​លោក ពេ​ជ សោភ័ន​៖ យុវជន​គួរ​ចាប់​ជំនាញ «​បច្ចេកទេស​» ដើម្បី​ឆ្លើយតប​ទីផ្សារការងារ​ក្នុងសម័យ​ឌីជីថល​
ជាតិ
សង្គមជាតិ
​លោក ពេ​ជ សោភ័ន​៖ យុវជន​គួរ​ចាប់​ជំនាញ «​បច្ចេកទេស​» ដើម្បី​ឆ្លើយតប​ទីផ្សារការងារ​ក្នុងសម័យ​ឌីជីថល​
16, Jun 2019 , 9:29 pm        
រូបភាព
លោក ពេជ សោភ័ន រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ នៅថ្ងៃទី ១៥មិថុនា នៅពិព័រណ៍កោះពេជ្រ
លោក ពេជ សោភ័ន រដ្ឋលេខាធិកាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងពិធីបើកទិវាជាតិការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី២ ឆ្នាំ២០១៩ នៅថ្ងៃទី ១៥មិថុនា នៅពិព័រណ៍កោះពេជ្រ
​ភ្នំពេញ​៖ លោក ពេ​ជ សោភ័ន រដ្ឋលេខាធិកា​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ជំរុញ​ឲ្យ​យុវជន​ចាប់យក​ការសិក្សា​ជំនាញ​ឥរិយាបថ ជីវិត​និង​អាជីព  ពិ​សស​«​បច្ចេកទេស​»​ដើម្បី​ឆ្លើយតប​ជាមួយ​ទីផ្សារការងារ​ក្នុងសម័យ​ឌីជីថល នាពេល​បច្ចុប្បន្ន​។​

 
​ក្នុង​ពិធី​បើក​ទិវា​ជាតិ​ការអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ លើក​ទី​២ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «TVET អាចធ្វើ​បាន​» កាលពី​ព្រឹក​ថ្ងៃទី ១៥​មិថុនា នៅ​ពិព័រណ៍​កោះ​ពេជ្រ លោក ពេ​ជ សោភ័ន បាន​មានប្រសាសន៍ថា ការកើតមាន​ឡើង​នូវ​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ នៃ​ការរីកចម្រើន​បច្ចេកវិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស កំពុង​ជះឥទ្ធិពល និង​ធ្វើឱ្យមាន​ការផ្លាស់ប្តូ​រយ៉ា​ង​ខ្លាំង​នៃ​ប្រតិបត្តិការ​ធុរកិច្ច​និង​ការបំពេញ​ការងារ និង​តម្រូវ​ការជំនាញ​គ្រប់​ប្រភេទ​។ ការរីកចម្រើន​បច្ចេក​វិទ្យា​ថ្មី​យ៉ាង​ឆាប់រហ័ស នឹងធ្វើ​ឱ្យ​បាត់បង់​ការងារ​មួយចំនួន ប៉ុន្តែ​ក៏​បង្កើតឱ្យមាន​ការងារ​ថ្មីៗ​ផ្សេងទៀត​ផងដែរ​។ ដូច្នេះ​តម្រូវឱ្យ​ពលរដ្ឋ​គ្រប់គ្នា ពិសេស​យុវជន​ត្រូវ​ចេះ​នូវ​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​។​


 
​លោក បាន​បញ្ជាក់ថា «​ក្នុង​បរិបទ​ដែល​ខឿនសេដ្ឋកិច្ច បច្ចេកវិទ្យា និង​ពិភព​ការងារ មានការ​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ដូច្នេះ កម្លាំង​ពលកម្ម​ទាំងអស់​ត្រូវតែ​ត្រៀមខ្លួន​ជានិច្ច ដើម្បី​រត់​ដេញតាម​ហើយ​អ្នក​ដែល​អាច​ឈានទៅ​ទទួលបាន​ជោគជ័យ គឺ​អ្នក​ដែល​ផ្តួចផ្តើម​ដោយ​ខ្លួនឯង​ផ្ទាល់​ក្នុងការ​យកចិត្តទុកដាក់​លើ​ការអភិវឌ្ឍ​ថ្មីៗ​ដែល​កំពុង​លេច​រូបរាង​ឡើង និង​អនុវត្ត​ការសិក្សា​ពេញ​មួយជីវិត​ដើម្បី​ឈានទៅ​ចាប់យក និង​ធ្វើ​បច្ចុប្បន្ន​កម្ម​ចំណេះដឹង និង​ជំនាញ​ចាំបាច់ ជា​បន្តបន្ទាប់​ឥត​ដាច់ ដើម្បី​អាចឆ្លើយតប​ទាន់​ការប្រែប្រួល​ដ៏​ឆាប់រហ័ស​នៅក្នុង​ទីផ្សារការងារ​»​។​


