ជាតិ
វីដេអូ
២៥ខេត្ត/រាជធានី
អ្នកស្រី សែម ភា ប្រាប់​ពី​របៀប​ធ្វើ​ជី​ទឹកធម្មជាតិ​
16, Jun 2019 , 7:29 pm        
រូបភាព
​កណ្ដាល​៖ អ្នកស្រី សែម ភា គឺជា​កសិករ​មួយរូប​ដែល​ផ្លាស់ប្ដូរ​ពី​ការដាំ​បន្លែ​ដោយ​បាញ់ថ្នាំ​គីមី​ពុល ទៅ​ដាំ​បន្លែ​បែប​ធម្មជាតិ​វិញ​។ ដោយសារ​ទទួលបាន​ចំណេះ​ពី​ឪពុក​ផង និង​រៀន​ពី​គ្រូ​កសិកម្ម​ខ្លះ​ផង អ្នកស្រី ភា បាន​យកចំណេះ​ទាំង​នោះមក​បញ្ចូល​គ្នា ដើម្បី​ធ្វើ​ជី​ទឹកធម្មជាតិ​ងាយៗ សម្រាប់​បាញ់​បន្លែ​។​




​ស្ត្រី​កសិករ​រូបនេះ​អះអាងថា ជី​ទឹក​នេះ​ជា​ប្រភេទ​ជី​បំប៉ន ហើយ​វា​ក៏​អាច​កម្ចាត់​សត្វល្អិត​បំផ្លាញ​បន្លែ​បាន​ខ្លះ​ផងដែរ​។ 

​គ្រឿងផ្សំ​ក្នុងការ​ធ្វើ​ជី​ទឹកធម្មជាតិ​រួមមាន​៖
 
-​ ​ផ្លែ​ល្ពៅ​
-​ ​ម្នាស់​
-​ ​ចេកទំ 
-​ ​ក្បាល​ត្រី​
-​ ​ខ្យង​
-​ ​ទឹកមូត្រ​
-​ ​ពាង​១(​ធំ​ឬ​តូច​អាស្រ័យ​ចំនួន​គ្រឿងផ្សំ​)​។​
 
​យក​គ្រឿងផ្សំ​ខាងលើ​កាត់​ជា​បំណែក រួច​ដាក់​ចូលក្នុង​ពាង​តែមួយ រួច​ចាក់ទឹក​ឱ្យ​លិច​។ ត្រូវ​គ្របពាង​ឱ្យ​ជិត និង​ដាក់​នៅក្នុង​ម្លប់ ឬ​នៅក្រោម​ដើមឈើ​។ ជាពិសេស​ត្រូវ​ឧស្សាហ៍​កូរ​គ្រឿងផ្សំ​ទាំងនោះ​ចូលគ្នា​រួច ត្រូវ​ត្រាំ​រយៈពេល​មួយខែ ឬ​ត្រាំ​ឱ្យ​គ្រឿងផ្សំ​ទាំងនោះ​រលួយ​។ ក្រោយ​ត្រាំ​គ្រឿងផ្សំ​ទាំងនោះ​បាន​១​ខែ ត្រូវ​ច្រោះ​យកតែ​ទឹក​ប៉ុណ្ណោះ​។ កាក​ដែល​នៅសល់ ហើយ​នៅមាន​ជាតិ ត្រូវ​ចាក់ទឹក​ចូល​បន្ថែម ដើម្បី​ធ្វើ​ជី​ទឹក​បន្ត តែបើ​ត្រាំ​អស់​ជាតិ​ហើយ ត្រូវ​បោះចោល​។​
 
​ដំណាក់កាល​បន្ទាប់ យក​ជី​ទឹក​ដែល​បាន​ច្រោះ​រួច​២០​លីត្រ ទៅ​លាយ​ជាមួយ​ថ្នាំជក់​(​ថ្នាំខ្លាំង​) កន្លះ​គីឡូក្រាម និង​លាយ​ជាមួយ​ខ្ទឹមស​១​គីឡូក្រាម ដែល​បុក​ហ្មត់​រួចហើយ​។ ត្រូវ​ត្រាំ​គ្រឿងផ្សំ​ទាំង​៣​មុខ​នេះ រយៈពេល​១០​ថ្ងៃ​។ បន្ទាប់ពី​ត្រាំ​ហើយ ត្រូវ​ច្រោះ​ជី​ទឹក​នេះ​ម្ដងទៀត ដោយ​មិនឱ្យ​សល់​កាក​ទាល់តែសោះ​។ បន្ទាប់មក​អាច​យកទៅ​ប្រើប្រាស់​បាន​។​
 
​វិធី​ប្រើ​នោះ គឺ​ត្រូវយក​ជី​ទឹក​កន្លះ​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​២០​លីត្រ រួច​យកទៅ​បាញ់​បន្លែ​។ ជី​ទឹក​នេះ​អាច​បាញ់​បន្លែ​ស្លឹក ដូចជា​ស្ពៃ​គ្រប់​ប្រភេទ ដំណាំ​ជី​គ្រប់​ប្រភេទ និង​ត្រប់ ជាដើម​។ ចំពោះ​បន្លែ​ស្លឹក​ដូចជា​ស្ពៃ ត្រូវ​បាញ់​តែ​២​លើក​ប៉ុណ្ណោះ​។ លើកទីមួយ​បាញ់​ពេល​ស្ពៃ​មាន​អាយុ​១៥​ថ្ងៃ​។ លើក​ទី​២​បាញ់​ពេល​ស្ពៃ​មាន​អាយុ​ប្រហែល​២០​ថ្ងៃ ឬ​២៥​ថ្ងៃ​។ 
 
​អ្នកស្រី សែម ភា បញ្ជាក់ថា ជី​ទឹក​នេះ​មិនអាច​បាញ់​បន្លែ​ស្ពៃ នៅ​អាយុ​តិចជាង​១៥​ថ្ងៃ​បានឡើយ​។ «​បើ​យើង​បាញ់​ពេល​ស្ពៃ​មាន​អាយុ​តិចពេក ឬ​ដើម​នៅ​តូច​ពេក វា​ធ្វើឱ្យ​ស្លឹក​វា​ស្លោក​មិនល្អ​ទៅវិញ​ទេ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់​អ្នកស្រី ភា​។​
 
​សូមបញ្ជាក់ថា នេះ​គ្រាន់តែ​ជា​វិធីសាស្ត្រ​ធ្វើ​ជី​ទឹកធម្មជាតិ តាម​បទពិសោធ​របស់​អ្នកស្រី សែម ភា តែប៉ុណ្ណោះ​៕
 

Tag:
 ជី​ទឹកធម្មជាតិ​
  កសិកម្ម​
  បន្លែ​
  សែម ភា​
© រក្សាសិទ្ធិដោយ thmeythmey.com