ការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា​គំរាមកំហែង​ពិភព​ការងារ​
អន្តរជាតិ
ការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា​គំរាមកំហែង​ពិភព​ការងារ​
18, Jun 2019 , 8:19 am        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
ដោយ: VOA
​ហ្សឺ​ណែវ ៖ ក្នុងឋានៈ​លោក​ជា​សហប្រធាន​នៃ​គណៈកម្មការ​សាកល​អំពី​អនាគត​ពលកម្ម លោក​ប្រធានាធិបតី Cyril Ramaphosa នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង​បាន​ពិនិត្យមើល​បញ្ហា​នេះ​កាលពី​១៨​ខែ​មុននេះ​។ របាយការណ៍​ដែល​គួរកត់សម្គាល់​របស់​គ​ណៈ​កម្ម​ការ​នេះ​ដែល​បាន​ត្រូវ​ចេញ​ផ្សព្វផ្សាយ​កាលពី​ខែមករា​បាន​ត្រូវ​លើក​យកទៅ​ជជែក​ដេញដោល​គ្នា និង​ត្រូវ​ពិចារណា​ដើម្បី​ធ្វើការ​អនុម័ត​នៅក្នុង​សន្និសីទ​នៃ​អង្គការ ILO​។​

 
​លោក Ramaphosa បាន​និយាយថា ការគំរាមកំហែង​ដល់​ពលកម្ម​បាន​ត្រូវដាក់​ឱ្យមាន​ដោយ​ការ​ជឿនលឿន​ខាង​បច្ចេកវិទ្យា ការលូតលាស់​នៃ​បច្ចេកវិទ្យា​បញ្ញា​និម្មិត ភាព​ស្វ័យប្រវត្តិ​និង​បច្ចេកវិទ្យា​រូបយន្ត​តម្រូវឱ្យមាន​ការឆ្លើយតប​ដែល​ផ្តោតទៅលើ​មនុស្ស​។ លោក​បាន​ថ្លែងថា​ការណ៍​នេះ​មាន​ទាក់ទិន​នឹង​ការវិនិយោគ​ក្នុង​ពលកម្ម​សមរម្យ​និង​អាច​គាំទ្រ​បាន​។​
 
​លោក​ថ្លែងថា​៖ «​ក្នុងឋានៈ​ជា​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក យើង​មានការ​ប្តេជ្ញា​ជាពិសេស​ថា នឹង​ធ្វើឱ្យ​ប្រាកដប្រជា​ថា​ការធ្វើ​វិនិយោគ​នេះ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការបង្កើត​ឱកាស​សេដ្ឋកិច្ច​សម្រាប់​ពួក​មនុស្ស​វ័យក្មេង​...​យុវជន​ច្រើន​នាក់​នៅក្នុង​ទ្វីប​យើង​គ្មាន​ការងារ​ធ្វើ​ទេ​ហើយ​ខ្វះ​ការ​ប៉ិនប្រសប់​សំខាន់ៗ​ដែល​ទាមទារ​ឱ្យមាន​ដោយ​កន្លែងធ្វើការ​នៅពេល​បច្ចុប្បន្ន និង​ក្នុង​ពេលអនាគត​»​។​
 
​គណៈកម្មការ​នេះ​ស្នើការ​ធានារ៉ាប់រង​ពលកម្ម​សាកល​មួយ​ដែលមាន​រួមបញ្ចូល​សិទ្ធិ​ខាង​ការរៀនសូត្រ​មួយជីវិត​និង​ការហ្វឹកហ្វឺន​ខាង​ការ​ប៉ិនប្រសប់​។ លោក Dmitry Medvedev នាយករដ្ឋមន្ត្រី​នៃ​សហព័ន្ធ​រុស្សី​មានការ​យល់ព្រម​ជាទូទៅ​ជាមួយ​អនុសាសន៍​នៃ​គណៈកម្មការ​នេះ​។​
 
​ក៏ប៉ុន្តែ​លោក​បាន​ព្រមាន​អំពី​ការគំរាមកំហែង​ឯទៀតៗ​ដល់​ពលកម្ម​និង​ស្ថិរភាព​សេដ្ឋកិច្ច​សាកល​។ លោក​បាន​និយាយ​តាមរយៈ​អ្នកបកប្រែ​ភាសា​ម្នាក់​។​
 