 
​បើតាម​រដ្ឋលេខាធិការ​រូបនេះ  បច្ចុប្បន្ន​មានការ​ផ្លាស់ប្តូរ​ជាច្រើន​ដែល​បណ្តាលមកពី​ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ដូចជា​ការផ្តល់សេវារ​ថ​យន្ត​តាក់ស៊ី សេវា​ធនាគារ​-​ហិរញ្ញវត្ថុ ការទិញ​-​លក់ទំនិញ ឬ​ការ​កក់​សណ្ឋាគារ​និង​សំបុត្រ​យន្តហោះ​ជាដើម​។ កត្តា​នេះ​នាំឱ្យមាន​ការព្រួយបារម្ភ​អំពី​ការបាត់បង់​ការងារ ព្រមទាំង​ការ​បង្វែ​ទុនវិនិយោគ​ត្រឡប់​ទៅ​ប្រទេស​អភិវឌ្ឍ​ដែលជា​ប្រភពដើម​នៃ​ទុន​វិញ ដោយសារ​ការ​អាច​ប្រើប្រាស់​ស្វ័យប្រវត្តិកម្ម រ៉ូ​បូត និង​បញ្ញា​និម្មិត​ជំនួស​ឱ្យកម្លាំង​ពលកម្ម​និង​បញ្ញា​មនុស្ស​។ 


 
​លោក ពេ​ជ សោភ័ន បាន​បញ្ជាក់ថា ដើម្បី​ចូលរួម​អនុវត្ត និង​ឆ្លើយតប​ទីផ្សារការងារ​បច្ចេកវិទ្យា ដើម្បីឱ្យ​សម្រេច​ជោគជ័យ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឆ្នាំ​២០១៩-២០២៣ ដែល​បានកំណត់ «​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​អប់រំ​បណ្តុះបណ្តាល បច្ចេកទេស និង​វិជ្ជាជីវៈ​» ជា​យុទ្ធសាស្ត្រ​គន្លឹះ​មួយ ដើម្បី​កសាងបាន​នូវ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​វិជ្ជាជីវៈ​ច្បាស់លាស់ គំនិត​ឆ្នៃប្រឌិត និង​ភាព​ប្រកួតប្រជែង​ខ្ពស់ និង​សម្រេច​ឱ្យបាន​នូវ​គោលដៅ «​យុវជន​ម្នា​ក់មាន​ជំនាញ​មួយ​យ៉ាងតិច​ប្រចាំជីវិត​»​។​


 
​ជាមួយគ្នានេះ រាជរដ្ឋាភិបាល​បាន​បង្កើត​ក្របខណ្ឌ​គុណវុឌ្ឍិ​ជាតិ​កម្ពុជា ដាក់ឱ្យអនុវត្ត​កម្មវិធី​បណ្ដុះបណ្ដាល​ថ្មី​ផ្អែកលើ​សមត្ថភាព​សម្រាប់​គុណវុឌ្ឍិ​ជាតិ​កម្រិត ១, ២, ៣ និង ៤ សម្រាប់ ៥​វិស័យ រួមមាន សំណង់ មេកា​និក ធុរកិច្ច​/ICT អគ្គិសនី និង​កម្មន្តសាល ព្រមទាំង​រៀបចំ​ដាក់ឱ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​ធ្វើតេស្ត​សមត្ថភាព និង​ផ្តល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ការសិក្សា​ពីមុន ដែល​នឹងធ្វើ​សមាហរណកម្ម​អ្នក​បានទទួល​ការបណ្តុះបណ្តាល​គ្រប់​ប្រភេទ​ទាំង​មុន និង​ក្រោយ​ចូលធ្វើ​ការងារ និង​ទាំង​ក្នុង​ប្រព័ន្ធ និង​ក្រៅ​ប្រព័ន្ធ​។​


 
​ដោយឡែក ក្នុង​រយៈពេល​៥​ឆ្នាំ​ចុង​ក្រោយនេះ មាន​សិក្ខាកាម សិស្ស និស្សិត និង​កម្មករនិយោជិត​ជាង​២០​ម៉ឺន​នាក់ បានទទួល​កា​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ រយៈពេល​ខ្លី​-​វែង និង​ការហ្វឹកហ្វឺន​កូនជាង​លើ​មុខជំនាញ​ឧស្សាហកម្ម ពា​ណិ​ជ្ជា​កម្ម បច្ចេកទេស សិប្បកម្ម សេវាកម្ម​ទេសចរណ៍ និង​កសិកម្ម​៕




 

 

Tag:
 ជាតិ​
  សង្គម​
  អប់រំ​
 ​បច្ចេកវិទ្យា​
  ឌីជីថល​
© រក្សាសិទ្ធិដោយ thmeythmey.com