អន្តរជាតិ
ភរិយា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ត្រូវ​ចោទ​ពីបទ​រៀបចំ​អាហារ​ដោយ​ចាយលុយ​រដ្ឋ​ខុស​គោលដៅ​
16, Jun 2019 , 4:48 pm        
រូបភាព
ដោយ: ថ្មីៗ
​តុលាការ​អ៊ីស្រាអែល នា​ថ្ងៃអាទិត្យ ទី​១៦ ខែមិថុនា បាន​ចោទប្រកាន់​ភរិយា​លោកនាយក​រដ្ឋមន្ត្រី Benjamin Netanyahu ពីបទ​ប្រើប្រាស់​ថវិការដ្ឋ​មិន​ត្រឹមត្រូវ ទាក់ទង​នឹង​ការចំណាយ​ទិញ​អាហារ​។ នេះ​បើតាម​ការផ្សាយ​របស់ The Times of Israel​។

 
​កាលពី​ឆ្នាំមុន លោកស្រី Sara Netanyahu និង​អតីតមន្ត្រី​ម្នាក់​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី ត្រូវបាន​គេ​រកឃើញថា បាន​ចំណាយលុយ​រដ្ឋ​ប្រមាណ​១០០ ០០០​ដុល្លារ​អាមេរិក​លើ​ការទិញ​អាហារ​។ ប៉ុន្តែ​ចំនួន​នេះ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​៥០ ០០០ ប៉ុន្តែ​រដ្ឋ​ទាមទារ​ឲ្យ​គ្រួសារ Netayahu សង​វិញ​។​
 
​ជាទូទៅ អ្នក​ដែល​បម្រើការ​នៅ​ការិយាល័យ ឬ​គ្រួសារ​នាយករដ្ឋមន្ត្រី មិនមាន​សិទ្ធិ​រៀបចំ​ម្ហូបអាហារ​ដោយ​ខ្លួនឯង​នោះឡើយ នៅពេល​មាន​វត្តមាន​ចុងភៅ​។ ប៉ុន្តែ​លោកស្រី Sara និង​លោក Ezra Saidoff អតីត​នាយខុទ្ទកាល័យ​រងការិយាល័យ​នាយករដ្ឋមន្ត្រី បាន​ល្មើស​ជា​បន្តបន្ទាប់​ចន្លោះ​ពី​ខែកញ្ញា ឆ្នាំ​២០១០ ដល់​ខែមីនា ឆ្នាំ​២០១៣​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ អ្នកស្រី Sara ក៏​មិន​ទទួលរង​នូវ​ការពិន័យ​ធ្ងន់ធ្ងរ​នោះដែរ ដោយ​តុលាការ​តម្រូវ​ឲ្យ​បង់​តែ​១៥ ២១០​ដុល្លារ​អាមេរិក ចូល​រដ្ឋ​វិញ​តែប៉ុណ្ណោះ​។ រីឯ​លោក Saidoff ត្រូវ​រាយការណ៍​ថា យល់ព្រម​សង​រដ្ឋ​វិញ​នូវ​ទឹកប្រាក់​២៧៦៥​ដុល្លារ​អាមេរិក​៕
 

Tag:
 ​អ៊ីស្រាអែល​
© រក្សាសិទ្ធិដោយ thmeythmey.com