ជាតិ
សង្គមជាតិ
សម្ដេច ស ខេង ប្រតិកម្មនឹងការទិតៀនថា រដ្ឋាភិបាលចាប់បានតែអ្នកជួញដូរគ្រឿងញៀនតូចតាច
17, Jun 2019 , 1:44 pm        
រូបភាព
ដោយ:
ឧបនាយករដ្ឋមន្រ្តី សម្ដេច ស ខេង បានប្រតិកម្មនឹងមតិទិតៀនថា រដ្ឋាភិបាលបង្រ្កាបបានតែអ្នកជួញដូរគ្រឿងញៀនតូចតាចប៉ុណ្ណោះ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះបានឆ្លើយតប វិញថា រដ្ឋាភិបាលបានចាប់ខ្លួនមេខ្លោងជួញដូរគ្រឿងញៀន មិនតិចនោះទេ។



សូមស្ដាប់ប្រសាសន៍សម្ដេច ស ខេង ៖



ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តបាត់ដំបងអាណត្តិទី៣ នៅថ្ងៃទី១៧ខែមិថុនា សម្ដេច ស ខេង លើកឡើងថា រដ្ឋាភិបាលបានខិតខំបង្រ្កាបករណីជួញដូរគ្រឿងញៀនធំៗ ដែលផ្ទុយពីការទិតៀន។ សម្ដេចថ្លែងយ៉ាងដូច្នេះថា៖«យើងកំពុងតែខិតខំដើម្បីបង្រ្កាប ហើយត្រូវរួមគ្នាឲ្យមានការចូលរួម និងគាំទ្រ មិនអាចគ្រាន់ចាំទិតៀន ចាំថានោះទេ ឥឡូវធ្វើទាំងអស់គ្នា។ ថាចាប់បានតែតូចតាច មិនឃើញចាប់មេខ្លោង ខ្ញុំចង់តែធ្វើបញ្ជីជូន អ្នកដែលត្រូវចាប់ដាក់គុកសព្វថ្ងៃនេះ មេខ្លោងមិនស្ទើរនោះទេ»។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានគូសបញ្ជាក់ថា រដ្ឋាភិបាលកំពុងប្រើវិធានការបង្រ្កាបករណីគ្រឿងញៀនខ្ទប់គ្នា ដោយបង្រ្កាបការជួញដូរទាំងក្នុង និងក្រៅនៃកន្លែងប្រើប្រាស់គ្រឿងញៀនធំៗ ដូចជាក្លឹបកម្សាន្ត ខារ៉ាអូខេ ។ ទោះយ៉ាងណា សម្ដេច ស ខេង អះអាងថាអ្នកជួញដូរគ្រឿងញៀនធំៗមួយចំនួនទៀត មិនទាន់ត្រូវបានបង្រ្កាបនៅឡើយ។ «មេខ្លោងមិនស្ទើរនោះទេដែលយើងចាប់បាន តែនៅទៀត ខ្ញុំមិនថាអស់នោះទេ»។ សម្ដេច ស ខេង មានប្រសាសន៍បែបនេះ មុននឹងថ្លែងបន្តដូច្នេះទៀតថា៖«តែមេខ្លោងធំមែនទែន គឺមិនមែននៅស្រុកខ្មែរនោះទេ អ្នកផលិត អ្នកចែកចាយហូរហែមក ជួនកាលវាបញ្ជា ព្រោះទឹកដីពិភពលោកមានធំអ្វីឥឡូវនេះ បញ្ជាតែ២នាទីហ្នឹងបានហើយ»។

មកទល់សព្វថ្ងៃនេះ រដ្ឋាភិបាលនៅតែទទួលរងការរិះគន់ពីសង្គមស៊ីវិល ក៏ដូចជាប្រជាពលរដ្ឋ ដែលថាការបង្រ្កាបករណីគ្រឿងញៀនមិនទាន់ឆ្លើយតបនឹងបញ្ហាសង្គមដ៏ធំមួយនេះដែលបានរាលដាលដល់ចុងកាត់មាត់ញក ទៅហើយនោះ។ តែយ៉ាងណាក្នុងរយៈពេលថ្មីៗនេះ ការបង្រ្កាបករណីគ្រឿងញៀនក្នុងក្លិបកម្សាន្តធំៗ ដូចជាមជ្ឈមណ្ឌលរ៉កជាដើម ដែលនាំឲ្យមានការបិទទីតាំង និងវែកមុខអ្នកជាប់ពាក់ព័ន្ធក្នុងរឿងនេះ ទទួលបានការសាទរពីសាធារណជនទូទៅ៕

Tag:
 ស ខេង
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com