​លោក​ថ្លែងថា​៖ «​យើង​រស់នៅក្នុង​ពិភពលោក​មួយ​មាន​សាកលភាវូបនីយកម្ម​និង​និយតកម្ម​នៃ​ទំនាក់ទំនង​ខាង​ពលកម្ម​ត្រូវការ​ឱ្យមាន​គោលការណ៍​ដូចគ្នា​និង​ស្មើគ្នា​ខ្លះ​...​ហើយ​ការដាក់ទណ្ឌកម្ម​ដោយ​ខុសច្បាប់​, ការការពារ​ផលិតកម្ម​ក្នុងប្រទេស​, សង្គ្រាម​ពាណិជ្ជកម្ម និង​របាំង​សិប្បនិម្មិត​ឯទៀតៗ​មាន​ផលប៉ះពាល់​អវិជ្ជមាន ក្នុងចំណោម​អ្វី​ឯទៀតៗ ដល់​ផ្សារ​ការងារ​និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងអស់​ជាទូទៅ​»​។​
 
​លោកស្រី​អធិការបតី Angela Merkel នៃ​ប្រទេស​អាល្លឺម៉ង់​សរសើរ​អង្គការ​ពលកម្ម​ពិភពលោក​អំពី​ការងារ​ដែល​អង្គការ​នេះ​បានធ្វើ​ក្នុង​រយៈពេល​ជាង​១០០​ឆ្នាំ​កន្លងទៅនេះ​ក្នុង​ការខិតខំ​ព្យាយាម​ធ្វើ​ពិភព​ពលកម្ម​ឱ្យទៅជា​កន្លែង​មួយ​មាន​យុត្តិធម៌​ជាង​មុន​។ ក៏ប៉ុន្តែ​លោកស្រី​បាន​មានប្រសាសន៍​បន្ថែមថា​មាន​កិច្ចការ​ច្រើន​ត្រូវធ្វើ​ថែមទៀត​ដើម្បី​បង្កើត​ស្ថានភាព​ការងារ​សមរម្យ​សម្រាប់​មនុស្ស​គ្រប់ៗ​គ្នា​។​
 
​លោកស្រី Merkel បាន​មានប្រសាសន៍​តាមរយៈ​អ្នកបកប្រែ​ភាសា​ម្នា​ក់ថា​៖ «​នៅក្នុង​ពិភពលោក​នេះ​ដែលមាន​ការរួមបញ្ចូល​គ្នា​និង​ការភ្ជាប់​ការទាក់ទង​គ្នា​ជិតស្និទ្ធ យើង​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ច្រើនជាង​មុន​ដើម្បី​កែប្រែ​ការលូតលាស់​សេដ្ឋកិច្ច​ឱ្យទៅ​ជាការ​ជឿនលឿន​ខាង​សង្គម​ដែល​នៅក្នុង​នោះ​មនុស្ស​គ្រប់គ្នា​ចូលរួម​ផងដែរ​...​វា​ហាក់ដូច​ជាមាន​និន្នាការ​បញ្ច្រាស​មួយ​។​សកលភាវូបនីយកម្ម​បាន​បង្កើតឱ្យមាន​មនុស្ស​សំបូរ​ធនធាន​ច្រើន​នាក់​ណាស់ ក៏ប៉ុន្តែ​អយុត្តិធម៌​ក្នុងសង្គម​និង​ភាពមិន​ស្របគ្នា​ដោយ​អន្លើ​ហាក់ដូច​ជាមាន​ខ្លាំង​ឡើងៗ​»​។​
 
​លោកស្រី Merkel បាន​មានប្រសាសន៍ថា មាន​វិធី​ជាច្រើន​នាំទៅ​កាន់​គោលដៅ​នៃ​ស្ថានភាព​ការងារ​សមរម្យ​សម្រាប់​ឱ្យមាន​ជីវភាព​ល្អ ក៏ប៉ុន្តែ​មាន​មនុស្ស​ច្រើន​នាក់​បាន​ត្រូវ​ផាត់​ចេញពី​ស្ថានភាព​ទាំងនេះ​។ លោកស្រី​បាន​មានប្រសាសន៍ថា​មាន​កិច្ចការ​ច្រើន​ដែល​អង្គការ ILO ត្រូវធ្វើ​ក្នុង​រយៈពេល​១០០​ឆ្នាំ​ខាងមុខ​៕

© រក្សាសិទ្ធិដោយ thmeythmey.com