មុនី ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំបូល និង​លោក​វរសេនីយ៍ទោ ស៊ឹម ពិសិដ្ឋ ជា​អធិការ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​។

 
 
​ថ្លែង​ក្នុង​ពិធី​ខាងលើនេះ លោក ស ថេត បាន​ណែនាំ និង​ជំរុញ​ឱ្យ​មន្ដ្រីនគរបាល​នគរបាល​ទាំងអស់ ហើយ​ជាពិសេស​អធិការនគរបាល​ខណ្ឌ​ថ្មី​ទាំង​ពីររូប ត្រូវខិតខំ​បំពេញការងារ​តាម​បទបញ្ជា​ថ្នាក់លើ​។ 
 
​ក្នុង​ពិធី​នេះ ក៏មាន​ការប្រកាស​តែងតាំង​និង​ប្រគល់​ភារកិច្ច​ថ្មី ព្រមទាំង​បំពាក់​ឋានន្តរស័ក្ដិ​ជូន​ដល់​ម​ន្រី្ត​នគរបាល​ជាច្រើន​នាក់​ផ្សេងទៀត​ផងដែរ រួមមាន ថ្នាក់​វរសេនីយ៍ឯក ថ្នាក់​វរសេនីយ៍ទោ ថ្នាក់​វរសេនីយ៍ត្រី ថ្នាក់​អនុសេនីយ៍ឯក និង ថ្នាក់​អនុសេនីយ៍ទោ ជាដើម ។ 
 
​លោក ហង្ស មុនី ធ្លាប់ជា​អធិការរង​នៃ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​។ លោក ស៊ឹម ពិសិដ្ឋ ធ្លាប់ជា​អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក​។ បើតាម​លោក ស ថេត អធិការ​ទាំងពីរ​នេះ បាន​បំពេញការងារ​ជាង​៣០​ឆ្នាំ​ហើយ​។ 
 
​សូមបញ្ជាក់ថា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០១៩ ប្រមុខ​រដ្ឋាភិបាល បានសម្រេច​បង្កើត ខណ្ឌ​បឹង​កេងកង ដោយមាន​លោក ធឹ​ម សំអាន ជា​អភិបាល និង ខណ្ឌ​កំបូល ដោយមាន​លោក ឃឹម ស៊ុន​សូ​ដា ជា​អភិបាល​។​
 
​យោងតាម​លទ្ធផល​នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ លោក គឹម ឈុន​អ៊ូ ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​បឹង​កេងកង ដោយមាន​សមាជិក​១៦​នាក់ រីឯ​លោក នៅ សារឿន ជាប់​ជា​ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ​កំបូល ដោយមាន​សមាជិក​១៦​នាក់​ផងដែរ​។ មន្ត្រី​ទាំងអស់​សុទ្ធតែជា​កូតា​គណបក្ស​ប្រជាជន​កម្ពុជា​៕

Tag:
 ​ខណ្ឌ​កំបូល​
  ខណ្ឌ​បឹង​កេងកង​
  ភ្នំពេញ​
© រក្សាសិទ្ធិដោយ thmeythmey.com