កីឡាជាតិ
ជាតិ
វិសាខា​ចាញ់​អាស៊ី​អឺរ៉ុប ៣-១ ខណៈ​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ សូល​ទី​ឡូ​អង្គរ​ទទួលបាន​៣​ពិន្ទុ​
17, Jun 2019 , 2:42 pm        
រូបភាព
សកម្មភាពប្រកួតរវាងក្រុមអង្គរថាយហ្គឺរជាមួយក្រុមគីរីវង់សុខសែនជ័យនៅកីឡដ្ឋានខេត្តសៀមរាប
សកម្មភាពប្រកួតរវាងក្រុមអង្គរថាយហ្គឺរជាមួយក្រុមគីរីវង់សុខសែនជ័យនៅកីឡដ្ឋានខេត្តសៀមរាប
ដោយ:
​ក្រុមបាល់ទាត់​វិសាខា​បាត់បង់​៣​ពិន្ទុ​លើទឹក​ដី​ខ្លួន ក្រោយ​ចាញ់​អាស៊ី​អឺរ៉ុប​ក្នុង​លទ្ធផល ៣-១ នា​ជំនួប​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ កាលពី​ថ្ងៃទី​១៦ មិថុនា​។ បរាជ័យ​លើក​ទី​៤​នេះ ធ្វើ​ឲ្យ​វិសាខា​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ពី​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយរៀង​។ សម្រាប់​ជំនួប​កាលពី​ថ្ងៃអាទិត្យ​នោះដែរ ក្រុម​បឹងកេត អង្គ​រថា​យ​ហ្គឺ​រ និង​សូល​ទី​ឡូ​អង្គរ​ទទួលបាន​៣​ពិន្ទុ​រៀងៗ​ខ្លួន ដើម្បី​ពង្រឹង​ទីតាំង​ដែល​ខ្លួន​កំពុង​ឈរ​។​

 
​នា​ជំនួប​នៅ​កីឡដ្ឋាន​វិសាខា ក្រុម​ម្ចាស់ផ្ទះ​វិសាខា​ចាយ​ពេល​តែ​៨​នាទី​ប៉ុណ្ណោះ ក្នុង​ការរក​គ្រាប់​បាល់​នាំមុខ ១-០ លើ​ភ្ញៀវ​អាស៊ី​អឺរ៉ុប ដែល​រកបាន​ដោយ​កីឡាករ អ៊ិន សូ​ដា​វីដ​។ ប៉ុន្តែ​ភាពសប្បាយ​រីករាយ​រប​ស់​អ្នកគាំទ្រ​ក្រុម​ម្ចាស់ផ្ទះ​ត្រូវបាន​រសាត់​ទៅវិញ​នៅ​២​នាទី​បន្ទាប់ ក្រោយ​កីឡាករ Coulibali Abdel Kader រក​គ្រាប់​បាល់​តាម​ស្មើ ១-១ ឲ្យ​ក្រុម​ភ្ញៀវ​។ ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​តង់​ទី​១​។ 
 
​ក្តីសង្ឃឹម​សម្រាប់​ភ្ញៀវ​អាស៊ី​អឺរ៉ុប​បានកើត​ឡើងជា​ថ្មី បន្ទាប់ពី​ខ្សែប្រយុទ្ធ Ajayi Opeyeni Korede សម្រេច​គ្រាប់​បាល់​នាំមុខ ២-១ នៅ​នាទី​ទី​៧៥ មុន​រូបគេ​បន្ថែម​មួយទៀត ដើម្បី​នាំ​ជ័យជម្នះ ៣-១ ឲ្យ​អាស៊ី​អឺរ៉ុប​លើ​ម្ចាស់ផ្ទះ​វិសាខា​។ ជ័យជម្នះ​នេះ​មិនអាច​ជួយ​ឲ្យ​ក្រុម​នេះ​រំកិល​ចំណាត់ថ្នាក់​ឡើយ ដោយ​បន្ត​ឈរ​លេខ​រៀង​ទី​៨​មាន​១៦​ពិន្ទុ ជាមួយ​កំណត់ត្រា​ឈ្នះ​៥ ស្មើ​១ និង​ចាញ់​៥​។ 
 
​វា​ជា​បរាជ័យ​លើក​ទី​៤​សម្រាប់​វិសាខា ហើយ​បរាជ័យ​នេះ​មិន​បានធ្វើ​ឲ្យ​វិសាខា​ធ្លាក់​ចំណាត់ថ្នាក់​នោះទេ ដោយ​បន្ត​ឈរ​លេខ​រៀង​ទី​៥​រក្សា​១៩​ពិន្ទុ​។ ប៉ុន្តែ​វា​ធ្វើ​ឲ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​សម្រាប់​ក្រុម​នេះ ជាមួយ​ក្រុម​កំពូល​តារាង​ព្រះខ័ន​រាជ​ស្វាយ​រៀងរហូត​១០​ពិន្ទុ​។ ព្រះខ័ន​រាជ​ស្វាយរៀង​បន្ត​គ្រង​កំពូល​តារាង​ប្រចាំ​សប្តាហ៍​ទី​១១​មាន​២៩​ពិន្ទុ​ជាមួយ​កំណត់ត្រា​មិន​ស្គាល់​ចាញ់ គឺ​ឈ្នះ​៩ និង​ស្មើ​២​។ 
 
​នៅ​កីឡដ្ឋាន​អគ្គិសនី​កម្ពុជា ក្រុម​បឹងកេត​បាន​ប្រើពេល​១៤​នាទី​ដើម្បី​សម្រេច​គ្រាប់​បាល់​នាំមុខ ១-០ លើ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ តាមរយៈ​ការទា​ត់បាល់​ពិន័យ​១១​ម៉ែត្រ​របស់​ខ្សែប្រយុទ្ធ Purcino Luiz Eduardo​។ ប៉ុន្តែ​នៅ​នាទី​ទី​៣១ ខ្សែប្រយុទ្ធ​អាហ្វ្រិក​ខាងត្បូង Booysen Shane ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​បានសម្រេច ដើម្បី​តាម​ស្មើ ១-១ ឲ្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។ 
 
​ភាពសប្បាយ​រីករាយ​ក៏បាន​កើតឡើង​ម្តងទៀត​សម្រាប់​បឹងកេត បន្ទាប់ពី​កីឡាករ​ជប៉ុន Mizuno Hikaru សម្រេច​គ្រាប់​ទី​២​នៅ​នាទី​ទី​៧៦​។ ទោះបី​មានការ​វាយ​សម្រុក​គ្នា​ទៅវិញទៅមក តែ​ក្រុម​ទាំងពីរ​បាន​រក្សា​លទ្ធផល​នេះ​រហូត​ចប់​ការប្រកួត​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​បឹងកេត​ទទួលបាន​៣​បន្ថែម ដើម្បី​ពង្រឹង​ទីតាំង​លេខ​៤​ដោយមាន​២៣​ពិន្ទុ ដែលមាន​គម្លាត​ពី​កំពូល​តារាង​៦​ពិន្ទុ​។ 
 
​ចំណែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប ម្ចាស់ផ្ទះ​អង្គ​រថា​យ​ហ្គឺ​រ​បាន​យកឈ្នះ​ភ្ញៀវ​គីរីវង់​សុខ​សែន​ជ័យ​ក្នុង​លទ្ធផល ២-០ ដើម្បី​បាន​៣​ពិន្ទុ​ពង្រឹង​ទីតាំង​លេខ​៣ ដោយមាន​២៤​ពិន្ទុ​។ កីឡាករ Ramos Alexis Damian និង OkereKe Timothy Chiemerie ជា​អ្នកសម្រេច​គ្រាប់​ឲ្យ​ក្រុម​ម្ចាស់ផ្ទះ​។ ក្រុម​អង្គ​រថា​យ​ហ្គឺ​រ​បាន​បញ្ជាក់ថា ពួកគេ​នឹង​យក​ថវិកា​ទាំងអស់ ដែល​បានមកពី​ការលក់​សំបុត្រ​ក្នុងការ​ប្រកួត​នេះ យកទៅ​បរិច្ចាគ​ជូន​មន្ទីរពេទ្យ​កុមារ​អង្គរ​។ 
 
​ដោយឡែក​ការប្រកួត​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ដែល​កំពង់ចាម​យក​ធ្វើជា​ទឹកដី ក្រុម​សូល​ទី​ឡូ​អង្គរ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​ក្នុង​លទ្ធផល ៦-០ លើ​ក្រុម​កំពង់ចាម​។ ជ័យជម្នះ​នេះ​ជួយ​ឲ្យ​ក្រុម​មាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាប​មួយ​នេះ បន្ត​ឈរ​លេខ​រៀង​ទី​៩​ដោយមាន​១៥​ពិន្ទុ​។ គ្រាប់​បាល់​របស់​សូល​ទី​ឡូ​អង្គរ​រកបាន​ដោយ​កីឡាករ លី ម​ស្លី​ម ពីរ​គ្រាប់ និង​រួមចំណែក​ម្នាក់​១​គ្រាប់​ពី Kento Fujihara កែវ សុខ​ផល ស៊ុ​ក វ​ឌ្ឍ​នា និង Fumiya Kogure៕       


 
 

Tag:
 ​វិសាខា​
  Cambodian League 2019
© រក្សាសិទ្ធិដោយ thmeythmey.com